ខេត្តបន្ទាយមានជ័យ ៖ លោកឧត្តម សេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ដាក់វិធានការទប់ស្កាត់ល្បែងគប់ទឹកជះទឹក ការពារគ្រោះនិងសន្តិសុខសណ្តាប់ធ្នាប់ក្នុងឱកាសថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ នាពេល ខាងមុខនេះ ។ នេះបើយោងតាមលោក ឧត្តមសេនីយ៍ត្រី បានថ្លែងនៅក្នុងពិធីបំពាក់ឋានន្តរស័ក្តិ កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៨ នៅទីបញ្ជាការកងរាជអាវុធ ហត្ថខេត្តបន្ទាយមានជ័យ ។
កម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុងចំនួន១៦៤រូប ត្រូវបានបំពាក់និង ដំឡើងឋានន្តរស័ក្តិមានឋានៈវរសេនីយ៍ទោ ២រូប, វរសេនីយ៍ត្រី ១រូប, អនុសេនីយ៍ ឯកចំនួន២៥រូប, អនុសេនីយ៍ទោចំនួន ២៧រូប, អនុសេនីយ៍ត្រីចំនួន៦៥រូប, ព្រិន្ទបាលឯកចំនួន២៩រូប និងព្រិន្ទបាល ទោចំនួន១៥រូប។
ក្នុងឱកាសបំពាក់ឋានន្តរស័ក្តិដល់កម្លាំងកងរាជអាវុធហត្ថខេត្ត ស្រុក ក្រុងលោក ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជា ការ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ មានប្រសាសន៍កោតសសើរចំពោះការខិតខំប្រឹងប្រែងដល់កម្លាំងកងរាជអាវុធហត្ថដែលធ្វើការងារបម្រើសង្គមនិងប្រជាពលរដ្ឋដូចជាការពារសន្តិសុខនិងសណ្តាប់ធ្នាប់ និង ជួយអន្តរាគមន៍ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយធម្មជាតិមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតជួយដឹកទឹកចែកជូន ប្រជាពលរដ្ឋ និងរងគ្រោះដោយខ្យល់ កន្ត្រាក់ និងជួយប្រមូលផលដល់ប្រជា កសិករ។
លោកបានបញ្ជាក់ថាជាការខិតខំប្រឹងប្រែងរបស់កម្លាំងកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យនិងយកចិត្តទុកដាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថផ្ទៃប្រទេសហើយកម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ១៦៤រូបបានទទួលបំពាក់ឋានន្តរស័ក្តិជូន។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានតឿនរំលឹកដល់កម្លាំងកងរាជអាវុធហត្ថ ខេត្ត ស្រុក ក្រុងនៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះត្រូវបង្កើន ការយកចិត្តទុកដាក់ការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងមានវិធានការចំពោះល្បែងដែលហាមឃាត់ដូចជា គប់ទឹកជះទឹកដាក់គ្នាដែលប្រឈមគ្រោះថ្នាក់កើតឡើងជាយ ថាហេតុ ៕ សហការី