លិខិតមិត្តអ្នកអាន៖ ទោះទេវតាឆ្នាំថ្មីក៏មិនអាចជួយប្រស់បានដែរ បើនៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជា!

ចែករំលែក៖

ផែនការទុច្ចរិតរបស់ក្រុមសង្គមស៊ីវិលមួយចំនួននៅកម្ពុជា ដឹកមុខដោយអង្គការខុមហ្វ្រែល របស់លោក គល់ បញ្ញា ក្នុងការរំខាន បង្ខូច និងបំផ្លាញការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦នាខែកក្កដា ឆ្នាំ២០១៨ ខាងមុខ ត្រូវបានបកអាក្រាត ហើយមេខ្លោងនៃផែនការនេះ ក៏កំពុងតែស្លន់ស្លោរ ដោយសារតែគម្រោងការខ្លួនដែលរៀបចំនៅក្រោមស្លាកអង្គការអាន់ហ្វ្រែល មានមូលដ្ឋាននៅទីក្រុងបាងកកប្រទេសថៃ ត្រូវបានបែកធ្លាយប្រឈមមុខនឹងការដកនូវសេចក្តី ទុកចិត្តពីចៅហ្វាយបរទេសខ្លួន និងម្ចាស់ជំនួយ។ ពួកគេអាចប្រឈមមុខនឹងផ្លូវច្បាប់ផងក៏ថាបាន ប្រសិនបើគេរកឃើញ នៅតែបន្តអនុវត្តផែនការដ៏អាក្រក់នេះទៀត ដើម្បីបំផ្លាញការបោះឆ្នោតនៅ កម្ពុជា នៅក្នុងករណីដែលការទាមទាររបស់ក្រុមប្រឆាំងបានបរាជ័យមិនអាចស្រោចស្រង់ខ្មោបក្ស
សង្គ្រោះជាតិ ឱ្យរស់ឡើងវិញដើម្បីចូលរួមការបោះឆ្នោតបាន ហើយអតីតអ្នកនយោបាយដែលត្រូវ បានដកសិទ្ធិធ្វើនយោបាយ ៥ ឆ្នាំ នៅតែមិនអាចចូលប្រឡូកក្នុងឆាកនយោបាយកម្ពុជាវិញបាន។​

នៅចំពោះមុខភាពភ័យស្លន់ស្លោរនេះ លោក គល់ បញ្ញា ដែលគេដឹងថាជាអ្នកអនុវត្តផែនការ បង្ខូច និងបំផ្លាញការបោះឆ្នោតយ៉ាងសកម្មនៅកម្ពុជាជាជាងការជួយឱ្យការបោះឆ្នោតសេរីយុត្តិធម៌ និងត្រឹមត្រូវដូចដែលខ្លួនអួតនោះ បានចេញសេចក្តីប្រកាសព័ត៌មានដើម្បីបញ្ជាក់ពីគោលជំហរ ក្លែងក្លាយរបស់ខ្លួនឡើងវិញជុំវិញការបោះឆ្នោត ដោយថាខ្លួនគ្មានចេតនានឹងបំផ្លាញដំណើរការ បោះឆ្នោតឡើយ។ ប្រសិនបើនេះ គឺជាការពិតនោះសម្តីនេះ គឺជាភស្តុតាងដ៏រឹងមាំមួយសម្រាប់ ប្រើប្រាស់នៅពេលអនាគត ក្នុងករណីមានការជ្រៀតជ្រែកលើកិច្ចការបោះឆ្នោតពីមជ្ឈដ្ឋានខាង ក្រៅ ឬសកម្មភាពណាមួយនៃអង្គការខុមហ្វ្រែលឬអាន់ហ្វ្រែលដែលដឹកនាំដោយលោកគល់ បញ្ញា។ ប៉ុន្តែសម្បថរបស់លោក គល់ បញ្ញា តើនរណាទៅជឿបានទៅ បើកាលពីបោះឆ្នោតលើកមុនៗ លោក គល់ បញ្ញា និងអង្គការខុមហ្វ្រែល បានអះអាងរបៀបដូចគ្នានេះក្នុងការលើកស្ទួយការបោះឆ្នោត ប៉ុន្តែមាត់និយាយផ្សេង ប៉ុន្តែការអនុវត្តផ្សឹង បែរជាឃុបឃិតគ្នាជាមួយអង្គការបរទេសនានា ធ្វើបុរេ វិនិច្ឆ័យលើស្ថានការណ៍នយោបាយ និងលទ្ធផលនៃការបោះឆ្នោត។ ទង្វើនេះគឺខុសទាំងស្រុង នឹងច្បាប់។

