ប្រទេសបារាំងបាននិងកំពុងបញ្ជូននាវាចម្បាំងដ៏ធំបំផុតរបស់ខ្លួនឲ្យទៅចូលរួមធ្វើប្រតិបត្តិការប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS ស្ថិតនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់ ។ សកម្មភាពនេះបានកើតឡើង ក្រោយមិនបានរយៈពេលប៉ុន្មានផង ដែលយន្តហោះចម្បាំងបារាំងបានចូលរួមធ្វើប្រតិបត្តិការតាមដែនអាកាសប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមនោះ ។
ប្រទេសបារាំងបាននិងកំពុងធ្វើប្រតិបត្តិការតាមដែនអាកាសប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមស្ថិតនៅក្នុងទឹកដីអ៊ីរ៉ាក់ ដែលជាផ្នែកមួយនៃសម្ពន្ធមិត្តដឹកនាំដោយអាមេរិក កើតឡើងតាំងពីខែកញ្ញា ឆ្នាំ២០១៤ ។ នៅក្នុងខែកញ្ញា ឆ្នាំ២០១៥ យន្តហោះចម្បាំងបារាំងចាប់ផ្តើមប្រតិបត្តិការវាយប្រហារតាមដែនអាកាសនៅក្នុងប្រទេសស៊ីរី ។
នាវាផ្ទុកយន្តហោះចម្បាំងបារាំង Charles de Gaulle ត្រូវបានដាក់ឲ្យប្រតិបត្តិការដើម្បីប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមនោះហើយ ។ មូលដ្ឋានយន្តហោះចម្បាំងបារាំងឈរជើងនៅឈូងសមុទ្រពែក្សចាប់ពីខែកុម្ភៈ រហូតដល់ខែមេសា ឆ្នាំ២០១៥ ។
ប្រទេសបារាំងនៅពេលបច្ចុប្បន្ននេះមានយន្តហោះចម្បាំងប្រទេស Mirage ៦គ្រឿង ឈរជើងនៅ Jordan និងយន្តហោះចម្បាំងប្រភេទ Rafale ៦គ្រឿងទៀតឈរជើងនៅចក្រភពអារ៉ាបដើម្បីធ្វើប្រតិបត្តិការប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS ។
នាវាផ្ទុកយន្តហោះបារាំងនេះអាចផ្ទុកយន្តហោះចម្បាំង៤០គ្រឿង ហើយអាចគាំពារបានការហោះហើរ១០០ជើង ក្នុងមួយថ្ងៃ ។
ប្រធានាធិបតីបារាំង លោក Francois Hollande បានថ្លែងថា ការដាក់ពង្រាយទាំងនោះគឺជាជម្រើសមួយដ៏ល្អស័ក្តិសមបំផុត ដែលធ្វើឲ្យយើងធានាដល់ប្រសិទ្ធភាពជាមួយសម្ពន្ធមិត្តរបស់យើង ។
អាជ្ញាធរបារាំងបានថ្លែងថា យុទ្ធនាការប្រឆាំងទៅលើក្រុមរដ្ឋអិស្លាមតាមដែនអាកាសនោះជាសកម្មភាពការពារខ្លួន ក្រោយពីក្រុមខ្មាន់កាំភ្លើងរដ្ឋអិស្លាមបានសម្លាប់មនុស្ស១៧នាក់ ក្នុងការវាយប្រហារ២លើកនៅទីក្រុងប៉ារីសកាលពីដើមឆ្នាំ២០១៥នេះ ៕
ប្រែសម្រួល៖ ថាច់ យ៉ាត