ខេត្តព្រៃវែង៖ អាងទឹកទំនប់ក្បាលកប៉ាល់ ដែលជាប្រភពទឹកសម្រាប់ផ្គត់ផ្គង់លើផ្ទៃដីដំណាំស្រូវរដូវប្រាំងរបស់ប្រជាកសិករ ក្នុងឃុំព្រែកតាសរ ស្រុកពោធិរៀង ខេត្តព្រៃវែង កំពុងត្រូវបានក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង អន្តរាគមន៍បូមទឹកបំពេញ ។
លោក ជុំ សុភី ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង បានប្រាប់ឱ្យដឹងនៅថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ ២០១៥ នេះ ថា ដោយពិនិត្យឃើញស្ថានភាពទឹកក្នុងអាងទំនប់ក្បាលប៉ាល់នៅមានកម្រិតតិចតួច មិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់លើផ្ទៃដីដំណាំស្រូវរដូវប្រាំងប្រមាណជាង ៤០០ ហិកតា នៅតំបន់នេះបាន ក្រុមការងារមន្ទីររបស់លោក បានរៀបចំដំឡើងម៉ាស៊ីនបូមទឹកខ្នាតមធ្យម (៦៥សេះ) ចំនួន ០១ គ្រឿង ដើម្បីបូមយកទឹកពីទន្លេតូច (ដៃទន្លេមេគង្គ) មកបំពេញអាងទឹកទំនប់ក្បាលកប៉ាល់នេះ ។
លោក ជុំ សុភី បានបន្តថា បន្ទាប់ពីបានចាប់ដំណើរការបូមទឹកបំពេញអាងទឹកទំនប់ក្បាលកប៉ាល់ តាំងពីថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៥ រហូតមកដល់ពេលនេះ ប្រជាកសិករ ក៏បាន និងកំពុងសម្រុកធ្វើការដាំដុះដំណាំស្រូវរដូវប្រាំងរបស់ពួកគាត់ជាបណ្តើរៗផងដែរ ។
លោកប្រធានមន្ទីរ បានបញ្ជាក់បន្ថែមថា ចំពោះការងារបង្កបង្កើនផលដំណាំស្រូវនៅក្នុងខេត្តព្រៃវែង មកដល់ពេលនេះ ប្រជាកសិករបានដាំដុះស្រូវរដូវប្រាំង បានចំនួន ២៣.៩៤១ ហិកតា ស្មើនឹងប្រមាណ ៣២ភាគរយ នៃសន្ទស្សន៍ផែនការ ខណៈប្រមូលផលដំណាំស្រូវរដូវវស្សា បានចំនួន ៥៧.៣១៧ ហិកតា ស្មើនឹងប្រមាណ ២១ភាគរយ នៃផ្ទៃដីអនុវត្តបាន ៕
ដោយ៖ សុខ ខេមរា