ពេលដែលផែនការពិតត្រូវបានគេលាតត្រដាង នៅពេលនេះ លោក គល់ បញ្ញា រួមនឹង អង្គការខុមហ្វ្រែល និងអាន់ហ្វ្រែលបានចេញមុខជាបន្តបន្ទាប់មកធ្វើការដោះសារចំពោះមហាជន ដោយព្យាយាមបង្ហាញពីចរិតតួឯកក្នុងកិច្ចការបោះឆ្នោត និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។ ពួក គេព្យាយាមលាក់បាំងនូវផែនការទុច្ចរិតឃុបឃិតជាមួយនឹងបរទេស ទទួលប្រាក់ពីបរទេសដូច ដែលពួកគេបានធ្វើនាពេលកន្លងទៅដោយអនុវត្ត ផែនការផ្លាស់ប្តូររបប និងមេដឹកនាំប្រទេសតាម បែបមិនប្រជាធិបតេយ្យ ដោយប្រើប្រាស់លេសបោះឆ្នោត និងប្រជាធិបតេយ្យជាឡប់ឡែ និងជា ការញុះញង់ឱ្យមានកំហឹងមហាជន ផ្តល់ឱកាសឱ្យក្រុមអ្នកនយោបាយប្រឆាំងយកធ្វើជាលេស បំផ្ទុះការបាតុកម្ម និងបង្កចលាចលសង្គម។ ហេតុអ្វីបានជាពួកគេផ្តោតសំខាន់លើការបោះឆ្នោត? ព្រោះជាឱកាសតែមួយគត់ដើម្បីបញ្ឆេះកំហឹងប្រជាពលរដ្ឋ និងញុះញង់ប្រជាពលរដ្ឋឱ្យមានការ ចងកំហឹងនឹងស្ថាប័នរៀបចំការបោះឆ្នោត ក្តៅក្រហាយនឹងបក្សឈ្នះឆ្នោតស្របច្បាប់តាមរយៈការ ធ្វើរបាយការណ៍បំភ្លៃ បំផ្លើស បំប៉ោង និងបំភ័ន្តមតិសាធារណជនលើដំណើរការបោះឆ្នោត។ ពួក គេបានបំភ្លៃស្ថានការណ៍នយោបាយពីល្អទៅអាក្រក់ និងធ្វើសោកនាដកម្ម លើដំណើរការបោះឆ្នោត និងប្រឌិត ឬបំប៉ោងថាមានភាពមិនប្រក្រតីធ្ងន់ធ្ងរ គ្មានតម្លាភាព និងគណនេយ្យភាពជាដើម។

ក្រោមលេសសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ក្រុមសង្គមស៊ីវិលមួយចំនួនសុខចិត្តដើរតាម ខ្សែបន្ទាត់ ដែលគូសដោយជនបរទេសមួយចំនួន ដែលមានប្រវត្តិធ្វើឱ្យខ្មែររងទុក្ខវេទនា សង្គ្រាម ហែកហួរ និងការទម្លាក់គ្រាប់បែកស្រោចលើក្បាលខ្មែរ ហើយកោតតែពួកគេហ៊ានលើកដៃបំផ្លាញ ជាតិ និងប្រឆាំងនឹងផលប្រយោជន៍ប្រជាជនកម្ពុជាដោយគ្មានក្តីអាណិតអាសូរ។ ពួកគេហ៊ាន និយាយបំផ្លើស និងបង្កាច់បង្ខូចអ្វីដែលកម្ពុជាមាន ដើម្បីបម្រើមហិច្ឆតាបរទេស។ ការ​គាំទ្រ​ផ្នែក នយោបាយ និងថវិកាបង្កើតបន្ទប់ស្ថានការណ៍តាមដានការបោះឆ្នោត​នៅក្រៅប្រទេស​ដែលពួកគេ គ្រោងនឹងរៀបចំឡើងជាថ្មីនៅពេលខាងមុខ គឺជាការ​បន្តផែនការ​ទុច្ចរិត​ប្រឆាំងនឹងកម្ពុជា ហើយ ជនជាតិកម្ពុជា ដូចជា លោក គល់ បញ្ញា និងអង្គការរបស់ខ្លួន​បាននិងកំពុង​បម្រើមហិច្ឆតាបរទេស បំផ្លាញជាតិខ្លួនឯង យ៉ាងច្បាស់ក្រឡែតមិនអាច​ប្រកែក​បានឡើយ។ យុទ្ធសាស្ត្រថ្មីរបស់បរទេស មួយចំនួន គឺប្រើប្រាស់អង្គការសង្គមស៊ីវិលមួយចំនួន ដែលគាំទ្របក្សប្រឆាំងដែលមានមូលដ្ឋាន នៅប្រទេសកម្ពុជា ហើយទទួលបានការគាំទ្រមូលនិធិពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការ អភិវឌ្ឍ USAID-IDI (Inclusive Development International) ធ្វើឡើងក្នុងបំណងនាំឱ្យរំខាន ឬនាំឱ្យ មានពហិការបង្ខូចការបោះឆ្នោត និងទម្លាក់តម្លៃលើដំណើរការបោះឆ្នោតសកល ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០១៨។

