ទាហានមីយ៉ាន់ម៉ា៧នាក់ត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ដោយឲ្យធ្វើពល កម្មធ្ងន់ ព្រោះតែពួកគេបានសម្លាប់ក្រៅ ប្រព័ន្ធតុលាការនៃក្រុមជនជាតិភាគតិច ម៉ូស្លីម រ៉ូហ៊ីងយ៉ាចំនួន១០នាក់កាលពីឆ្នាំមុន។ នេះបើយោងតាមការចុះផ្សាយនៅលើបណ្តាញ Facebook របស់នាយទាហានមីយ៉ាន់ម៉ាកាលពីល្ងាចថ្ងៃទី១០ ខែមេសា ។
ឧបទ្ទវហេតុយ៉ាងបង្ហូរឈាម បានកើត ឡើងនៅក្នុងភូមិ Inn Din កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៧ គឺជាអំពើឃោរឃៅតែ មួយគត់ ដែលយោធាបានសារភាពទទួលស្គាល់កំហុសរបស់ខ្លួន ក្នុងអំឡុងពេលពួក គេ ធ្វើប្រតិបត្តិការបង្ក្រាបយ៉ាងហិង្សា នៅ ក្នុងរដ្ឋរ៉ាឃីនភាគខាងជើង បង្ខំឲ្យជនជាតិ ភាគតិចមូស្លីម រ៉ូហ៊ីងយ៉ា ប្រមាណ ៧០០.០០០នាក់រត់ភៀសខ្លួនពីភូមិឋានទៅកាន់ប្រទេសបង់ក្លាដែស ចាប់តាំង ពីខែសីហា ឆ្នាំ២០១៧ ។
អ្នកកាសែតរ៉យទ័រពីរនាក់ សញ្ជាតិមី យ៉ាន់ម៉ា គឺលោក Wa Lone អាយុ ៣១ឆ្នាំ និងលោក Kyaw Soe Oo អាយុ២៧ឆ្នាំ ដែលបានស៊ើបអង្កេតករណីសម្លាប់រង្គាល ហើយពួកគេត្រូវបានចាប់ខ្លួនកាលពីខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅជាយក្រុងយ៉ាំងហ្គោន ដោយចោទថា អ្នកកាសែតនេះលួចព័ត៌ មានសម្ងាត់ ដែលអាចជាប់គុក១៤ឆ្នាំ ប្រសិនបើត្រូវបានតុលាការផ្តន្ទាទោស។
មួយខែបន្ទាប់ពីការឃុំឃាំងអ្នកកាសែតទាំងពីររូបនេះ ខាងយោធាបានចេញសេចក្តីថ្លែងការណ៍មួយ ដែលជាការសារភាពដ៏កម្រចំពោះកំហុសឆ្គងរបស់កងកម្លាំងសន្តិសុខរបស់ខ្លួនមួយចំនួន បានចូលរួមនៅ ក្នុងសកម្មភាពសម្លាប់រង្គាលលើជនជាតិភាគតិចម៉ូស្លីមរ៉ូហ៊ីងយ៉ា ហើយខាង យោធាបានសន្យាថា នឹងចាត់វិធានការ ប្រឆាំងអ្នកដែលទទួលខុសត្រូវ ។
យ៉ាងណាក៏ដោយ ខាងកម្លាំងយោធាបានអះអាងម្តងហើយម្តងទៀតថា ក្រុម បុរសជនជាតិភាគតិចមូស្លីម រ៉ូហ៊ីងយ៉ាជា “ភេរវករ”ដដែល ប៉ុន្តែមិនបានបង្ហាញភស្តុតាងជាក់លាក់ណាមួយដើម្បីដាក់ជាទម្ងន់នៅក្នុងការចោទប្រកាន់នោះឡើយ ។
