ភ្នំពេញ ៖ បញ្ហាបនល្បែងស៊ីសង គេពិតជាដឹងគ្រប់គ្នាថា គឺប្រភពផ្តើមឲ្យមានបទល្មើសក្នុង សង្គម នូវអំពើលួច ឆក់ ប្លន់ កាប់សម្លាប់ លក់ បញ្ចាំ សម្ភារ ផ្ទះសម្បែង ហើយថ្នាក់លើពិត ជាមានវិធានការដ៏តឹងតែង ជម្រុញឲ្យអាជ្ញាធរ និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់តាមមូលដ្ឋាន បង្ក្រាប លុបបំបាត់ឲ្យខាងតែបាន ។ បុរសវ័យជាង៣០ឆ្នាំ មុខរបរជាអ្នកលក់ទូរស័ព្ទនៅ លើកំណាត់ផ្លូវលេខ១៩៨៦ ជាមួយនិងមិត្តភ័ក្តិរបស់គាត់់មួយក្រុមទៀតបាននិយាយយ៉ាង ដូច្នេះ កាលពីព្រលប់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ ។
ពួកគាត់បន្តថា អាចម្ចាស់ទីតាំងបើកអ៊ីនធើណេតបង្កប់ល្បែងស៊ីសងខាងលើនេះ មានខ្នង បង្អែករឹងមាំ ទើបអាជ្ញាធរ និង សមត្ថកិច្ចកិច្ចមិនហ៊ានបង្ក្រាប នេះក៏ជាបញ្ហាមួយកើតនូវ ការព្រួយបារម្ភចំពោះប្រជាពលរដ្ឋ ក្នុងមូលដ្ឋានលើបញ្ហាអសន្តិសុខ អំពើលួចឆក់ប្លន់នេះ ជាដើម…។ ជាក់ស្តែង ពួកគាត់ថែមទាំងបញ្ជាក់យ៉ាងលម្អិតថា ទីតាំងអ៊ីនធើណេត Wifi ទី១ ស្ថិតតាមបណ្តោយផ្លូវលេខ១៩៨៦ ភូមិ-សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ,ទីតាំងទី២- ស្ថិតតាមបណ្តោយផ្លូវលេខ២០១១ ភូមិ-សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ គឺបើកដំណើរការ ២៤ម៉ោងលើ២៤ម៉ោង ។
គួររំឭកថា ទីតាំងអ៊ីនធើណេតបង្កប់ល្បែងស៊ីសងទាំងនេះ មិនត្រឹមប្រមូលផ្តុំក្រុមជនង្គម ងងឹតប៉ុណ្ណេះទេ គឺជាជម្រករបស់ក្រុមជនប្រើប្រាស់ថ្នាំញៀន ទៅលេងផងប្រើប្រាស់ផង ជួនកាលចេញធ្វើសកម្មភាព លួច ឆក់ ប្លន់ នៅពេល រំលងអាធាត្រនេះជាដើម ខណៈ កន្លងទៅអំពើប្លន់បាញ់សម្លាប់ ឬប្រើឧបករណ៍ដំបងឈើ ដែក កាំបិត ធ្វើសកម្មភាពប្លន់ ម៉ូតូ ឆក់ទូរស័ព្ទប្រជាពលរដ្ឋ ក៏ដូចជាបរទេស ធ្លាប់កើតមាន និងចេញពីទីតាំងបនល្បែង ហ្គេមនេះតែម្តង ។
ប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរ និង សមត្ថកិច្ចមូលដ្ឋានចុះរដ្ឋបាល ឬបិទអាជីវកម្ម ប្រសិនបើម្ចាស់ទីតាំងបានបើកអ៊ីនធើណេត ហើយបង្កប់នូវបនល្បែងស៊ីសង ដូចទីតាំង អ៊ីនធើណេតខាងលើនេះ ដើម្បីអនុវត្តឲ្យបានតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ក៏ដូចជាប្រសាសន៍មាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកឡើងអំពីតួនាទីធំបំផុតរបស់មន្ត្រី មន្ត្រីរាជការ «គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ប្រជាជន មិនមែនជាចៅហ្វាយរបស់ប្រជាជននោះទេ ហើយមន្ត្រីរាជការទាំងអស់ត្រូវតែពង្រឹង នូវសមត្ថភាពរបស់ខ្លួនទៅតាមជំនាញនីមួយៗឲ្យទាន់សម័យកាលបច្ចេកវិទ្យាបច្ចុប្បន្ន មិនត្រូវធ្វើជាមន្ត្រីអភិរក្សនិយមនោះទេ» ។