ទេវតាហាក់ដូចជាតាមថែរក្សាជាតិនិងប្រជាជនកម្ពុជារហូតតរៀងមក! អ្នកដែលតាមយាយី បំផ្លាញកម្ពុជាបានទទួលកម្មពារវេរាទាន់ហន់ គណបក្សខ្លួនដឹកនាំត្រូវបានរំលាយតាមច្បាប់ស្តី ពីគណបក្សនយោបាយ មេដឹកនាំបក្សខ្លះកំពុងជាប់គុក និងខ្លះទៀតកំពុងរត់ចោលស្រុក។ កម្ពុជា អាចជាប្រទេសទី១ដែលទទួលបានជោគជ័យក្នុងការបង្ក្រាបបដិវត្តន៍ពណ៌ ហើយក៏ជាលើកទី១ ក្នុងប្រវត្តិសាស្ត្រនៃ បដិវត្តន៍ពណ៌ដែលបរាជ័យក្រោមកណ្តាប់ដៃនៃជនជាតិខ្មែរឈាមជ័រអ្នកសាង អង្គរវត្តដែលពិភពលោកកោតស្ងប់ស្ងែញ។ ជនអគតិ និងជនក្បត់ជាតិទាំងឡាយដែលមានបំណង មិនល្អមកលើជាតិខ្មែរ តែងតែវិនាសព្រាត់ប្រាស់ទៅតាមអំពើអាក្រក់របស់ខ្លួន ទោះបីជាខិតខំបួង សួងសង្ក្រាន្ត​និងទេវតាឆ្នាំ​ថ្មីឆ្នាំច សំរឹទ្ធស័ក ព​.​ស ២៥៦២ គ​.​ស ២០១៨ ក្តី ក៏ពួកគេមិនអាចនឹងគេច ចេញពីសំណាញ់ច្បាប់ និងការទទួលខុសត្រូវចំពោះទង្វើដ៏អាក្រក់ជូរជាតិដែលខ្លួនបានធ្វើកន្លង មកប្រឆាំងនឹងជាតិ និងប្រជាជនខ្លួនឯងឡើយ។ ពលរដ្ឋខ្មែរដែលអាចងើបក្រោកឈរកសាង ជាតិ និងសេដ្ឋកិច្ចខ្លួនបានដូចសព្វថ្ងៃនេះ គឺត្រូវឆ្លងកាត់នូវរឿងរ៉ាវទុក្ខសោកវេទនាជាទីបំផុត។ សុខសន្តិភាព និងការអភិវឌ្ឍន៍ ដែលកម្ពុជាមាននៅពេលនេះ គឺមិនអនុញ្ញាតឱ្យនរណាម្នាក់មក បំផ្លាញបានឡើយ ហើយដោយសារតែសន្តិសុខ ស្ថេរភាព និងសន្តិភាពពេញលេញនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា ទើបពេលនេះប្រជាពលរដ្ឋខ្មែរទាំងអស់មានឱកាសប្រារព្ធពិធីបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិខ្មែរយ៉ាងសប្បាយរីករាយបំផុត លើកលែងតែជនក្បត់ជាតិ និងក្បត់ប្រជាជន ប៉ុណ្ណោះដែលត្រូវបង់តម្លៃខ្ពស់ចំពោះទង្វើរបស់ខ្លួន។ ដូច្នេះ ទេវតាឆ្នាំថ្មីក៏មិនអាចជួយបានដែរ ប្រសិនបើពួកគេនៅតែចិញ្ចឹមចិត្តបំផ្លាញកម្ពុជាតាមគ្រប់រូបភាព៕

...

ដោយ ពល ពានរិន្ទ
ទីក្រុងអង្គរខេត្តសៀមរាប, ថ្ងៃទី១២ ខែមេសា ឆ្នាំ ២០១៨

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print