ភ្នំពេញ៖ នៅរសៀលថ្ងៃទី៦ខែវិច្ឆិកាឆ្នាំ២០១៥ ក្នុងសាលាខណ្ឌព្រែកព្នៅ មានរៀបចំសូត្រមន្តក្នុងពិធីអង្គកឋិនមួយដែលផ្តួចផ្តើមដោយលោក សុខ សម្បត្តិ អភិបាលនៃគណៈអភិបាលខណ្ឌ លោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ក្រុមការងារបក្សចុះជួយខណ្ឌ និង មន្រី្តរាជការ ខណ្ឌព្រែកព្នៅ ទាំងអស់ដើម្បីយកស្បង់ជីពរ បច្ច័យ និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់ត្រីមាស និងកសាងវត្ត ប្រសិទ្ធិរីម៉ារាម ស្ថិតនៅសង្កាត់ពន្សាំង ខណ្ឌ ព្រែកព្នៅ ។
ពិធីនេះបានប្រព្រឹត្តទៅយ៉ាងអធិកអធមដោយមានពុទ្ធបរិស័ទមកពីទីជិតឆ្ងាយចូលរួមសូត្រមន្ត សុំសេចក្តី្តសុខ សេចក្តីចម្រើន អមដោយសំឡេងឆៃយ៉ាំ និងសំឡេងពិណពាទ្យលាន់ឮកងរំពង ។
លុះស្អែកឡើងថ្ងៃ១១រាច ខែអស្សុជ ឆ្នាំមមែ សប្តស័ក ព-ស ២៥៥៩ ត្រូវនឹងថ្ងៃទី៧ ខែវិច្ឆិកា គ-ស ២០១៥ ទើបមានពិធីដង្ហែអង្គកឋិនឆ្ពោះទៅវត្ត ប្រសិទ្ធិរីម៉ារាម និងហែប្រទក្សិណជុំវិញព្រះវិហារចំនួន៣ ជុំ និងប្រគេនត្រៃយ៍ដើម្បីព្រះសង្ឃគ្រងស្បង់ជីពរ ព្រមទាំងប្រគេន បច្ច័យ និងទេយ្យវត្ថុ សម្រាប់ប្រើប្រាស់ និងកសាងវត្ត ជាកិច្ចបង្ហើយបុណ្យ ៕
ដោយ៖ ចាន់ធឿន