អតីតមេដឹកនាំក្រុមឧទ្ទាម ដែលបន្ទាប់មកក្លាយខ្លួនជាអ្នកតំណាងរាស្ត្រ កូឡុំប៊ី យ៉ាងឆាប់រហ័សនោះ កាលពីថ្ងៃទី៩ ខែ មេសា ឆ្នាំ២០១៨ ត្រូវកម្លាំងសមត្ថកិច្ចរដ្ឋាភិបាលចាប់ខ្លួនពីបទជួញដូរគ្រឿងញៀននៅឯទឹកដីសហរដ្ឋអាមេរិក ។ ការចាប់ខ្លួនតំណាងរាស្ត្រមកពីគណបក្សម៉ាកនិយម FARC នេះបង្កឲ្យមានការខឹងសម្បាពីអតីតក្រុមឧទ្ទាម ដែលបានរំសាយកម្លាំងកាលពី ឆ្នាំមុន ។
ថ្លែងតាមកញ្ចក់ទូរទស្សន៍ ប្រធាន គណៈមេធាវី លោក Nestor Humberto Martinez បានប្រកាសដោយមានលោក ប្រធានាធិបតី Juan Manuel Santos នៅ ក្បែរនោះថា លោក Seusis Hernandez បានឃុបឃិតរត់ពន្ធកាកូអុីនទម្ងន់១០តោន ស្មើតម្លៃប្រហែល៣២០លានដុល្លារទៅកាន់សហរដ្ឋអាមេរិក ។
លោក Martinez បានបន្តថា កាលពី សប្តាហ៍កន្លងមកនេះ លោក Hernandez ឬដែលគេស្គាល់ថា Jesus Santrich ត្រូវ តុលាការ Southern District នៃក្រុងញូវ យ៉កចោទប្រកាន់ទោស ជាមួយអ្នកផ្សេង៣នាក់ទៀត ។
ប្រធានាធិបតី Santos បានថ្លែងថា ខាងគណៈមេធាវីបានផ្តល់ព័ត៌មានថា ក្រោយពីការស៊ើបអង្កេតយ៉ាងម៉ត់ចត់ មាន ភស្តុតាងបញ្ជាក់ច្បាស់លាស់ថា លោក Seusis Hernandez ឬ Jesus Santrich ជា អ្នកទទួលខុសត្រូវប្រព្រឹត្តបទល្មើសរត់ពន្ធគ្រឿងញៀន បន្ទាប់ពីកិច្ចព្រមព្រៀងត្រូវ បានចុះហត្ថលេខា ។ លោក Santos ថ្លែងសំដៅលើកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ ២០១៦ រវាងក្រុមឧទ្ទាម FARC ជាមួយ នឹងរដ្ឋាភិបាល ។
លោក Martinez ថ្លែងថា អ្នកដែល ចាប់ឃុំខ្លួនទាំងនោះ បានក្បត់តម្លៃ និង គោលការណ៍នៃកិច្ចព្រមព្រៀងសន្តិភាព ។
លោក Martinez ថ្លែងថា លោក Hernandez ត្រូវនៅក្នុងមន្ទីរឃុំឃាំងរហូត ទាល់តែមានការស្នើសុំផ្លូវការអំពីការធ្វើ បត្យាប័នពីសហរដ្ឋអាមេរិក ។ គេមិនទាន់អាចរកការបកស្រាយភ្លាមៗបានទេពី ក្រសួងយុត្តិធម៌ ។
ស្ថិតក្រោមកិច្ចព្រមព្រៀងសន្តិភាព ក្រុមឧទ្ទាម FARC ត្រូវបានកៅអីតំណាង រាស្ត្រចំនួន១០នៅក្នុងសភារហូតដល់ ឆ្នាំ២០២៦ ដែលក្នុងនោះ១កៅអី បាន ទៅលើលោក Hernandez ។
ក្រុមឧទ្ទាម FARC បានថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោក Hernandez ដោយអះអាងថា ជាទង្វើញាំញី ដល់ដំណើរការសន្តិភាព ។ គេនៅមិន ទាន់ច្បាស់នៅឡើយថា តើគណបក្ស FARC រកមនុស្សមក ជំនួសកៅអីលោក Hernandez ដែរឬយ៉ាងណា ។
គណបក្ស FARC បានបន្ថែមនៅលើ ទ្វីតធើរថា “នេះជាពេលវេលាដ៏អាក្រក់បំផុតដែលដំណើរការសន្តិភាពបានឆ្លងកាត់” ។ រដ្ឋាភិបាលគួរតែចាត់វិធានការ និងបញ្ឈប់ការបង្កើតប្រព័ន្ធយុត្តិធម៌ពីការឈានទៅ ដល់ព្រឹត្តិការណ៍ដូចនេះ បង្កឱ្យមានការ មិនទុកចិត្តយ៉ាងខ្លាំង» ។
អំពើឧក្រិដ្ឋដែលប្រព្រឹត្តដោយសមាជិកគណបក្ស FARC អំឡុងពេលមានសង្គ្រាម ត្រូវបានវិនិច្ឆ័យទោសដោយតុលាការ ពិសេសមួយ ប៉ុន្តែអ្នកប្រព្រឹត្តបទឧក្រិដ្ឋ ទាំងនោះ បន្ទាប់ពីការរំសាយ ជាទៀងទាត់ គឺស្ថិតនៅក្រោមនីតិវិធីយុត្តិធម៌ ដោយរួម បញ្ចូលទាំងលទ្ធភាពនៃការធ្វើបត្យាប័ន ផងដែរ ។
ក្រុមឧទ្ទាម FARC បានរក្សាអញ្ញត្រកម្មដំបូងរបស់ខ្លួន ប៉ុន្តែបានប្តូរឈ្មោះខ្លួន ឯងទៅជា RACF ( Revolutionary Alternative Common Force ) ពេលក្លាយ ជាគណបក្សនយោបាយនោះ ។
ក្រុម FARC បានសម្តែងម្តងហើយម្តងទៀតអំពីការភ័យខ្លាចថា ពួកគេនឹងក្លាយជាគោលដៅវិនិច្ឆ័យទោស និងការធ្វើទុក្ខ បុកម្នេញពីក្រុមអាជ្ញាធរ ពេលដែលក្រុមគេត្រូវបានរំសាយតាមកិច្ចព្រមព្រៀងសន្តិភាព ។ ពួកគេបាននិយាយថា សមាជិក និងសាច់ញាតិរបស់ក្រុមឧទ្ទាម FARC ជាង៥០នាក់ មកហើយត្រូវបានសម្លាប់ ក្រោយកិច្ចព្រមព្រៀងសន្តិភាពត្រូវបានចុះហត្ថលេខា ៕ ម៉ែវ សាធី