ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំច ព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៨
នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារលំដាប់ផ្កាយ ៥ « The Royal Sands Koh Rong » ដែលមានទីតាំងស្ថិតនៅភូមិសុខសាន្ដ សង្កាត់កោះរ៉ុង ក្រុងព្រះសីហនុ។
សណ្ឋាគារដ៏ទំនើបនេះ បានចំណាយទឹកប្រាក់ សាងសង់អស់ប្រមាណជា៤០លានដុល្លារ ក្នុងដំណាក់កាលទី១ ហើយសាងសង់ជាលក្ខណៈ វីឡាចំនួន៦៧ខ្នង ស្មើនឹង១៤៨បន្ទប់ ដែលរាល់វីឡានីមួយៗមានអាងហែលទឹកចំនួន១ផងដែរ។
ការបង្កើតអោយមានជាសណ្ឋាគារនៅទីនេះ គឺជាការបង្ហាញអំពីសក្ដានុពលនៃវិស័យទេសចរណ៍របស់ប្រទេសកម្ពុជា និងការអភិវឌ្ឍន៍នៃសេវាកម្មទេសចរណ៍នៅលើទឹកដីប៉ែកនិរតី នៃតំបន់សមុទ្រនេះអោយកាន់តែល្អប្រសើរឡើងបន្ថែមទៀត។
គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់ពិធីនេះ(Live)នៅម៉ោង ៨:០០នាទីព្រឹក ពីកោះរុង ខេត្តព្រះសីហនុ៕
ដោយ៖ សុខ ខេមរា