ប្រជាពលរដ្ឋមួយផ្នែកនៃក្រុងកំពង់ចាម ជាប់ទៅស្រុកកំពង់សៀម តាមដងទន្លេក្បែរភ្នែកច្រមុះថ្នាក់ដឹកនាំខេត្តកំពង់ចាម បានរអ៊ូរទាំគ្រប់ៗគ្នាអំពីស្ថានភាពផ្លូវដ៏មហាសែនលំបាកនេះ ។ បើទោះបីជាស្ថានភាពផ្លូវដ៏លំបាកនេះអូសបន្លាយពេលជាយូរមកហើយក៏ដោយ ក៏អាជ្ញាធរខេត្តកំពង់ចាម ជាពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តនៅតែធ្វើមិនដឹងមិនឮ ។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ ខ្ញុំបាទសែនតក់ស្លុត ព្រោះមិននឹកស្មានថា សម័យនេះទៅហើយ អាជ្ញាធរខេត្តកំពង់ចាមបណ្តោយឲ្យផ្លូវក្បែរច្រមុះរបស់ខ្លួន មើលទៅលំបាកជាងផ្លូវទៅឋាននរកទៀត ។
បើតាមអ្នកភូមិដែលរស់នៅតាមបណ្តោយផ្លូវមាត់ទន្លេ ជាប់ពីក្រុងកំពង់ចាមទៅបណ្តាឃុំ ក្នុងស្រុកកំពង់សៀម ដូចជាឃុំរការ ឃុំគគរ… និយាយប្រាប់ខ្ញុំបាទជាប្រជាពលរដ្ឋនៅរាជធានីភ្នំពេញដែលបានឆ្លងកាត់តំបន់នោះថា ស្ថានភាពផ្លូវបែបនេះ បានកើតឡើងជាយូរណាស់មកហើយ ។ បើខែប្រាំង ដីហុយទ្រលោម មើលផ្លូវមិនឃើញ ហើយនៅខែវស្សា ភក់លិចជង្គង់ ។ អ្វីដែលអាសូរជាងគេ គឺក្មេងៗជិះកង់ទៅសាលារៀន ជួនកាលដួលប្រឡាក់ខោ អាវ ឬរថយន្តសាចភក់ប្រឡាក់ ត្រូវខកខានមិនបានទៅសាលា ។ ទិដ្ឋភាពបែបនេះនៅតែបន្តអូសបន្លាយរហូតដល់សព្វថ្ងៃ បើទោះបីជា ផ្លូវស្ទើរទូទាំងប្រទេស គេកម្រជួបបែបដូចនេះក៏ដោយ ។
ប្រជាពលរដ្ឋនៅជួរមាត់ទន្លេ តំបន់នេះណែនណាន់តាន់តាប់ ។ មិនមែនតែផ្លូវនៅចំណុចឃុំរកា ស្រុកកំពង់សៀមមួយនេះទេ ដែលមហាវេទនា ។ ភ្ជាប់បន្តខ្សែផ្លូវនេះដែរ ក្នុងស្រុកកងមាស ក៏មានចំណុចលំបាកដោយអន្លើ ស្រដៀងគ្នានេះដែរ ។ ប្រជាពលរដ្ឋបានលើកជាចំណោទថា តើថា្នក់ដឹកនាំខេត្តកំពង់ចាមធ្លាប់បានធ្វើដំណើរឆ្លងកាត់តំបន់នោះទេ? ឬមួយក៏រថយន្តទំនើបរបស់ថ្នាក់ដឹកនាំខេត្តកំពង់ចាម មិនដឹងថា មានស្ថានភាពផ្លូវបែបនេះទេ? ៕
ដោយ៖ ប្រជាពលរដ្ឋម្នាក់