លោក Min Aung Hlaing មន្ត្រីយោធាជាន់ខ្ពស់មីយ៉ាន់ម៉ាបានថ្លែងថា៖ មន្ត្រីសន្តិសុខ៤នាក់ត្រូវបានបណ្តេញចេញពីកងទ័ព ហើយត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ រយៈពេល១០ឆ្នាំ ដោយធ្វើពលកម្មយ៉ាង ធ្ងន់ធ្ងរ ។ ទាហាន៣នាក់ទៀត ក៏ត្រូវបាន បណ្តេញចេញ និងត្រូវកាត់ទោសឲ្យជាប់ ពន្ធនាគារ រយៈពេល១០ឆ្នាំដោយធ្វើពលកម្មធ្ងន់ធ្ងរផងដែរនៅក្នុងពន្ធនាគារឧក្រិដ្ឋមួយនោះ ។ ការផ្តន្ទាទោសរបស់សាលាក្ដីនេះបានធ្វើឡើងដោយបិទទ្វារជិត មិន អើពើនឹងការអំពាវនាវជាអន្តរជាតិ ដើម្បី ការស៊ើបអង្កេតជាឯករាជ្យមួយនោះឡើយ ។
ការចាប់ខ្លួនអ្នកកាសែតរ៉យទ័រ២នាក់ របស់មីយ៉ាន់ម៉ានោះ បានធ្វើឲ្យមានកំហឹង ទូទាំងពិភពលោក ហើយបានអំពាវនាវឲ្យមានការដោះលែងជាបន្ទាន់ ខណៈពួកគេកំពុងរង់ចាំដើម្បីដឹងច្បាស់ថា តើតុលាការនឹងបោះបង់ចោលការចោទប្រកាន់ទៅលើពួកគេឬយ៉ាងណានៅថ្ងៃពុធនេះ ។
របាយការណ៍របស់អ្នកកាសែតរ៉យទ័របានផ្អែកលើសក្ខីភាពរបស់អ្នកភូមិព្រះពុទ្ធសាសនា, មន្រ្តីសន្តិសុខ និងសាច់ញាតិ របស់ជនរងគ្រោះដែលត្រូវគេសម្លាប់ ដោយបានពិពណ៌នាអំពីរបៀបដែលទាហានមីយ៉ាន់ម៉ា និងអ្នកភូមិព្រះពុទ្ធសាសនាបានសម្លាប់ជនរងគ្រោះទាំង១០នាក់ មុនពេលដែលពួកគេទម្លាក់សាកសពទៅក្នុងរណ្តៅដ៏ធំមួយ។
ក្នុងនោះផងដែរ ក៏មានរួមបញ្ចូលរូបថត ជនរងគ្រោះ, ដៃជាប់ចំណងហើយលុត ជង្គង់នៅលើឥដ្ឋមុនពេលត្រូវបានសម្លាប់នេះ -និងសាកសពរបស់ពួកគេនៅក្នុង រណ្តៅមួយក្រោយមកទៀត។
មេដឹកនាំស៊ីវិលមីយ៉ាន់ម៉ា លោកស្រី អ៊ុង សានស៊ូជី បានស្វាគមន៍ទង្វើរបស់ កងទ័ព ដោយថ្លែងថា នេះជាជំហានវិជ្ជមាន មួយ។
យោធារបស់ប្រទេសនេះ មានកំណត់ត្រាដ៏អាក្រក់ទៅលើសកម្មភាពរំលោភលើសិទ្ធិពលរដ្ឋជាង៥០ឆ្នាំមកហើយនៃការ គ្រប់គ្រងរបស់ពួកគេនោះ ។
មនុស្សជាច្រើនបានសង្ឃឹមថា រដ្ឋាភិបាលប្រជាធិបតេយ្យថ្មីរបស់លោកស្រី ស៊ូជី ដែលទទួលបានអំណាចនៅក្នុងឆ្នាំ ២០១៦ នោះអាចធ្វើឲ្យកងកម្លាំងយោធាប្រទេសនេះ បោះបង់ចោល វិធីសាស្រ្ត ដ៏សាហាវឃោរឃៅបង្ក្រាបមកលើការបះបោរ ឬក្រុមបង្កជម្លោះនោះហើយ ប៉ុន្តែក្តីសង្ឃឹមនេះបានរលាយសាបសូន្យអស់ ខណៈដែលឃើញសកម្មភាពកម្លាំងយោធាប្រតិបត្តិការបង្ក្រាបទៅលើក្រុមជនជាតិភាគតិចម៉ូស្លីម រ៉ូហ៊ីងយ៉ា នៅរដ្ឋ Rakhine នាពេលកន្លងទៅ។
