ប្រធានាធិបតីអាមេរិកដូណាលត្រាំបានប្រកាសឲ្យដឹងថា៖ ជំនួបពិភាក្សាជាមួយមេដឹកនាំកូរ៉េខាងជើង គីមជុងអ៊ុន នឹងត្រូវធ្វើឡើងនៅថ្ងៃទី១២ខែមិថុនា ក្នុងប្រទេសសឹង្ហបុរី។
ប្រធានាធិបតីអាមេរិក សរសេរនៅលើបណ្តាញ Twitter របស់ខ្លួនថា « ជំនួបពិភាក្សា ដែលទន្ទឹងរងចាំរវាងខ្ញុំនិង គីមជុងអ៊ុន នឹងត្រូវរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី នៅថ្ងៃទី១២ខែមិថុនា ។ យើងនឹងខិតខំ ប្រែក្លាយពេលវេលានៃជំនួប ពិសេសនេះក្នុងការស្វែងរកសន្តិភាព នៅលើពិភពលោក »។
មេដឹកនាំទាំងពីរនិងពិភាក្សា ស្តីពីកម្មវិធីបរមាណូ របស់កូរ៉េខាងជើង ដែលជាឬសគល់នៃភាពតានតឹងរវាង ទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាងនាពេលកន្លងមក។ ការប្រកាសរបស់ប្រធានាធិបតីអាមរិក កើតឡើងក្រោយពេលដែល ពលរដ្ឋអាមេរិក៣រូបដែលជាប់ឃុំនៅកូរ៉េខាងជើង ត្រូវបានដោះលេងឲ្យវិលត្រឡប់ទៅអាមេរិកវិញ ជាមួយរដ្ឋមន្ត្រីការបរទេស អាមេរិកដែលបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង។
នៅពេលដែលទៅទទួលពលរដ្ឋអាមេរិកទាំង៣រូប ប្រធានាធិបតីដូណាលត្រាំបានបញ្ជាក់ថា លោកជឿជាក់ថា លោកគីមជុងអ៊ុន នឹងបញ្ជូនកូរ៉េខាងជើង ចូលទៅកាន់ពិភពលោកដ៏ពិតប្រាកដ ហើយលោកមានជំនឿខ្ពស់នៅក្នុងកិច្ចពិភាក្សានាពេលខាងមុខ។
រដ្ឋាភិបាលកូរ៉េខាងត្បូង បានវាយតម្លៃពីកិច្ចពិភាក្សានាពេលខាងមុខ ថា«យើង សូមអបអរសាទរនៅកិច្ចពិភាក្សារវាងអាមេរិកនិងកូរ៉េខាងជើង ដែលរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី នាថ្ងៃទី ១២ខែមិថុនា ។យើងសង្ឃឹមថា ការលុបបំបាត់បរមាណូនៅឧប្បទ្វីបកូរ៉េនឹងកើតឡើង ហើយសន្តិភាពនឹងកើតមាននៅទីនេះជារៀងរហូត»។
សឹង្ហបុរីគឺជាទីតាំងដ៏ល្អបំផុត សម្រាប់ជំនួបពិភាក្សារវាងអាមេរិក និងកូរ៉េខាងជើង។ កន្លងមក លោកត្រាំធ្លាប់បានលើកឡើង ពីតំបន់គ្មានយោធានៅព្រំដែនកូរ៉េទាំងពីរជាទីតាំង សម្រាប់ជួបពិភាក្សា ក្រៅពីនេះនៅមាន មុងហ្គោលី ចិន ជាដើម ។ កន្លងមកថៃ ក៏បានស្នើរធ្វើជាម្ចាស់ផ្ទះរៀបចំជំនួប រវាង មេដឹកនាំអាមេរិកនិងកូរ៉ែខាងជើង ផងដែរ ប៉ុន្តែមិនស្ថិតនៅក្នុងជម្រើសរបស់លោកត្រាំនោះឡើយ។
ពលរដ្ឋកូរ៉េខាងត្បូង និងកូរ៉េខាងជើង ក៏ដូចជាប្រទេសនៅក្នុងតំបន់ បង្ហាញភាពសម្បាយរីករាយយ៉ាងខ្លាំង នៃជំនួបខាងមុខ ដោយសង្ឃឹមថា ពលរដ្ឋកូរ៉េទាំងពីរ និង មានទំនាក់ទំនងល្អនឹងគ្នា ហើយធ្វើដំណើរកម្សាន្តចុះឡើងយ៉ាងស្និតស្នាល មិនមានការកាត់ផ្តាច់ដូចពេលបច្ចុប្បន្ន៕
ដោយ៖ មែវ សាធី