ខ្យល់ព្យុះធូលីនិងរន្ទះវាយប្រហារនៅឥណ្ឌាស្លាប់មនុស្សយ៉ាងតិច១២៥នាក់

ចែករំលែក៖

ខ្យល់ព្យុះធូលី និងរន្ទះផងបានសម្លាប់មនុស្សយ៉ាងហោចណាស់១២៥ នាក់នៅទូទាំងប្រទេសឥណ្ឌា ដែលបានកើតឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី៣​ ខែឧសភា ឆ្នាំ២០១៨ ។

ខ្យល់ព្យុះធូលីបានបក់បោកយ៉ាងខ្លាំងនៅភាគខាងជើងនៃប្រទេសឥណ្ឌា ធ្វើឲ្យមានការងងឹតស្លុបតែម្តង ។ ខ្យល់ព្យុះនេះមានកម្លាំងល្បឿនជាង១៣០គីឡូម៉ែត្រក្នុងមួយម៉ោង វាយប្រហាររដ្ឋ Uttar Pradesh Rajasthan និងរដ្ឋ Punjab ប្រទេសឥណ្ឌា បណ្តាលលំនៅឋានពលរដ្ឋបាក់រាបស្មើរដល់ដី បាក់ជញ្ជាំងថ្មី ដើមឈើ និងកាច់ផ្តាច់ថាមពលអគ្គិសនី។

យ៉ាងហោចណាស់មនុស្ស១១១ នាក់បានស្លាប់ ដែលភាគច្រើនខណៈពួកគេដេក ហើយជញ្ជាំងផ្ទះរលំសង្កាត់លើ ឬដំបូលធ្លាក់ចំពួកគេ។

ក្រុមមន្ត្រីទប់ស្កាត់គ្រោះមហន្តរាយបាននិយាយថា មនុស្ស១៤នាក់ផ្សេងទៀត បានស្លាប់នៅក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូង ដោយសារការបាញ់ប្រហារពីផ្គររន្ទះជាង៤១.០០០លើក កាលពីថ្ងៃពុធ។

រដ្ឋ Uttar Pradesh និង Rajasthan បានរងផលប៉ះពាល់ពីព្យុះធូលី ដែលបន្ទោសលើការប៉ះទង្គិចនៃអាកាសធាតុពីរ នៅឥណ្ឌា បង្កឲ្យសីតុណ្ហភាពកើនឡើងកម្តៅជាងធម្មតា ។

ស្រុកមួយចំនួនទៀតត្រូវគេរាយការណ៍ថា វាយប្រហារដោយព្យុះរយៈពេល៤៥នាទី លាយឡំដោយផ្គររន្ទះឆ្វេតឆ្វាច។

សូមបញ្ជាក់ថា ខ្យល់ព្យុះដូចគ្នានេះ បានសម្លាប់មនុស្សជាច្រើននាក់ រៀងរាល់ឆ្នាំនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែគ្រោះមហន្តរាយពេលនេះ ជាហេតុការណ៍អាក្រក់បំផុតមួយ ក្នុងចំណោមហេតុការណ៍ធ្ងន់ធ្ងរ រយៈពេលប៉ុន្មានទសវត្សរ៍ថ្មីៗនេះ។

លោក Shivam Lohia ម្ចាស់សណ្ឋាគារ រមណីយដ្ឋាននៅតំបន់ Alwar ស្រុក Rajasthan បានរត់ចោលចោលឡានរបស់ខ្លួននៅតាមផ្លូវ និងបានចុះរត់ប្រាស់អាយូស បន្ទាប់ពីឡាននេះ ស្ទើរតែផ្ទុះឡើងនោះ។

លោក Lohiaបានប្រាប់AFPថា: ខ្ញុំមិនដែលឃើញព្យុះដ៏សាហាវបែបនេះទេ២៥ ឆ្នាំមកហើយ គ្រប់ៗគ្នាភ័យខ្លាច និងរត់ទៅរកកន្លែងលាក់ខ្លួន ខណៈដើមឈើ និងលំនៅឋានបាក់រលំបន្តបន្ទាប់ ។ វាជាសុបិន្តអាក្រក់ ។

មានការបញ្ជាក់ថា មនុស្ស៧៣នាក់បានស្លាប់នៅ Uttar Pradesh ភាគខាងជើង, មនុស្ស៣៦នាក់ស្លាប់នៅរដ្ឋវាលខ្សាច់ Rajasthan នៅខាងលិច និងពីរនាក់ទៀតស្លាប់នៅតំបន់ Punjab ។

ស្រុក Agra រដ្ឋ Uttar Pradesh ជាតំបន់រងគ្រោះបំផុត ដោយមានមនុស្សយ៉ាងតិច៤៣នាក់បានស្លាប់។ តំបន់ Taj Mahal ស្ថិតនៅក្នុងទីក្រុង Agra ប៉ុន្តែមន្ត្រីនិយាយថា ទីកន្លែងនេះបានគេចផុតពីការខូចខាត។

កាលពីខែមុន ព្យុះស្រដៀងគ្នានេះ បានសម្លាប់មនុស្សយ៉ាងហោចណាស់១៥នាក់នៅរដ្ឋ Uttar Pradesh និងបានបំផ្លាញអណ្តូងរ៉ែចំនួនពីរនៅតំបន់ Taj Mahal ។

ក្រុមជួយសង្គ្រោះនៅតែបន្តរុករកនៅតាមគំនរថ្មបាក់បែក កាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា មនុស្សជាង២០នាក់បានរកឃើញស្លាប់នៅក្នុងភូមិ Kheragarh ភាគនិរតី នៃតំបន់Agra។

