ទីភ្នាក់ងារព័ត៌មានប៊ីប៊ីស៊ីបានផ្សាយ កាលពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៨ថា មន្ត្រីសហរដ្ឋអាមេរិកបានថ្លែងថា កូរ៉េខាងជើងបានសន្យាជាមួយអាមេរិកថា ខ្លួន ត្រៀមលក្ខណៈរួចហើយដើម្បីពិភាក្សា អនាគតអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅពេលដែលមេដឹកនាំប្រទេសទាំងពីរជួបគ្នានោះ ។
ប្រភពមិនបញ្ចេញឈ្មោះរបស់រដ្ឋបាលលោកដូណាល់ ត្រាំ ថ្លែងថា ជំនួបប្រជុំកំពូលនោះមានរួមបញ្ចូលកិច្ចការសម្ងាត់ និងការពិភាក្សាគ្នាដោយផ្ទាល់ផងដែរជាមួយកូរ៉េខាងជើង ។
ជំនួបរវាងមេដឹកនាំកូរ៉េខាងជើង នឹង មេដឹកនាំមហាអំណាច ត្រូវគេរំពឹងថា នឹង ប្រព្រឹត្តទៅនៅក្នុងខែឧសភា ខាងមុខ។ នេះជាកិច្ចប្រជុំលើកដំបូងបំផុតរវាងប្រធានាធិបតីអាមេរិក នឹងមេដឹកនាំកូរ៉េខាងជើង ។
កូរ៉េខាងជើងបានប្រាប់ទៅកូរ៉េខាងត្បូងថា កូរ៉េខាងជើងត្រៀមលក្ខណៈរបស់ខ្លួនពិភាក្សាបញ្ហាអាវុធនុយក្លេអ៊ែរ ហើយនេះក៏ជាការធានាអះអាងដំបូងគេបង្អស់ដោយផ្ទាល់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនផងដែរ ។
ព័ត៌មានលម្អិតទាក់ទងមេដឹកនាំទាំងពីរពិភាក្សាគ្នានោះ រួមទាំងទីតាំង និងពេល វេលា មិនទាន់ត្រូវបានប្រកាសផ្សព្វផ្សាយនៅឡើយ ។ ព័ត៌មានដែលថា មេដឹកនាំ ទាំងពីរជួបពិភាក្សាគ្នាបានលេចឮកាលពីខែមីនា ឆ្នាំ២០១៨ ។ ការណ៍នេះកើតឡើង បន្ទាប់ពីអស់ពេលជាច្រើនឆ្នាំនៃការគំរាមកំហែង ការបង្ខូចកេរ្តិ៍ឈ្មោះគ្នា ក៏ដូចការ គំរាមកំហែងផ្ទុះសង្គ្រាមនុយក្លេអ៊ែររវាងមេដឹកនាំប្រទេសទាំងពីរនេះ ។
កូរ៉េខាងជើង កាលពីអំឡុងកិច្ចពិភាក្សា លើកមុន បានបញ្ឈប់សកម្មភាពសាក ល្បងមីស៊ីល និងអាវុធនុយក្លេអ៊ែរ ។ ប្រទេស នេះបាញ់សាកល្បងមីស៊ីល និងអាវុធ បរមាណូនៅពេលដែលអស់ការអត់ធ្មត់ ឬថា ការទាមទាររបស់ខ្លួនមិនសមតាម បំណង ។
រហូតមកដល់ពេលនេះ កូរ៉េខាងជើង នៅបន្តស្ងាត់ស្ងៀម ដោយមិនទាន់បញ្ជាក់ ជាសាធារណៈថា ជំនួបជាមួយអាមេរិក នឹងកើតឡើងនោះឡើយ ។ ប៉ុន្តែទោះបី យ៉ាងណា ការដែលលោកគឹម ជុងអ៊ុនទៅ ជួបជាមួយមេដឹកនាំចិន លោកស៊ី ជីនពីង ថ្មីៗកន្លងទៅនេះ ត្រូវបានគេរំពឹងថា មេដឹក នាំកូរ៉េខាងជើង អាចនឹងជួបជាមួយមេដឹកនាំអាមេរិកយ៉ាងពិតប្រាកដ ។ លោកគីម ជុងអ៊ុន តាំងពីពេលដែលឡើងកាន់តំណែងឆ្នាំ២០១១ រហូតមកដល់ពេលនេះ ទើបតែធ្វើដំណើរទៅក្រៅប្រទេសតែមួយលើកនេះគត់ ។
ចិនជាសម្ពន្ធមិត្តសេដ្ឋកិច្ចយ៉ាងសំខាន់របស់កូរ៉េខាងជើង ។ គេបានរំពៃថា ទីក្រុងព្យុងយ៉ាងអាចពិគ្រោះយោបល់ជាមុនសិនជាមួយទីក្រុងប៉េកាំង មុនពេលជំនួបជា មួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ។
កូរ៉េខាងត្បូងបានដើរតួនាទីយ៉ាងសំខាន់ដែលអាចនាំឲ្យមានជំនួបពិភាក្សាគ្នារវាងសហរដ្ឋអាមេរិក នឹងកូរ៉េខាងជើងជិតខាងកូរ៉េខាងត្បូង ៕ ម៉ែវ សាធី