ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូអត់ស្លាកលេខដើរលេងពេលយប់ ក៏ត្រូវសមត្ថកិច្ចហៅត្រួតពិនិត្យ តែបុរសនោះមិនព្រមឲ្យត្រួតពិនិត្យបែរជាឡូឡារករឿងមិនឲ្យសមត្ថកិច្ចចូលក្បែរ និងថែមទាំងបានយកទូរស័ព្ទដៃមកថតសមត្ថកិច្ចវិញ ។
ហេតុការណ៍នេះបង្កភាពភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី8 ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចស្ថានីយប្រេងឥន្ធនៈកាល់តិចគល់ស្ពានអាកាស៧មករា ស្ថិតក្នុងភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ កម្លាំងអន្តរាគមន៍ខណ្ឌសែនសុខសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ទឹកថ្លាបានល្បាតនៅចំណុចខាងលើ។ ពេលនោះក៏បានបានប្រទះឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី២០១៥ មិនទាន់មានស្លាកលេខ។ពេលឃើញដូចនេះ សមត្ថកិច្ចបានសុំត្រួតពិនិត្យ ប៉ុន្តែបែរជាអ្នកម៉ូតូ ដែលស្ថិតក្នុងស្ថានភាពស្រវឹងស្រាផងនោះ បានព្យាយាមបើកម៉ូតូរត់គេចទៅវិញ។ បន្ទាប់មក ពេលដែលសមត្ថកិច្ចឃាត់បានហើយគេហាក់បញ្ចេញឥរិយាបទរឹងទទឹងមិនឲ្យសមត្ថកិច្ចពិនិត្យ ហើយថែមទាំងមានមិត្តភ័ត្ត្រយកទូរស័ព្ទដៃមកថតសមត្ថកិច្ចវិញទៀត ដែលបង្កឲ្យភាពភ្ញាក់ផ្អើល និងមានមនុស្សម្នាចោមរោមមើលពេញស្ថានីយប្រេងឥន្ធនៈកាល់តិច ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ម៉ូតូឈ្មោះយីវ គឹមតុង ភេទប្រុស អាយុ២៥ឆ្នាំមុខរបរលក់ដូរស្នាក់នៅផ្ទះលេខ87 ផ្លូវលេខ205 សង្កាត់ទួលស្វាយព្រៃ២ខណ្ឌចំការមន និងមានស្រុកកំណើតភូមិតាំងក្រងឃុំតាំងក្រងស្រុកចំការលើខេត្តកំពង់ចាម។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមិនបានឃាត់ខ្លួនម្ចាស់ម៉ូតូទេ គ្រាន់តែដកហូតម៉ូតូយកទៅរក្សាទុក ដើម្បីដោះស្រាយបន្ដតាមនីតិវិធី៕
ដោយ៖ វិបុល