អធិការបតីអាល្លឺម៉ង់៖ កិច្ចព្រមព្រៀងបរមាណូអុីរ៉ង់ចាំបាច់ត្រូវតែរក្សាដដែល

ចែករំលែក៖

កាលពីថ្ងៃទី២ ខែឧសភា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់ថា កិច្ចព្រមព្រៀងបរមាណូអុីរ៉ង់ចាំបាច់ត្រូវតែរក្សាដដែល។ ទន្ទឹមនឹងនោះ លោកស្រីក៏បានអំពាវនាវដល់ភាគីអុីស្រាអែល ចែករំលែកព័ត៌មានចារកម្ម ស្តីពីកម្មវិធីបរមាណូអុីរ៉ង់ ដល់អង្គការត្រួតពិនិត្យថាមពលបរមាណូអន្តរជាតិ IAEA។

លោកស្រី ម៉ាគែល បញ្ជាក់ថា បញ្ហាពាក់ព័ន្ធនឹងកម្មវិធីបរមាណូអុីរ៉ង់នឹងត្រូវពិភាក្សា។ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងខាងលើ គឺជារឿងមិនត្រឹមត្រូវឡើយ។

អុីស្រាអែលបានថ្កោលទោសយ៉ាងខ្លាំង ដល់កិច្ចព្រមព្រៀងបរមាណូអុីរ៉ង់។ នៅក្នុងសប្តាហ៍នេះ ក្រសួងចារកិច្ចអុីស្រាអែលបានផ្តល់របាយការណ៍ថ្មីមួយដែលមានខ្លឹមសារថា អុីរ៉ង់កំពុងតែលួចលាក់បន្តកម្មវិធីបរមាណូដដែល។

មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានអធិការបតីអាល្លឺម៉ង់បានប្រកាសថា ចំណុចសំខាន់គឺព័ត៌មានស្តីពីកម្មវិធីបរមាណូរបស់អុីស្រាអែលចាំបាច់ត្រូវតែផ្តល់ឲ្យអង្គការ IAEA ដើម្បីត្រួតពិនិត្យ។

កន្លងមក អ្នកនាំពាក្យរបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិហៅកាត់ថា AIEA បានបញ្ជាក់ថា គ្មានសញ្ញាវិជ្ជមានគួរឲ្យជឿបានស្តីពីសកម្មភាពរបស់អ៊ីរ៉ង់ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរនៅក្រោយឆ្នាំ២០០៩។ ការប្រកាសរបស់ AIEA យ៉ាងដូចនេះបានធ្វើឡើង១ថ្ងៃ ក្រោយពីលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែល នេតាន់យ៉ាហ៊ូ បានអះអាងថា អ៊ីស្រាអែលមានភស្តុតាងគ្រប់គ្រាន់ដែលបញ្ជាក់ពីការនិយាយកុហករបស់អ៊ីរ៉ង់ក្នុងបញ្ហានុយក្លេអ៊ែរ។ ចំណែកអ៊ីរ៉ង់ក៏បានឆ្លើយបកនឹងលោក នេតាន់យ៉ាហ៊ូ វិញថាជាមនុស្សនិយាយកុហក។

ការរម្លឹករបស់ AIEA ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានមួយដែលថាក្រុមប្រឹក្សារដ្ឋបាល AIEA ធ្លាប់បានប្រកាសបិទបញ្ចប់ការពិនិត្យឡើងវិញលើព័ត៌មានស្តីពីសកម្មភាពរបស់អ៊ីរ៉ង់ទាក់ទងនឹងកម្មវិធីអាវុធនុយក្លេអ៊ែរបន្ទាប់ពី AIEA បានទទួលរបាយការណ៍មួយក្នុងខែធ្នូ ឆ្នាំ២០១៥។ ដោយមិននិយាយចំឈ្មោះលោក នេតាន់យ៉ាហ៊ូ អ្នកនាំពាក្យ AIEA បានពន្យល់បកស្រាយថា AIEA បានវាយតម្លៃលើព័ត៌មានទាំងអស់ដែលខ្លួនមានក្នុងដៃទាក់ទងនឹងគ្រប់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់។

សេចក្តីប្រកាសព័ត៌មានរបស់ AIEA ដដែលបានបញ្ជាក់ថា នៅមុនឆ្នាំ២០០៣ រចនាសម្ព័ន្ធមួយរបស់ AIEA ត្រូវបានបង្កើតឡើងនៅក្នុងប្រទេសអ៊ីរ៉ង់ ដើម្បីត្រួតពិនិត្យលើសកម្មភាពមួយចំនួនដែលជាប់ពាក់ព័ន្ធនឹងការអភិវឌ្ឍកម្មវិធីអាវុធនុយក្លេអ៊ែរ តែ AIEA បានទទួលស្គាល់ថា នៅក្រោយឆ្នាំ២០០៣ វាអាចកើតមានឡើងនូវសកម្មភាពមួយចំនួនដែលស្ថិតនៅក្រៅក្របខណ្ឌនៃកិច្ចខិតខំប្រឹងប្រែងរបស់ AIEA។ ចម្លើយរបស់ AIEA ដូចនេះគឺដើម្បីឆ្លើយតបទៅនឹងលោកនាយករដ្ឋមន្រ្តីអ៊ីស្រាអែលនេតាន់យ៉ាហ៊ូ នាយប់ថ្ងៃចន្ទ ទី៣០ ខែមេសា ដែលថា អ៊ីស្រាអែលមានភស្តុតាងពេញលេញដែលបញ្ជាក់ពីការបន្តកម្មវិធីអាវុធនុយក្លេអ៊ែរលួចលាក់របស់អ៊ីរ៉ង់។

ក្រៅពីប្រតិកម្មរបស់ AIEA ដែលមិនមែនជាទម្លាប់របស់ស្ថាប័នអន្តរជាតិមួយនេះក៏មានប្រតិកម្មពីអ៊ីរ៉ង់ដែលជាភាគីរងការចោទប្រកាន់ផ្ទាល់ពីលោក នេតាន់យ៉ាហ៊ូ។ ក្រសួងការបរទេសអ៊ីរ៉ង់បានចេញសេចក្តីប្រកាសព័ត៌មានមួយក្នុងថ្ងៃអង្គារ ទី១ ខែឧសភាដោយច្រានចោលការឡើងឡើងរបស់លោក នេតាន់យ៉ាហ៊ូ និងបានចោទនាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះពីបទនិយាយកុហក។ «នេតាន់យ៉ាហ៊ូ និងរបបឃោរឃៅអ្នកសម្លាប់កូនក្មេងគួរតែយល់ថា មតិសាធារណៈក្នុងលោកមានការអប់រំត្រឹមត្រូវ និងមិនល្ងង់ចេះតែជឿលើការរៀបរាប់របៀបនេះឡើយ» នេះជាឃ្លាឃ្លោងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសអ៊ីរ៉ង់។

ចំណែកលោក នេតាន់យ៉ាហ៊ូ ក៏បានឆ្លៀតឆ្លើយតបវិញក្នុងថ្ងៃអង្គារ ទី១ ខែឧសភា នាឱកាសផ្តល់បទសម្ភាសន៍ឲ្យទូរទស្សន៍អាមេរិកមួយចំនួនដោយប្រើឃ្លាស្លូតថាអ៊ីស្រាអែលមិនបានព្យាយាមចង់បង្កសង្រ្គាមជាមួយអ៊ីរ៉ង់ទេ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print