មន្ត្រីការិយាល័យរបស់ក្រុមជួយសង្គ្រោះ Uttar Pradesh បានប្រាប់ AFP ថា ចំនួនអ្នកស្លាប់គឺ«មិនធ្លាប់មានពីមុនមក»ពីព្យុះបែបនេះ ក្នុងរយៈពេល២០ឆ្នាំមកនេះ។

សត្វពាហនៈ និងសត្វផ្សេងៗទៀតជាង ១៥០ក្បាលបានងាប់ផងដែរនៅទូទាំងរដ្ឋ ។

ប្រភពបានបន្ថែមថា “មានការព្យាករណ៍ថា ព្យុះផ្សេងបន្ថែមទៀតនឹងកើតឡើងនៅរយៈពេល៤៨ ម៉ោងខាងមុខ នៅទូទាំងរដ្ឋ ដូច្នេះប្រជាជនគួរតែប្រុងប្រយ័ត្ន” ។

លោក Hemant Gera ប្រធានផ្នែកគ្រប់គ្រងគ្រោះមហន្តរាយ និងសង្គ្រោះ បាននិយាយថា ក្រុមប្រតិបត្តិការជួយសង្គ្រោះបន្ទាន់ ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្ន ហើយអំពាវនាវពលរដ្ឋមិនគួរដេកនៅខាងក្រៅផ្ទះនោះទេ។

នៅតំបន់ Punjab, Kumar Amit, ស្នងការរងនគរបាលស្រុក Patiala បានប្រាប់ AFP ថា ជញ្ជាំងថ្មីផ្ទះបានបាក់រលំសង្កត់មនុស្សស្លាប់ពីរនាក់។

នាយកដ្ឋានឧតុនិយមឥណ្ឌាបានព្រមានថា នឹងមានខ្យល់ព្យុះច្រើនថែមទៀតលើទំហំផ្ទៃដីយ៉ាងធំ រហូតទៅដល់ថ្ងៃសៅរ៍ ។

ស្រុកបីក្នុងរដ្ឋ Rajasthan ជារដ្ឋមានប្រជាប្រិយភាព មានភ្ញៀវទេសចរទៅទស្សនាវិមានប្រវត្ដិសាស្ដ្រ និងវាលខ្សាច់ safarisនោះ ទទួលរងការវាយប្រហារយ៉ាងខ្លាំងបំផុតពីខ្យល់ព្យុះធូលីនេះ កាលពីថ្ងៃពុធ។

មនុស្ស១៩នាក់បានស្លាប់នៅតំបន់ Bharatpur, មនុស្ស៩នាក់ទៀត ស្លាប់នៅ Alwar និង៨នាក់ទៀត បាត់បង់ជីវិតនៅតំបន់ Dholpur។

មន្ត្រីនាយកដ្ឋានអាកាសធាតុក្រុងញូវដែលីបានថ្លែងថា ព្យុះនេះបណ្តាលមកពីការប៉ះទង្គិចគ្នា រវាងប្រព័ន្ធអាកាសធាតុ ភាគខាងកើត និងខាងលិច នៅលើតំបន់វាលទំនាបភាគខាងជើង ។

លោក Charan Singh អ្នកវិទ្យាសាស្ត្រនាយកដ្ឋានឧតុនិយមឥណ្ឌាបាននិយាយថា ខ្យល់ដែលមានល្បឿន១៣២គីឡូម៉ែត្រក្នុងមួយម៉ោង បានវាយប្រហារនៅតំបន់ Agra ខណៈពេលដែលសូម្បីតែនៅក្នុងរដ្ឋធានីញូវដេលី ក៏នៅមានកម្រិតល្បឿនខ្យល់៥៩គីឡូម៉ែត្រក្នុងមួយម៉ោងផងដែរ។

អគ្គិសនីត្រូវបានកាត់ផ្តាច់ជាច្រើនផ្នែក ស្ថិតនៅក្នុងរដ្ឋ Rajasthan ខណៈដែលបង្គោលអគ្គិសនីរាប់ពាន់ដើមបានរងការបំផ្លាញ ។ ក្រុមមន្រ្តីបាននិយាយថា វាអាចចំណាយពេលជាងពីរថ្ងៃដើម្បីស្ដារថាមពលឡើងវិញ ។

រដ្ឋាភិបាលបានបញ្ចេញប្រាក់យ៉ាងឆាប់រហ័សដើម្បីទូទាត់សងដល់គ្រួសាររងគ្រោះដែលបានស្លាប់ ឬរងការខូចខាត ។ ទឹកប្រាក់ប្រហែល៦.០០០ដុល្លារអាមេរិក នឹងត្រូវផ្តល់ជូនគ្រួសារដែលមានសមាជិកស្លាប់ម្នាក់ៗ។

នាយករដ្ឋមន្ត្រី Narendra Modiបាននិយាយនៅលើបណ្តាញសង្គម Twitterថា “សោកស្តាយខ្លាំងណាស់ ដោយសារតែការបាត់បង់ជីវិតបណ្តាលមកពីព្យុះធូលីនៅក្នុងផ្នែកជាច្រើននៃប្រទេសឥណ្ឌា។ លោកបានមានប្រសាសន៍បន្ថែមទៀតថា “បានស្នើឱ្យមន្រ្តីសម្របសម្រួលជាមួយរដ្ឋាភិបាលរដ្ឋនីមួយៗ និងធ្វើការឆ្ពោះទៅរកការជួយដល់អ្នកដែលរងផលប៉ះពាល់”៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print