ភ្នំពេញ៖ នេះជាលើកទី១ហើយដែលផលិតកម្មផលិតខ្សែភាពយន្តក្នុងស្រុកបានរៀបចំពិធីក្រុងពលីចំនួនពីរលើក ។ ផលិតកម្មចក្រវាឡពេជ្រភាពយន្តបានប្រមូលផ្តុំតារាសម្តែងប្រុសស្រីល្បីឈ្មោះនិងអ្នកនិយមហ្វឹកហាត់ក្បាច់គុនបុរាណខ្មែរជាច្រើនរួបជាថ្មីដើម្បីរៀបចំពិធីក្រុងពលីទ្រង់ទ្រាយធំជាងមុនក្រោយកើតហេតុការចម្លែក លេចចេញនូវរូបថតមួយសន្លឹកដែលថតដោយកាំមេរ៉ាទូរស័ព្ទរបស់អ្នកស្រីអគ្គនាយិការថតឃើញរូបតួសម្តែងស្រីម្នាក់ដាច់ក្បាលនៅតែខ្លួន។
អ្នកស្រី ថុង ស៊ីវទៀង អគ្គនាយិការផលិតកម្មចក្រវាឡពេជ្រភាពយន្តបានបញ្ជាក់ថា ហេតុការណ៍ដែលធ្វើឲ្យតារាសម្តែង និងផលិតករមានការភ្ញាក់ផ្អើលនេះបានកើតមានឡើងគ្រាដែលផលិតកម្មខាងលើរៀបចំពិធីក្រុងពលីលើកដំបូងចេញថតខ្សែភាពយន្ត”វិស្សមកាលមរណៈ” កាលពីថ្ងៃទី៣ វិច្ឆិកា ឆ្នាំ២០១៥ ក្នុងទីស្នាក់ការរបស់ក្រុមផលិតកម្មចក្រវាឡស្ថិតនៅក្នុងបុរីវិមានភ្នំពេញ។
អ្នកស្រីលើកឡើងថា ការម្រមូលតារាសម្តែងក្នុងខ្សែភាពយន្ត វិស្សមកាលមរណៈ មកក្រុងពលីជាថ្មីនៅលើនាវារបស់អ្នកស្រីនាតំបន់កោះឧកញ៉ាតី ខណៈដែលនាវានិងទីតាំងទីនោះគឺជាប្លង់សំខាន់ដែលខ្សែភាពយន្តត្រូវផ្តិតយករួបភាប។ អ្នកស្រីបញ្ជាក់ថា ក្រៅពីក្នុងគោលបំណងសុខសប្បាយក្នុងគ្រាផលិត នៅមានមូលហេតុសំខាន់មួយគឺដោយសារហេតុការណ៍ចម្លែកដែលអ្នកស្រី និងក្រុមការងារមិនដែលជួយប្រទះព្រោះតែរូបថតដែលអ្នកស្រីថតតាមរយៈកាមរ៉ាទូរស័ព្ទគឺថតចេញឃើញតារាសម្តែងក្បាច់គុនបុរាណខ្មែរម្នាក់ថតមិនមានក្បាលគឺមានតែដងខ្លួន។
អ្នកស្រីបញ្ជាក់ថា ដោយសារខ្សែភាពយន្តនេះគឺជាខ្សែភាពយន្តមានលាយឡំនឹងឈុតឆាកលើទឹក និងមានខ្មោចផងដែរនោះទើបអ្នកស្រីយល់ថា ជាប្រផ្នូលមិនល្អ ហើយពិធីលើកទីពីរនេះគឺកាន់តែធំដុំជាងមុនដោយមានអ្នកជំនាញខាងសាសនាមានអាចារ្យ ព្រះសង្ឃចូលរួមរៀបចំទាំងដង្វាយជាចំណីអាហារ ផ្លែឈើ ភេសជ្ជៈ ភ្លេងប្រពៃណី តន្រ្តីពិនពាទ្យ និងវត្ថុសំខាន់មួយចំនួនទៀតសែនថ្វាយដល់អារុគ្ខអារក្សអ្នកតាថែរក្សាព្រៃភ្នំ ទឹកទន្លេនិងគ្រប់ទិសទីជាដើម។
អ្នកស្រីរំពឹងថា ក្រោយពីសែនព្រេនគ្រប់ជ្រុងជ្រោយនេះផលិតកម្មនឹងចេញថតខ្សែភាពយន្តជាផ្លូវការហើយអ្នកស្រីរំពឹងថា ខ្សែភាពយន្តនេះនឹងផលិតទៅជាមួយនឹងគុណភាព និងសុវត្ថិភាពដល់ សិល្បករនិងផលិតករនិងប្រកបដោយភាពយជោគជ័យខ្ពស់។
គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង«វិស្សមកាលមរណៈ» មានវត្តមាន រួមមានកញ្ញានី មុនីនាថ នាងខ្ញុង អ្នកនាងឆៃលីដាឡែន អ្នកនាងតូច ស្រីពេជ្រ លោកសាយ សៀរ៉ា លោកថៃ ប៊ុននាង អ្នកស្រីចាន់តារាទី អ្នកនាងប៉ែន សុផានី កញ្ញាថន លក្ខិណា លោកហម ឈរ៉ាព្រមទាំងតារាមួយចំនួនទៀត។ វាគឺ ជាប្រភេទខ្សែភាពយន្តដែលនិយាយពីចំនុចសំខាន់ៗក្នុងនោះមានកំប្លែងខ្មោចលងនិងការវាយតប់ដោយត្រូវបានចាងហ្វាងផលិតកម្មរៀបចំឲ្យតួសម្តែងទាំងអស់មកប្រជុំគ្នាហាត់រៀនវិជ្ជាគុនជាមុនដើម្បីបានសម្តែងមើលទៅបែបធម្មជាតិ។ ក្រៅពីបង្ហាត់ជំនាញក្បាច់គុណបុរាណដល់តារាសម្តែងពីក្រុមអ្នកជំនាញភាពយន្តថ្មីនេះក៍ប្រមូលផ្តុំទៅដោយតារាសម្បូរបទពិសោធអស់ជាច្រើនឆ្នាំមករួមគ្នាសម្តែងកសាងខ្សែភាពយន្តនេះឲ្យមានកម្រិតទាក់ទាញពីសំណាក់ទស្សនិកជនដោយផលិតកម្មបានចំណាយទុនជាច្រើនដើម្បីឲ្យមានគុណភាពខ្ពស់៕
ដោយ៖ វឌ្ឍនា