ភ្នំពេញ៖ ប្រជាពលរដ្ឋទូទាំងប្រទេស បានសាទរនៅពេលដែលឮដំណឹងថា រាជ រដ្ឋាភិបាលបានសម្រេចបព*ា្ឈប់ការផ្ដល់ សិទ្ធិទៅឱ្យក្រុមហ៊ុន សុខ គង់ ក្នុងការ ប្រមូលថវិកាពីការលក់សំបុត្រឱ្យជន បរទេសចូលទស្សនាប្រាសាទអង្គរវត្ដ ។ រួមទាំងគណបក្សប្រឆាំងផងយល់ថា ចំណាត់ការរបស់សម្ដេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ពិតជាត្រឹម ត្រូវណាស់នៅពេលនេះ ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដី ការគណៈរដ្ឋមន្ដ្រីបានមានប្រសាសន៍ នៅព្រឹកថ្ងៃសុក្រនេះថា សម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន បានសម្រេចបញ្ឈប់ ការផ្ដល់សិទ្ធិឱ្យក្រុមហ៊ុន សុខ គង់ ក្នុង ការប្រមូលថវិកាពីការលក់សំបុត្រនៅ ប្រាសាទអង្គរវត្ដ ។ លោកបញ្ជាក់ថា សម្ដេចតេជោបានសម្រេចយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រី ។ មិនមែនត្រឹមតែជាការដកសិទ្ធិបញ្ចប់ កុងត្រាប៉ុណ្ណោះទេ ប៉ុន្ដែនេះគឺជាផ្នែក មួយនៃកំណែទម្រង់ដែលការសម្រេច នេះនឹងចូលជាធរមានចាប់ពីដើមឆ្នាំ ២០១៦នេះតទៅ ។ បើតាមលោក ផៃ ស៊ីផាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេច បង្កើតគ្រឹះស្ថានសាធារណៈដើម្បីធុរកិច្ច គ្រប់គ្រងរមណីយដ្ឋានបេតិកភណ្ឌអង្គរ វត្ដដែលមានក្រសួងទេសចរណ៍ និង ក្រសួងសេដ្ឋកិច្ចជាអ្នករៀបចំគណៈកម្ម ការមួយ ។
មន្ដ្រីគណបក្សប្រឆាំង និងអង្គការ សង្គមស៊ីវិលសាទរចំពោះចំណាត់ការ នេះ ។ លោក យ៉ែម បុញ្ញាឫទ្ធិ ប្រធាន គណៈកម្មការទី៧នៃរដ្ឋសភាក៏ដូចជា លោក សុន ឆៃ អនុប្រធានគណៈកម្មការ ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋ សភាបានសាទរចំពោះចំណាត់ការនេះ ។ រីឯលោក សន ជ័យ តំណាងសម្ព័ន្ធគណ នេយ្យភាពសង្គមប្រចាំអាស៊ីបូព៌ា-ប៉ាស៊ី ហ្វិកក៏បានគាំទ្រចំពោះចំណាត់ការរបស់ រាជរដ្ឋាភិបាលនៅពេលនេះដែរ ។ ទាំង សង្គមស៊ីវិល ទាំងគណបក្សប្រឆាំងនៅ វេលានេះយល់ឃើញថា ការសម្រេចដក យកប្រាសាទអង្គរវត្ដមកគ្រប់គ្រងដោយ រាជរដ្ឋាភិបាលគឺជាការសម្រេចដ៏ត្រឹម ត្រូវមួយ ។
គួរបញ្ជាក់ថា ក្រុមហ៊ុន សុខ គង់ បាន គ្រប់គ្រងចំណូលប្រាសាទអង្គរវត្ដតាំងពី ឆ្នាំ១៩៩៩ ។ ក្រុមមន្ដ្រីគណបក្សប្រឆាំង សង្ស័យថាមានភាពមិនប្រក្រតីក្នុងការ គ្រប់គ្រងហិរញ្ញវត្ថុដោយសារថា ចំនួន អ្នកទេសចរចូលកម្សាន្ដតំបន់ប្រាសាទ អង្គរវត្ដចេះតែកើនឡើងជាដរាប ។ កន្លង មកគេសង្ស័យថា ក្រុមហ៊ុនមានករណី លុបទិន្នន័យអ្នកចូលទស្សនាប្រាសាទ អង្គរវត្ដ ។
យោងតាមលិខិតរបស់អាជ្ញាធរជាតិ អប្សរាកាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ ២០១៤បានឱ្យដឹងថា រាជរដ្ឋាភិបាល សម្រេចជួលឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រង ការប្រមូលចំណូលជំនួសស្ថាប័នរដ្ឋ ដោយសារតែការគ្រប់គ្រងផ្ទាល់ពីស្ថាប័ន រដ្ឋនៅមានប្រសិទ្ធភាពទន់ខ្សោយ ។
ទិន្នន័យរបស់អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ក្នុងរយៈពេល១០ខែឆ្នាំ ២០១៥នេះភ្ញៀវទេសចរបរទេសដែលចូល មកទស្សនាប្រាសាទអង្គរវត្ដមានចំនួន ១.៦៧៧.៣៥២នាក់ដែលមានកំណើន ប្រមាណ២,០៥ភាគរយ បើប្រៀបធៀប នឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៤ ហើយ ចំណូលសរុបមានចំនួន៤៧,៦លានដុល្លារ កើនឡើងប្រហែល០,៦២ភាគរយ បើ ប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ។ ចំណូល ដែលបានមកពីការលក់សំបុត្រសម្រាប់ ភ្ញៀវអន្ដរជាតិនៅឆ្នាំ២០១៤មានចំនួន ៥៩.៣៤២.០០០ដុល្លារ កើនឡើងជាង ១,៦លានដុល្លារបើធៀបទៅនឹងឆ្នាំ ២០១៣ ។
ស្ថាប័នជំនាញរំពឹងថា ភ្ញៀវទេសចរ អន្ដរជាតិនឹងបន្ដកើនឡើងជារៀងរាល់ឆ្នាំ ជាពិសេសនៅតំបន់ប្រាសាទអង្គរវត្ដ ៕
ដោយ៖ ហេង សូរិយា