ភ្នំពេញ ៖ ស្រាប់តែផ្ទុះដំណឹងខ្លាំងធ្វើឲ្យភ្ញាក់ផ្អើលក្នុងចង្កោមអ្នកសិល្បៈ ក្រោយពីដំណឹងតារាកូនកាត់ខ្មែរថៃ លោក ដែន សក្កដា ធ្លាប់មានមុខរបរជាបុរសលក់ខ្លួន និងជាប្រុសម៉ាស្សានៅប្រទេសថៃ។ ដំណឹងនេះបានធ្វើឲ្យក្រុមគ្រួសារតារារូបនេះប្រតិកម្មខ្លាំងនិងព្យាយាមឲ្យតារារូបនេះបញ្ចប់ការងារសិល្បៈ។
លោក ដែន សក្កដា ប្រាប់ថាដោយសារគេមិនស្គាល់ពីលោកទើបមានដំណឹងនេះតកើតឡើង ហើយលោក ពិតជាអន់ចិត្ត និងខឹងចំពោះការលើកឡើងនេះ។ ការថ្លែងប្រតិកម្មនេះក៏ក្រោយពេលដែលក្រុមគ្រួសារលោកខឹងសម្បារនឹងសារព័ត៌មានក្នុងស្រុកមួយបានសរសេរអំពីថាលោកមានរបរជាអ្នកលក់ខ្លួននិងម៉ាស្សានៅតំបន់ទេសចរណ៍មួយនាប្រទេសថៃ។
តារាប្រុសរូបនេះលើកឡើងថា មិនឲ្យលោកចេញចូលប្រទេសថៃយ៉ាងម៉េចព្រោះក្រុមគ្រួសារលោកស្ទើតែទាំងអស់រស់នៅទីនោះ។ លោកថាក្រៅពីគ្រួសារលោកនៅទីនោះគឺលោកនិងគ្រួសារមានមុខរបរពីរនៅប្រទេសថៃផងដែរគឺចងការប្រាក់ និងលក់ដូរផលិតផលគ្រឿងសម្អាងជាដើម។ តារារូបនេះបញ្ជាក់ដែរថា ការងារសិល្បៈជាការងារដែលលោកស្រលាញ់ជាយូរមិនអាចបោះបង់បានទើបលោកខិតខំតស៊ូទោះចំណូលតិចឬច្រើនក្តី។ លោកថាប្រសិនបើលោកជ្រើសរើសរបរលក់ខ្លួនមែនមិនមែនលោកនៅតែមិនមានវីឡា រថយន្តទំនើប លុយចាញពេញដៃដូចសព្វថ្ងៃទេ។
លោកបញ្ជាក់ដែរថាព្រោះតែព័ត៌មាននេះបានធ្វើឲ្យក្រុមគ្រួសារលោកខឹងសម្បារខ្លាំងរហូតចង់ឲ្យលោកបញ្ចប់ការងារសិល្បៈថែមទៀតផង ប៉ុន្តែលោកព្យាយាមអង្វរនឹងស្នើដល់ក្រុមគ្រួសារយល់អំពីដំនឹងមិនពិតដែលកើតឡើងលើកដំបូងសម្រាប់អាជីបសិល្បៈរបស់លោក។
តារាសម្តែងរូបនេះលើកឡើងដែរថាអ្វីៗដែលលោកមាននៅពេលនេះគឺជាការខិតខំប្រឹងប្រែងដោយកម្លាំងញើសឈាមខ្លួនឯងពីការងារសិល្បៈ និងមុខរបរត្រឹមត្រូវមិនមែនបានពីការលក់ខ្លួននោះទេ។ លោករំពឹងដែរថា មហាជនបញ្ចប់ការយល់ច្រឡំចំពោះព័ត៌មានមិនមានមូលដ្ឋានកន្លងមក ហើយលោកក៏ប្រកាសដែរថាមិនដើរលើផ្លូវមួយនេះជាដាច់ខាត៕ ដោយ វឌ្ឍនា