បើទោះជាមានការលើកឡើងពីប្រជាពលរដ្ឋ ស្អប់ខ្ពើមនូវល្បែងស៊ីសង ព្រមទាំងសំណូម ពរអាជ្ញាធរ និងសមត្ថកិច្ចបង្ក្រាបក៏ដោយ ក៏សកម្មភាពនៃការបើកបនល្បែងនេះ នៅមាន សុពលភាពជានិរន្ត ។ ប៉ុន្តែសមត្ថកិច្ច អាជ្ញាធរ មន្ត្រីសាលាខណ្ឌមួយចំនួន បានលើកឡើង ថា «លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ តែងលើកឡើងរាល់អង្គ ប្រជុំ វេទិកាសាធារណៈ ការជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ការដឹកនាំបុគ្គលិក មន្ត្រីរាជការ ចុះតាមមូលដ្ឋាន អភិវឌ្ឍន៍កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ លោកតែងបញ្ជា ឲ្យមានការបង្ក្រាប ដោយគ្មានយោគយល់នូវអំពើខុសច្បាប់ និងទីតាំងអ៊ីនធើណេត គ្មាន ច្បាប់អនុញ្ញាត ឬបង្កប់នូវបនល្បែងស៊ីសង» ។ ករណីខ្លះ ក៏អាចកើតមានដោយសមត្ថកិច្ច អាជ្ញាធរថ្នាក់ក្រោម លាក់លៀម ទើបថ្នាក់លើមិនបានជ្រួតជ្រាប ជុំវិញទីតាំងបនល្បែងខាង លើនេះ?
តាមទូរស័ព្ទជាមួយអង្គភាព «នគរដ្រេហ្គន» លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាល ខណ្ឌសែនសុខ តែងទទួលយកនូវការផ្តល់ព័ត៌មាន ដោយទឹកចិត្តរីករាយ ជាមួយនឹងការ បញ្ចៀសទៅកាន់អាជ្ញាធរ សមត្ថកិច្ចតាមមូលដ្ឋាន ចុះបង្ក្រាបឬធ្វើរដ្ឋបាល ធ្វើកិច្ចសន្យាឲ្យ បញ្ឈប់អាជីវកម្មខុសច្បាប់ ។ ប៉ុន្តែករណីខ្លះ គេទទួលស្គាល់ថា អាជ្ញាធរភូមិ-សង្កាត់ ខណ្ឌ អាចនឹងខ្លាចរអា ខណៈទីតាំងខ្លះមានអស់លោកអន្រ្ទើសៗនៅពីក្រោយខ្នង ឬស្រេកឃ្លាន ទទួលប្រយោជន៍ពីម្ចាស់ទីតាំងបើកល្បែងស៊ីសង តាមរយៈបើកអ៊ីនធើណេតនេះជាដើម ទាំងពុំបានគិត ពីសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ។
ពាក់ព័ន្ធនឹងករណី អ៊ីនធើណេតបង្កប់ល្បែងស៊ីសងខាងលើនេះ លោក ញ៉ាត សាម៉េត ចៅ សង្កាត់គោកឃ្លៀងបានបញ្ជាក់ថា «ខ្ញុំនឹងឲ្យមន្ត្រីចុះទៅមើលពិនិត្យជាក់ស្តែងសិន ដើម្បី មានវិធានការ» ។ ដោយឡែកលោក ឌួង វណ្ណេៈ នាយប៉ុស្តិ៍នគរបាលគោកឃ្លៀង បញ្ជាក់ផងដែរថា ការបង្ក្រាបលុះត្រាណាមានបទបញ្ជាពីថ្នាក់លើ ។
ប្រភពគួរឲ្យជឿទុកចិត្តមួយបានទម្លាយថា «ម្ចាស់ទីតាំងបើកអ៊ីនធើណេតបង្កប់ល្បែងស៊ីសងនេះ មិនត្រឹមតែដំណើរការនៅតាមសង្កាត់មួយចំនួន ក្នុងខណ្ឌសែនសុខប៉ុណ្ណោះទេ ពួកគេ បានបើកលក្ខណៈទ្រង់ទ្រាយធំ នៅក្នុងខណ្ឌ៧ មករា និង ខណ្ឌដូនពេញយ៉ាងគគ្រឹកគ្រេង ម្ចាស់ទីតាំងនីមួយៗ ខ្លួនបើកបនល្បែងខុសច្បាប់សោះ តែសម្តីយកមេឃមក ទ្រាប់គូទអង្គុយ យកឈ្មោះ សមត្ថកិច្ច អាជ្ញាធរ ថ្នាក់អន្ទ្រើសៗធ្វើជាយ័ន្ត កុំឲ្យខ្មោចព្រាយ បិសាចហ៊ានចូលមករំខាន មុខរបរល្មើសច្បាប់នេះ» ៕ ដោយ ៖ តុង សីហា