មីយ៉ាន់ម៉ា ត្រូវទទួលខុសត្រូវចំពោះក្រុមជនជាតិរ៉ូហ៊ីងយ៉ា

ចែករំលែក៖

អំពើហិង្សាបង្កឡើងដោយក្រុមទាហានមីយ៉ាន់ម៉ា បានធ្វើឲ្យក្រុមជនជាតិរ៉ូហ៊ីយ៉ាងជាច្រើននាក់ស្លាប់ និងត្រូវរត់ភៀសខ្លួន ចោលផ្ទះសម្បែងទៅកាន់ប្រទេសជិតខាង។ ក្រោយពេលដែលមានការត្រួត ពិនិត្យពីអង្គការសហប្រជាជាតិ ក៏បាន សម្រេចទាមទារឲ្យរដ្ឋាភិបាលមីយ៉ាន់ម៉ា ត្រូវទទួលខុសត្រូវចំពោះអំពើហិង្សាទាំងនោះ។

ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហ ប្រជាជាតិ (UNSC) បានទាមទារឲ្យមាន ការបកស្រាយហេតុផល ក៏ដូចជាការទទួលខុសត្រូវចំពោះអំពើហិង្សាប្រឆាំងនឹងក្រុមជនជាតិមូស្លីមរ៉ូហ៊ីងយ៉ា នៅក្នុងរដ្ឋរ៉ាឃីន (Rakhine) ចាប់តាំងពីខែសីហា ឆ្នាំ ២០១៧។ សេចក្តីថ្លែងការណ៍របស់ UNSC បានលើកឡើងយ៉ាងដូច្នេះថា «សមាជិករបស់ក្រុមប្រឹក្សាសន្តិសុខ ដោយផ្អែកលើសារសំខាន់នៃការស៊ើប អង្កេតដោយមានតម្លាភាព ទៅលើករណី រំលោភបំពានសិទ្ធិមនុស្ស សូមទទូចឲ្យ រដ្ឋាភិបាលមីយ៉ាន់ម៉ា បំពេញនូវការប្តេជ្ញា របស់ខ្លួនដែលបានលើកឡើងពីខាងដើម ក្នុងការតាមវែករកមុខជនដៃដល់ នៃអំពើ ហិង្សានៅរដ្ឋរ៉ាឃីន រួមមានទាំងការបំពាន និងការប្រើហិង្សាផ្លូវភេទ ព្រមទាំងហិង្សា ប្រឆាំងលើកុមារ»។

សេចក្តីថ្លែងការណ៍ខាងលើនេះ ត្រូវ បានធ្វើឡើងបន្ទាប់ពីក្រុមមន្រ្តី UNSC បានធ្វើដំណើរទៅកាន់មីយ៉ាន់ និងបង់ ក្លាដែស កាលពីចន្លោះថ្ងៃទី២៨ ខែមេសា រហូតដល់ថ្ងៃទី១ ខែឧសភា ហើយក្រុមមន្រ្តី UN បានធ្វើទស្សនកិច្ចទៅកាន់ជំរំជនភៀសខ្លួននៅឯទីក្រុង ខូស បាហ្សា (Cox’s Bazar) របស់បង់ក្លាដែស ជាទីដែលពួក គេបានជួប និងសួរសុខទុក្ខជនភៀសខ្លួន រ៉ូហ៊ីងយ៉ា។

តាមតួលេខរបស់ UN ជនជាតិរ៉ូហ៊ីងយ៉ា ប្រហែល ៧០០,០០០នាក់ បានរត់ភៀសខ្លួនឆ្លងព្រំដែនចូលទៅកាន់ប្រទេសបង់ក្លាដែស ក្រោយពីអំពើហិង្សាទ្រង់ទ្រាយធំ បានផ្ទុះឡើង នៅរដ្ឋរ៉ាឃីន កាលពីខែ សីហាឆ្នាំទៅមិញ។ ជុំវិញបញ្ហានេះ កាល ពីខែវិច្ឆិកាឆ្នាំដដែល រដ្ឋាភិបាលមីយ៉ាន់ម៉ា និងបង់ក្លាដែស ក៏បានចុះកិច្ចព្រមព្រៀងស្តីពីការធ្វើមាតុភូមិនិវត្តន៍ ជនភៀសខ្លួន ទាំងនោះវិញផងដែរ ប៉ុន្តែមកទល់ពេលនេះ ដំណើរការនៃរឿងនេះពុំទាន់បានប្រព្រឹត្តទៅនៅឡើយទេ៕  ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print