កែវ ស្រីនាង ថាមិនបារម្ភពេលជួប អូន ឧស្សាហ៍ លើកទី៣ ក្នុងរឿង“កាំបិតមុខ២”

ចែករំលែក៖

ភ្នំពេញ៖ព្រឹក ថ្ងៃទី ០៤ ខែ ឧសភា នេះផលិតកម្មមហាហង្សបានរៀបចំពិធីក្រុងពាលីប្រកាសចេញថតភាពយន្តថ្មីក្រោមវត្តមានតារាប្រុសស្រីល្បីឈ្មោះជាច្រើនរួមទាំងក្រុមការងារផលិតកម្មមហាហង្សផងដែរ។ តារាសម្តែងលេចធ្លោរពីររូបគឺ លោក អូន ឧស្សាហ៍ និងអ្នកនាង កែវ ស្រីនាង នឹងចាប់ដៃគូសម្តែងរួមគ្នាជាលើកទី៣ ក្នុងភាពយន្តភាគថ្មី គឺរឿង កាំបិតមុខ២

ការចាប់ដៃគូសម្តែងថ្មីនេះនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍ជាថ្មីក្រោយពីពួកគេខកខានសម្តែងរួមគ្នាជាអស់ជាច្រើនឆ្នាំ។

​​លោក អូន ឧស្សាហ៍ នឹងសម្តែងជាតួអង្គឈ្មោះ វិជ្ជបុត្រ ដែលមានអត្តចរិកជាបុរសសម្បូរស្នេហ៍ កាច រឹងរូស និងធ្វើបាបចិត្តតួស្រីច្រើន លោកថា កន្ល្ងងមកលោកធ្លាប់សម្តែងជាមួយ កែវ ស្រីនាងក្នុងភាពយន្តភាគរឿង វិញ្ញាណស្នេហ៍អាថ៌កំបាំង និងភាពយន្តខ្នាតធំរឿង ក្រមុំសៅកែ លោកថាក្នុងសាច់រឿងលោកមានស្នេហាច្រើនបន្តបន្ទាប់ ដែលសូម្បីតែអ្នកបម្រើក្នុងផ្ទះក៏លោកមានស្នេហាជាមួយដែរ។ លោកថាភាពយន្តនេះនឹងឆ្លុះបញ្ចាំងការអប់រំច្រើនលើសង្គមគ្រួសារ និងស្នេហាបុរសនារីនាសង្គមបច្ចុប្បន្ន។

អ្នកនាង កែវ ស្រីនាង បញ្ជាក់ថា នាងសប្បាយចិត្តដែលទទួលបានឱកាសសម្តែងភាពយន្តភាគជាថ្មីពិសេសជាមួយដៃគូសម្តែងចាស់លោក អូន ឧស្សាហ៍ដែលធ្លាប់សម្តែងរួមគ្នាក្នុងភាពយន្តភាគ និងភាពយន្តខ្នាតធំកន្លងមក។ នាងលើកឡើងថាក្នុងភាពយន្តភាគថ្មីនេះនាងសម្តែងជាតួអង្គឈ្មោះ នាង ម៉ាវតី មានអត្តចរិកឡិកឡក់លេងសើច និងកាចឆ្នាសផងដែរ។នាងថាមិនមានបញ្ហាក្នុងការសម្តែងរួមគ្នានោះទេព្រោះតែនាង និងតួឯកប្រុសរូបនេះស្និទ្ធស្នាលគ្នាស្រាប់ និងធ្លាប់សម្តែងរួមគ្នាដែលដឹងច្រើនអំពីចិត្តគំនិត និងការដាក់អារម្មណ៍ក្នុងការសម្តែង។

ក្រៅពី លោក អូន ឧហ្សាហ៍ និងអ្នកនាង កែវ ស្រីនាង ភាពយន្តរឿង កាំបិតមុខ២ ក៏មានការចូលរួមសម្តែងពីតារាប្រុសស្រីល្បីឈ្មោះជាច្រើនទៀតដូចជាលោក អ៊ុន សុធា អ្នកនាង ភិន សុដាលីស កញ្ញាម៉ៅ គឹមធីតា អ្នកស្រី សរ កេសរ៉ា អ្នកស្រី ចាន់ តារាទី លោក ម៉េង រ៉ាវុធកញ្ញា សឿន ផានផាភួង អ្នកនាង វ៉ាន់ លីលី លោក ហម ឈរ៉ា ជាដើម ភាពយន្តនេះមានចំនួន៤៥ភាគ ដែលចំណាយពេលប្រមាណជាង៤ខែក្នុងការផលិត ហើយនឹងធ្វើការចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ PNN នៅពេលខាងមុខនេះ៕

...

ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print