ការបំពុលដោយសារធាតុគីមីទៅលើ អតីតចារបុរសជនជាតិរុស្ស៊ីនៅក្នុងទីក្រុងឡុងប្រទេស អង់គ្លេស បានប្រែក្លាយទៅជារឿងនយោបាយទ្រង់ទ្រាយធំ ធ្វើឲ្យរុស្ស៊ី និង ប្រទេសលោកខាងលិច បណ្តេញមន្ត្រីស្ថានទូតគ្នាទៅវិញទៅមក។ នៅពេលនេះ ភស្តុតាង បញ្ជាក់ថារុស្ស៊ីជាអ្នកធ្វើរឿងនេះ នៅមិនទាន់រកឃើញនៅឡើយទេ តែ សកម្មភាពបណ្តេញមន្ត្រីការទូតបានធ្វើរួចហើយ ។ សកម្មភាពទាំងនោះត្រូវបាន រុស្ស៊ីចោទប្រកាន់ថា ជាចេតនារបស់ លោកខាងលិចដើម្បី ដាក់ទណ្ឌកម្មទៅលើ ប្រទេសរុស្ស៊ី។
នៅពេលនេះ ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ នឹងជួប ប្រជុំគ្នា ដើម្បីពិភាក្សា ស្តីពីការបំពុល សម្លាប់ ទៅលើអតីតចារបុរសរុស្ស៊ី នៅ ភាគនិរតី របស់ចក្រភពអង់គ្លេស។
យោងតាមសារព័ត៌មាន Sputnik ចេញ ផ្សាយនៅថ្ងៃទី៦ ខែមេសា បានឲ្យដឹងថា បេសកជនទូតរុស្ស៊ី ប្រចាំអង្គការសហ ប្រជាជាតិ លោក Vassily Nebenzia បានស្នើសុំឱ្យឲ្យស្ថាប័នសំខាន់ៗ របស់ អង្គការសហប្រជាជាតិជួបប្រជុំគ្នា ដើម្បី ពិភាក្សាអំពីលិខិត ផ្ញើទៅអង្គការសហ ប្រជាជាតិ ដែលបានសរសេរ ដោយ នាយករដ្ឋមន្ត្រីអង់គ្លេស គឺលោកស្រី Theresa May។
សូមជម្រាបផងដែរថា នៅក្នុងលិខិត កាលពីថ្ងៃទី១៣ ខែមីនា នាយករដ្ឋមន្ត្រី អង់គ្លេស បានរំលឹកឡើងវិញថា វាទំនង ជាថា រុស្ស៊ីនៅពីក្រោយការវាយប្រហារ ទៅលើអតីតចារបុរសគឺលោក Sergei Skripal និងកូនស្រីរបស់គាត់គឺនាង Yulia ហើយអង់គ្លេស ក៏បានផ្តល់ឱ្យឱសានវាទ ដល់រដ្ឋាភិបាលទីក្រុងមូស្គូ ដើម្បីឆ្លើយតបនឹងការចោទប្រកាន់នេះ។ ប្រទេសរុស្ស៊ី បានបដិសេធ ចំពោះការជាប់ពាក់ព័ន្ធណា មួយ ចំពោះការស្លាប់នេះ និងបានលើក ឡើង ពីការខ្វះភស្តុតាងផងដែរ។
ការបំពុលសម្លាប់ លោក Skripal នៅទីក្រុង Salisbury របស់ចក្រភពអង់ គ្លេស កាលពីថ្ងៃទី ៤ ខែមីនា គឺបានបង្កឱ្យ មានរឿងអាស្រូវអន្តរជាតិផ្ទុះឡើង ខណៈ ដែលរដ្ឋាភិបាលទីក្រុងឡុង ភ្លាមៗបាន ចោទប្រកាន់ក្រុងមូស្គូថា បានរៀបចំការ វាយប្រហារនេះ៕ម៉ែវ សាធី