ភ្នំពេញ៖ ភាពភ្ញាក់ផ្អើលឆោឡោមួយ បានធ្វើឲ្យមនុស្សមួយក្រុមដែលកំពុងតែចូលរួមកាន់ទុក្ខ និងកំដរបុណ្យសព បានធ្វើឲ្យពួកគាត់ភិតភ័យស្រឡាំងកាំង រត់ជាន់ជើងគ្នាប្រសាចដូចសម័យទម្លាក់គ្រាប់បែក ខណៈដែលរថយន្ដឹកជ្រូកមួយគ្រឿង បានបើកបុករោងបុណ្យសព ដោយសារតែក្ដីមួរម៉ៅ របស់អ្នកបើកបរ ដែលខឹងនឹងម្ចាស់បុណ្យ ដែលសង់រោងទើសផ្លូវគេបើករថយន្ដដែលធ្វើឲ្យស្ទះចរាចរណ៍ និងងាប់ជ្រូកគេអស់ជាច្រើនក្បាល។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ។
តាមសម្ដីរបស់ស្ដ្រីម្នាក់ ដែលត្រូវជាកូនស្រីរបស់សពដែលកំពុងធ្វើបុណ្យ បានឲ្យដឹងថា គាត់បានជួលរោងមកសង់ធ្វើបុណ្យសពឲ្យម្ដាយរបស់គាត់ឈ្មោះសុខ សុភាព តាំងពីថ្ងៃទី៥ ខែតុលា មកម្លេះ ហើយក៏បានដាក់សញ្ញាជូនដំណឹងថាមានធ្វើបុណ្យនៅខាងដើមផ្លូវចូលដែរ។ លុះនៅយប់ថ្ងៃកើតហេតុ ស្រាប់តែមានរថយន្ដកែច្នៃដឹកជ្រូកមួយគ្រឿង ដែលបានដឹកជ្រូកក្នុងគោលបំណង យកជ្រូកទៅដាក់ក្នុងកុងស៊ីកាប់ជ្រូក នៅនៅហួសពីពីរោងបុណ្យបន្ដិច។ ប៉ុន្តែដោយសារតែរោងបុណ្យរបស់គាត់បានធ្វើឲ្យកកស្ទះចរាចរណ៍ និងបណ្ដាលឲ្យជ្រូករបស់គេងាប់អស់ជាច្រើនក្បាល ទើបគេបានបើករថយន្ដចូលមកទាំងទទឹងទទែង តែត្រូវអ្នកនៅក្នុងរោងរួសរាន់ទៅទប់បង្គោលទាន់ ក៏មិនបណ្ដាលឲ្យខូចខាតធ្ងន់ធ្ងរដែរ គ្រាន់តែប៉ះពារតិចតួច។
ប្រភពដដែលបន្ដទៀតថា ពេលនោះអ្នកបើកបររថយន្ដនោះហាក់មិនអស់ចិត្ត និងដូចជាមានគំនុំនឹងម្ចាស់រោងបុណ្យ ក៏បើករថយន្តត្រឡប់មកវិញហើយក៏បានបុកម្ដងទៀត ដែលបង្កគ្រោះថ្នាក់ដល់មនុស្សដែលកំពុងអង្គុយយាមក្នុងរោងបុណ្យ ធ្វើឲ្យរងរបួសយ៉ាងតិច២នាក់។
ក្រោយពេលកើតហេតុបងប្អូនសពបានទាញម៉ូតូជិះដេញតាមរថយន្ដ រហូតដល់ហ្គ្រេនភ្នំពេញតែដោយរថយន្តបើកលឿនពេកក៏តាមអត់ទាន់ក៏ត្រឡប់មកវិញ។ បន្ទាប់មកទើបមានតំណាងខាងកុងស៊ីកាប់ជ្រូក ចេញមកចរចាជាមួយអ្នកផ្តើមបុណ្យ។ ប៉ុន្តែអ្នកមា្ចស់ដើមបុណ្យប្រាប់ថា គាត់មិនទាមទារសំណងទេ ហើយក៏មិនចាំបាច់ធ្វើរោងបុណ្យឡើងវិញដែរ ព្រោះស្អែកនេះសពម្តាយរបស់គាត់ដឹកយកទៅបូជាហើយ សុំឲ្យតែធ្វើការដោះស្រាយសងសំណងជាមួយម្ចាស់រោងនិងសងថ្លៃខូចខាតរបស់ម្ចាស់រោងនោះប៉ុណ្ណោះបញ្ចប់រឿង៕
ដោយ៖ វិបុល