ភ្នំពេញ៖ ជនជាតិចិន២នាក់បានផ្ទុះហិង្សាដាក់គ្នាបង្កឲ្យមានការភ្ញាក់ផ្អើលពេញមួយភោជនីយដ្ឋាន ដោយសារតែទំនាស់ពាក្យសម្តីក្នុងរឿងលុយកាក់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅផ្លូវ១៦១ ខាងកើតពហុកីឡដ្ឋានជាតិអូឡាំពិក សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
សមត្ថកិច្ចបញ្ជាក់ថា ជនជាតិទាំង២នាក់នេះបានណាត់គ្នាមកភោជនីយដ្ឋានចិនមួយកន្លែងដើម្បីជជែកគ្នា ប៉ុន្តែមិនដឹងរឿងអីនោះទេ ស្រាប់ផ្ទុះសម្តីធំដាក់គ្នាធ្វើឲ្យភ្ញាក់ផ្អើលក្នុងហាង រហូតដល់អ្នកដំណើរនៅតាមដងផ្លូវនាំគ្នាមកចោមរោមមើល ។
ក្រោយកើតហេតុ ម្ចាស់ហាងបានរាយការណ៍ទៅសមត្ថកិច្ចចុះមកអន្តរាគមន៍នាំខ្លួនជនជាតិចិនទាំងពីរទៅប៉ុស្តិ៍នគរបាលដើម្បីសាកសួរ ។
សមត្ថកិច្ចបញ្ជាក់ថា ទំនាស់ពាក្យសម្តីរបស់ជនជាតិចិនទាំង២នេះកើតឡើងដោយសាររឿងលុយកាក់ចូលភាគហ៊ុនគ្នារកស៊ី ៕
ដោយ៖ ស រស្មី