ភ្នំពេញ ៖ ជនបរទេសម្នាក់ឲ្យរងរបួសជើងទាំងសងខាង ខណៈខ្មាន់កាំភ្លើងម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តមកជិត រួចដកកាំភ្លើងបាញ់ បង្កការភ្ញាក់ផ្អើលកាលពីម៉ោងជិត២រំលងអាធ្រាតឈានចូលថ្ងៃ ថ្ងៃពុធ ៤កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ៤៩ ស្ថិតក្នុងភូមិ៨ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ។
វរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថា កាលពីវេលាកើតហេតុខាងលើ មានករណីផ្ទុះអាវុធចំនួន៣គ្រាប់ បង្កឡើងដោយខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បើកបររថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌ខ្មៅ មិនចាំស្លាកលេខ ប្រើប្រាស់កាំភ្លើងខ្លីមិនស្គាល់ម៉ាក បានធ្វើសកម្មភាពបាញ់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ TUNCER DALKA ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិតួគី ជាម្ចាស់ហាងយីហោមីស្ទ័រមីឌីធីរ៉េនីន ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ៤៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្តាលឲ្យរងរបួសជើងទាំងសងខាងជាទម្ងន់។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះដើរតាមបណ្តោយផ្លូវលេខ៤៩ ក្នុងទិសដៅពីត្បូងទៅជើង។ ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ត១គ្រឿងបើកមកពីក្រោយ រួចក៏ទាញកាំភ្លើងបាញ់សំដៅទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួស រួចក៏បើករថយន្តគេចបាត់ស្រមោលតែម្តង។
ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមរុឺម៉កម៉ូតូបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញដើម្បីព្យាបាលរបួស។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចក៏ចុះទៅដល់កន្លែងកើតហេតុ ហើយបានរកឃើញសំបកកាំភ្លើងបន្សល់ទុកនៅទីតាំងខាងលើចំនួន៣គ្រាប់ និងបានយកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថខណ្ឌដូនពេញ ដើម្បីស្រាវជ្រាវរកមុខជនដៃដល់មកផ្តន្ទាទោសតាមច្បាប់៕ជ្រោយពេជ្រ