អង្គការលើកលែងទោសអន្តរជាតិទាមទារឲ្យមានការស៊ើបអង្កេតជាសាកល និងមិនលម្អៀងទៅលើសកម្មភាពកាប់សម្លាប់យ៉ាងឃោរឃៅនៅក្នុងភូមិ Inn Din ដែល បានផ្ទុះឡើងកាលពីសីហា ឆ្នាំ២០១៧ នោះ ។
អង្គការសហប្រជាជាតិបានចោទប្រកាន់កងកម្លាំងយោធាមីយ៉ាន់ម៉ាថា ជាអ្នកបោស សម្អាតជាតិពន្ធុ ។ អង្គការសហប្រជាជាតិ លើកឡើងថា “ចំណុចសំខាន់នៃការប្រល័យពូជសាសន៍”នោះ គឺជនភៀសខ្លួនមាន សក្ខីភាពច្បាស់លាស់អំពីការសម្លាប់, ការ រំលោភបំពានផ្លូវភេទ និងការដុតផ្ទះសម្តែង របស់ពួកគេ។
គ្រូពេទ្យគ្មានព្រំដែន (MSF)បានប៉ាន់ ស្មានថា យ៉ាងហោចណាស់ជនជាតិម៉ូស្លីមរ៉ូហ៊ីងយ៉ា៦,៧០០ នាក់ ត្រូវបានសម្លាប់នៅក្នុងខែដំបូងនៃការបង្ក្រាបដោយកង កម្លាំងយោធា។
រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធ ចំពោះការចោទប្រកាន់នេះ ដោយលើក ហេតុផលថា យុទ្ធនាការរបស់ខ្លួននៅរដ្ឋ រ៉ាឃីន ជាការឆ្លើយតបស្របច្បាប់ ចំពោះ ពួកសកម្មប្រយុទ្ធមូស្លីមរ៉ូហ៊ីងយ៉ា ហើយ បានស្តីបន្ទោសប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ និងភ្នាក់ងាររាយការណ៍ព័ត៌មានផ្សព្វផ្សាយមិនពិត ដែលធ្វើឡើងដោយលម្អៀងទៅលើជនម៉ូស្លីមរ៉ូហ៊ីងយ៉ា ។
បន្ទាប់ពីការរើសអើង និងការឃោសនាប្រឆាំងពួកគេជាច្រើនទសវត្សរ៍មកហើយនោះ ក្រុមជនជាតិម៉ូស្លីម រ៉ូហ៊ីងយ៉ា ត្រូវ បានមីយ៉ាន់ម៉ាចាត់ទុកថាជា “ជនល្មើស បឹងហ្គាល់” ឬជនអន្តោប្រវេសន៍ខុសច្បាប់ មកពីប្រទេសបង់ក្លាដែស។
រដ្ឋរ៉ាឃីនភាគខាងជើងរបស់មីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ននេះ ត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងចាប់តាំងពីយុទ្ធនាការរបស់កម្លាំងយោធាចាប់ផ្តើមកាលពីប្រាំបីខែមុនម្ល៉េះ ។ ជាមួយគ្នានេះ អ្នកសារព័ត៌មាន និងក្រុម ផ្តល់ជំនួយដែលទៅកាន់ទីនោះត្រូវបាន ត្រួតពិនិត្យយ៉ាងតឹងរ៉ឹងបំផុត ៕ ម៉ែវ សាធី