ខេត្តកណ្តាល៖ ល្បែងភ្នាល់បាល់ជាច្រើនកន្លែង ដូចជាតាមហាងកាហ្វេ ផ្ទះល្វែង និងហាងអ៊ិនធឺណែត ស្ថិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ បានបើកឲ្យលេងយ៉ាងអនាធិបតេយ្យ ដែលក្នុងនោះទីតាំងខ្លះមានទាំងដាក់យីហោទៀតផង តែសមត្ថកិច្ចដូចជាមិនបានដឹង ហើយគ្មានសកម្មភាពទប់ស្កាត់ សោះ ។
បុរសម្នាក់ដែលអះអាងថាគាត់តែងតែចូលចាក់ល្បែងភ្នាល់បាល់ ក្នុងទីតាំងមួយឈ្មោះថា គគីរណេត ដែលមានម្ចាស់ឈ្មោះធឿន បានរៀបរាប់ថា នៅទីតាំងខាងលើ ជារៀងរាល់ថ្ងៃតែងមានទទួលភ្នាល់ចាក់បាល់ ដែលមានមនុស្សជាច្រើនចេញចូលលេងយ៉ាងអាណោចអាធ័ម ។
បុរសដដែលបានបន្ដថា នៅក្នុងផ្ទះរបស់គេ គេមានម៉ាស៊ីន និងប្រដាប់ប្រដាមួយកាំផ្លេ ដើម្បីទទួលការចាក់ភ្នាល់របស់អតិថិជន។ ក្រៅពីនេះ ទីតាំងនោះក៏មានទូហ្គេមបាញ់ត្រី និងមានដាក់តុចាំទទួលភ្ញៀវចូលលេង ដូចជានៅក្នុងកាស៊ីណូអញ្ចឹង។ លើសពីនេះទៀត ទីតាំងខាងលើនេះ ក៏មានកូនចៅដើរចែកក្រដាសកាតុងរបស់គេតាមហាងកាហ្វេ ផ្ទះល្វែង ដល់កន្លែងប្រជុំជនដែលមានមនុស្សប្រមូលផ្ដុំគ្នាទៀតផង ព្រោះគេខ្លាចថា មានអ្នកមិនហ៊ានចូលលេងក្នុងទីតាំងគេ ដោយខ្លាចសមត្ថកិច្ច។ ក្រោយពីទទួលបានកាតុងចាក់ភ្នាល់ ពីកូនកញ្ច្រែងរបស់គេតាមទីតាំងនានាហើយនោះ ទីតាំងគគីរណេត ក៏បញ្ជូនទិន្នន័យរបស់គេទៅស្នាក់ការធំនៅរាជធានីភ្នំពេញ ។
ដោយឡែកប្រភពពីប្រជាពលរដ្ឋផ្សេងទៀតក៏បានឲ្យដឹងដែរថា កាលពីលោកព្រុំ សំណាង នៅជានាយបុស្ដិ៍នគរបាលរដ្ឋបាលគគីរ លោកតែងហៅ ម្ចាស់ទីតាំងចាក់បាល់ កន្ទុយលេខ ជល់មាន បាញ់អាប៉ោង មកធ្វើកិច្ចសន្យាឲ្យបញ្ឍប់សកម្មភាពបើកលេងទាំងនោះ។ ប៉ុន្តែក្រោយមក បន្ទាប់ពីបុស្ដិ៍នគរបាលរដ្ឋបាលគគីរ ត្រូវគ្រប់គ្រងដោយលោកវេង កុសល វិញ គេឃើញកើតមានល្បែងស៊ីសងដូចជា ភ្នាល់ចាក់បាល់ តាមអ៊ីនធឺណែតនេះកើតយ៉ាងពេញទំហឹងនៅតាមហាងកាហ្វេក៍ដូចជានៅតាមស្នាក់ការផ្ទះល្វែង ដោយមិនមានសមត្ថកិច្ចណាមករំខាន ឬក៏ហៅពួកម្ចាស់ទីតាំអមកធ្វើកិច្ចសន្យាម្តងណាឡើយ ដំណើរការបានយ៉ាងរលូន ដូចជាអ្នកតាទទួលសំណែកអញ្ចឹង ។
ទាក់ទិននឹងការចោទប្រកាន់ លោកវេង កុសល នាយបុស្ដិ៍នគរបាលរដ្ឋបាលគគីរ បានប្រាប់អ្នកសារព័ត៌មានថា កាលពីមុនល្បែងភ្នាល់ចាក់បាល់នេះ វាមានភាពស្ងប់ស្ងាត់ តែឥឡូវវាកើតឡើងច្រើនណាស់វារញ៉េរញ៉ៃណាស់ ដែលធ្វើឲ្យលោកពិបាកគ្រប់គ្រង។ ចំណែកលោកអធិការប៉ូលិសស្រុកកៀនស្វាយ ប៉ា សំអិត មិនអាចសុំការទំនាក់ទំនងបានទេនៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ព្រោះគ្មានលេខទូរស័ព្ទ ៕
ដោយ៖ សហការី