ខេត្តកណ្តាល៖ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការខេត្តកណ្តាលបានចេញអន្តរាគមន៍យ៉ាងបន្ទាន់មួយដោយបាញ់ទឹកអស់២រថយន្តធ្វើឲ្យភ្លើងដែលកំពុងឆេះរាលព្រៃត្រែងនោះមិនអាចឆេះបន្តទ្រង់ទ្រាយធំ ឬរាលដាលទៅកាន់លំនៅឋានរបស់ពលរដ្ឋបានឡើយ។ ភ្លើងឆេះព្រៃនេះបានរលត់ទៅវិញទាំងស្រុងបន្ទាប់ពីការឆាបឆេះបានរយៈពេលមួយម៉ោងប៉ុណ្ណោះ ។ សេចក្តីរាយការណ៍បានបញ្ជាក់ថា កាលពីវេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃទី៧ ខែកក្កដា ភ្លើងឆេះព្រៃត្រែងមួយបានកើតឡើងស្ថិតនៅក្នុងភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្តាល ដែលមូលហេតុ បង្កឡើង ត្រូវសមត្ថកិច្ចសន្និដ្ឋានថា ទំនងជាពលរដ្ឋដុតស្មៅព្រៃ ហើយមិនបានប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យមានអណ្តាតភ្លើងរាលឆេះព្រៃត្រែងនៅតាមមាត់ទន្លេបាសាក់នោះតែម្តង ។ ប៉ុន្តែនៅវេលាម៉ោង១២និង១៥នាទីរសៀល ថ្ងៃដដែល អគ្គិភ័យនេះបានរត់ទៅវិញហើយ ហើយប្រជាពលរដ្ឋក៏មានការធូរទ្រូង រួចផុតពីក្តីបារម្ភដោយសារតែភ្លើងឆេះនេះផងដែរ ៕ ស្អាងជ័យ
ភ្លើងឆេះព្រៃត្រែងនៅភូមិលេខ៤ ឃុំស្វាយរលំបានរលត់ទៅវិញ
...