អ៊ីរ៉ង់ថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅស៊ីរី

ចែករំលែក៖

អ៊ីរ៉ង់បានគាំទ្រសិទ្ធិការពារខ្លួនរបស់ស៊ីរី បន្ទាប់ពីអ៊ីស្រាអែលវាយប្រហារតាមតែខ្លួនយល់ថា ជាហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់នៅក្នុងទឹកដីប្រទេសស៊ីរីនោះ ។

សេចក្តីអធិប្បាយដំបូងរបស់អ៊ីរ៉ង់ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នោះ ក្រសួងការបរទេសអ៊ីរ៉ង់បានថ្កោលទោសអ៊ីស្រាអែលថា “រំលោភបំពានដោយភាពមិនច្បាស់លាស់លើដែនអធិបតេយ្យស៊ីរី” ។

នេះជាការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់អ៊ីស្រាអែលទៅលើទឹកដីស៊ីរី មិនធ្លាប់មានរាប់ទសវត្សរ៍មកហើយ។

អ៊ីស្រាអែលនិយាយថា ខ្លួនវាយប្រហារពេលនេះ បន្ទាប់ពីរ៉ុក្កែតប្រមាណ២០គ្រាប់បានបាញ់មកទីតាំងយោធារបស់ខ្លួននៅតំបន់ Golan Heights ទឹកដីស៊ីរីស្ថិតក្រោមការគ្រប់គ្រងរបស់អ៊ីស្រាអែល ។

អ៊ីស្រាអែលអះអាងថា ក្រុមយុទ្ធជនអ៊ីរ៉ង់ជាអ្នកធ្វើសកម្មភាពបាញ់ប្រហារគ្រាប់រ៉ុក្កែតទាំងនោះ។

អ៊ីរ៉ង់មិនបានទទួលស្គាល់ ឬបដិសេធនោះឡើយទាក់ទងការបាញ់រ៉ុក្កែតចូលតំបន់កាន់កាប់របស់អ៊ីស្រាអែល ប៉ុន្តែបាននិយាយថា ការដែលអ៊ីស្រាអែលវាយប្រហារមកលើស៊ីរីនេះ ធ្វើឡើងដោយខ្លួនឯង គ្មានមូលហេតុច្បាស់លាស់ ។

អ៊ីរ៉ង់បានពង្រាយកងទ័ពរាប់រយនាក់នៅស៊ីរី ដែលទំនងគ្រាន់តែជាទីប្រឹក្សាយោធាទៅឲ្យកម្លាំងយោធាស៊ីរីប៉ុណ្ណោះ ។ កងជីវពលប្រដាប់អាវុធរាប់ពាន់នាក់ ដែលបានបណ្ដុះបណ្ដាល និងឧបត្ថម្ភពីអ៊ីរ៉ង់នោះ បាននិងកំពុងប្រយុទ្ធជាមួយក្រុមប៉ះបោរប្រឆាំងទាហានស៊ីរីផងដែរ ។

កាលពីថ្ងៃព្រហស្បតិ៍ ឆ្លើយតបការវាយប្រហារ នៅតំបន់ Golan Heights, អ៊ីស្រាអែលបានអះអាងថា យន្ដហោះចម្បាំងអ៊ីស្រាអែលបានវាយប្រហារបំផ្លាញស្ទើរតែទាំងអស់ហេដ្ឋារចនាសម្ព័ន្ធយោធាអ៊ីរ៉ង់នៅស៊ីរី ដែលមាន៧០គោលដៅ ។ នេះគឺការវាយប្រហារទ្រង់ទ្រាយធំបំផុតរបស់អ៊ីស្រាអែល ចាប់តាំងពីសង្គ្រាមស៊ីវិលស៊ីរីផ្ទុះឡើងកាលពីឆ្នាំ២០១១រៀងមក ។

អ៊ីរ៉ង់និងអ៊ីស្រាអែលជាសត្រូវសួរពូជ ប៉ុន្តែមិនដែលប្រយុទ្ធគ្នាក្នុងសង្គ្រាមដោយផ្ទាល់ម្តងណាទេ។

អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Bahram Qasemi នៅលើកញ្ចក់ទូរទស្សន៍រដ្ឋអ៊ីរ៉ង់ថ្លែងថា “អ៊ីរ៉ង់ថ្កោលទោសយ៉ាងខ្លាំងក្លា … ការវាយប្រហារ(របស់អ៊ីស្រាអែល)មកលើស៊ីរី, ភាពស្ងៀមស្ងាត់របស់សហគមន៍អន្ដរជាតិបែបនេះ កំពុងលើកទឹកចិត្តការឈ្លានពានរបស់អ៊ីស្រាអែល ហើយស៊ីរី មានសិទ្ធិគ្រប់យ៉ាងដើម្បីការពារខ្លួន” ។

លោក Qasemi បានថ្លែងថា អ៊ីស្រាអែល «មិនអាចឈរលើសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ហើយមើលឃើញពីសុវត្ថិភាពផ្ទាល់ខ្លួន ដោយធ្វើឱ្យតំបន់ទាំងមូលកាន់តែអស្ថិរភាពនោះឡើយ»។

លោកQasemiបានបន្តថា “ការរំលោភបំពានគ្មានមូលដ្ឋានច្បាស់លាស់របស់អ៊ីស្រាអែល មានចំនួនស្មើនឹងការរំលោភបំពានដោយចេតនាលើដែនអធិបតេយ្យស៊ីរី ហើយប្រឆាំងរាល់អនុសញ្ញាអន្តរជាតិទាំងអស់” ។

