សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ទទួលជួបសវនាការ និងទទួលអំណោយពីសប្បុរសជន

ចែករំលែក៖

ភ្នំពេញ ៖ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨នេះ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញទទួលជួបសវនាការ និងទទួល​អំណោយ​សប្បុរសធម៌ ពីសប្បុរសជន មកពីបណ្តាក្រុមហ៊ុននានា ដែលសរុបថវិកាទាំងអស់មានចំនួន ១,១៨០,០០០ដុល្លារ (មួយលានមួយសែនប្រាំបីមុឺន​ដុល្លារអាមេរិក) ព្រម​ទាំង​រថយន្តហ្វដចំនួនពីរគ្រឿង និងមួកសុវត្ថិភាពចំនួន២,០០០មួក ពីក្រុមហ៊ុនស្រាបៀរ (GANZBERG) ។

​នៅក្នុងជំនួបដាច់ដោយឡែកពីគ្នារួមមាន៖
បណ្តាក្រុមហ៊ុនចំនួន​២៨, រួមមានក្រុមហ៊ុន ខ្មែរ, ថៃ, ចិន ដែលបណ្តាក្រុមហ៊ុនមួយចំនួន ធ្លាប់​បានជួយ​ដល់កាក​បាទ​ក្រហមកម្ពុជា ​អស់រយៈពេលជិត១០ឆ្នាំកន្លងមកហើយ។

ឮនៅក្នុងជំនួបដាច់ដោយឡែកពីគ្នានោះ សម្តេចប្រធានកាកបាទក្រហមកម្ពុជា ក៏បានស្វាគមន៍ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈប្រតិភូនីមួយៗ ដែលបាននាំមកនូវថវិការបស់សប្បុរសជន ជូនដល់កាកបាទក្រហមកម្ពុជា ដើម្បីរួមចំណែកជួយបង្កលក្ខណៈឱ្យកាកបាទក្រហមកម្ពុជា មានលទ្ធភាព បានដំណើរការ ធ្វើសកម្មភាពរបស់ខ្លួនកាន់តែមានប្រសិទ្ធភាព និងកាន់តែទូលំទូលាយ។

សម្តេចកិត្តព្រឹទ្ធបណ្ឌិត បានជម្រាបជូនប្រតិភូ អំពីរចនាសម្ព័ន្ធការងារ របស់កាកបាទក្រហមកម្ពុជានៅថ្នាក់កណ្តាល ​ដែល​មាន​នាយកដ្ឋានក្រោមឱវាទទាំង៦ ហើយបានជម្រាបជូនអំពីស្ថានភាព ដែលប្រជាជនកម្ពុជាបានជួបប្រទះ​នូវ​​គ្រោះមហន្តរាយផ្សេងៗ ក្នុងពេលថ្មីៗនេះ ដែលកាកបាទក្រហមបានជួយ ដូចជាជន​រងគ្រោះ​ដោយ​ខ្សល់កន្ត្រាក់, រន្ទះបាញ់, ការជួយជីកស្រះទឹក, អណ្តូងទឹកជាដើម។

សម្តេច​​កិត្តិព្រឹទ្ធបណ្ឌិត បានសន្យាថានឹង​ធ្វើ​ការ​បន្តចែកជូនដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយកត្តាផ្សេងៗនៅទូទាំងប្រទេសកម្ពុជា។

សម្តេចកិត្តព្រឹទ្ធបណ្ឌិត ក៏បានកោតសរសើរចំពោះ វិស័យ​ឯកជន ដែលបានធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានរួមចំណែកជួយដល់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេស​ការ​ទទួលយកនូវកម្លាំងពលកម្មវ័យក្មេង ដែលកម្ពុជាបាន និងកំពុងធ្វើការបណ្តុះបណ្តាលធនធានមនុស្ស​វ័យ​​ក្មេងជាច្រើននៅក្នុងប្រទេសកម្ពុជា។

សម្តេចព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានលើកទឹកចិត្តជូនដល់វិស័យឯកជនទាំងអស់ និងបានអញ្ជើញវិស័យឯកជន ទាំងអស់នោះ ដែលមានចំណាប់អារម្មណ៍ ជាពិសេសនៅថ្ងៃទី៨ឧសភា ខួប ១៥៥ ដែលជាទិវាកាកបាទក្រហម និងអឌ្ឍច័ន្ទក្រហមអន្តរជាតិ ៨ឧសភា ឆ្នាំ២០១៨ នៅប៉ុន្មានថ្ងៃទៀតនេះ មេត្តាបន្តជួយដល់កាកបាទក្រហមកម្ពុជា ជា​បន្តទៅទៀត ព្រោះរាល់តម្រូវការរបស់កាកបាទក្រហមកម្ពុជា គឺអាស្រ័យលើការជួយពីសប្បុរសជនគ្រប់ប្រភេទ ដើម្បីបង្កលក្ខណៈឱ្យកាកបាទក្រហមកម្ពុជា កាន់តែមានប្រសិទ្ធភាព ក្នុងការផ្តល់សេវាមនុស្សធម៌ ជួយដល់ប្រជាជន ដែលងាយរងគ្រោះ និងរងគ្រោះដោយយថាហេតុផ្សេងៗគ្រប់ទីកន្លែង ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print