លោកQasemi មិនបានសំដៅទៅលើវត្តមានរបស់អ៊ីរ៉ង់នៅក្នុងប្រទេសស៊ីរីផងទេ។

លោក Qasemi បានថ្លែងថា ការវាយប្រហារនេះគឺជាការប៉ុនប៉ងមួយរបស់ក្រុមគាំទ្រពួកបះបោរ ដែលប្រឆាំងលោកប្រធានាធិបតីស៊ីរី Bashar al-Assad បន្ទាប់ពីក្រុមនេះ “បរាជ័យច្រើនលើកច្រើនសារ” ។ ពួកគេព្យាយាម “ស្តារឡើងវិញនូវអ្វីដែលបានបាត់បង់” ។

កងទ័ពរដ្ឋាភិបាលស៊ីរី ដែលទទួលបានការជ្រោមជ្រែងពីអ៊ីរ៉ង់ និងរុស្ស៊ី កាលពីឆ្នាំមុននេះ បានដណ្តើមទឹកដីពីក្រុមបះបោរមកគ្រប់គ្រងវិញជាបន្តបន្ទាប់ ។

ដោយឡែក នាយករដ្ឋមន្ត្រីអ៊ីស្រាអែលដែលពូកែទាស់ទែងគ្នា លោក Benjamin Netanyahu បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីរ៉ង់បាន “ឆ្លងកាត់ខ្សែបន្ទាត់ក្រហម” ហើយសកម្មភាពអ៊ីស្រាអែលជា«ផលវិបាក»មួយ ។

លោកបានបន្តថា “យើងមិនអនុញ្ញាត្តិឱ្យអ៊ីរ៉ង់ជ្រៀតខ្លួនចូលស៊ីរីនោះឡើយ ខ្ញុំផ្ញើសារច្បាស់លាស់មួយឲ្យរបបលោក អាល់ អាសាដ សកម្មភាពយើង គឺប្រឆាំងគោលដៅអ៊ីរ៉ង់នៅស៊ីរី តែបើយោធាស៊ីរីប្រឆាំងយើងនោះ យើងនឹងប្រឆាំងតបវិញ” ។

លោកថា: «នរណាធ្វើឱ្យយើងឈឺចាប់ យើងនឹងធ្វើឱ្យពួកគេឈឺចាប់វិញ៧ដង ហើយអ្នកណាដែលកំពុងរៀបចំធ្វើបាបយើង យើងនឹងចាត់វិធានការវាយប្រហារពួកគេឲ្យបានមុន»។

ដំណើរទស្សនកិច្ចទៅកាន់តំបន់ Golan Heights កាលពីថ្ងៃសុក្រ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានជំរុញ លោក អាល់ អាសាដ ប្រធានាធិបតីស៊ីរីឱ្យបញ្ឈប់វត្តមានអ៊ីរ៉ង់នៅក្នុងទឺកដីស៊ីរី ដោយលោកថ្លែងថា “អ៊ីរ៉ង់កំពុងធ្វើឱ្យស៊ីរីទទួលរងនូវការឈឺចាប់” ។

លោក Danny Danon ឯកអគ្គរដ្ឋទូតអ៊ីស្រាអែលប្រចាំនៅអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យស្ថាប័នអន្តរជាតិកំពូលមួយនេះថ្កោលទោស “អំពើហិង្សា” អ៊ីរ៉ង់ និងឲ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប. ទាមទារឱ្យអ៊ីរ៉ង់ ដកកម្លាំងយោធាពីប្រទេសស៊ីរី ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងថា កាលពីព្រឹកថ្ងៃព្រហស្បតិ៍ រ៉ុក្កែត២០ គ្រាប់បានបាញ់មកទីតាំង Golan Heights ដោយកងកម្លាំង Quds ។ ពួកនេះជាកងប្រតិបតិ្តការនៅក្រៅប្រទេសរបស់កងកម្លាំងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ ។

ដែនដីGolan Heights គឺជាតំបន់ខ្ពង់រាបថ្ម ស្ថិតនៅភាគនិរតីស៊ីរី ចំងាយប្រហែល៥០ គីឡូម៉ែត្រពីរដ្ឋធានី ដាម៉ាស។ អ៊ីស្រាអែលបានកាន់កាប់ភាគច្រើននៃតំបន់នេះ កាលពីអំឡុងសង្គ្រាមបូព៌ា ឆ្នាំ 1967 ហើយក្រោយមកបានបញ្ចូលទៅក្នុងដែនគ្រប់គ្រងរបស់ខ្លួន បើទោះបីមិនទទួលស្គាល់ជាអន្តរជាតិក៏ដោយ ។

កងកម្លាំងការពារអ៊ីស្រាអែល (IDF) និយាយថា រ៉ុក្កែតបួនគ្រាប់ត្រូវវាយស្ទាក់ដោយប្រព័ន្ធមីស៊ីលការពារដែនអាកាស Iron Dome អ៊ីស្រាអ៊ែល ខណៈពេលដែល១៦គ្រាប់ទៀតធ្លាក់ចុះ មុនពេលសម្រេចគោលដៅ ។ គ្មានការរងរបួស ឬការខូចខាតអ្វីនោះទេ។

អ៊ីស្រាអែលបានផ្សាយរូបភាពពីផ្កាយរណបស្តីពីសកម្មភាពវាយប្រហារនៅក្នុងប្រទេសស៊ីរី ដែលជាសកម្មភាពឆ្លើយតបតមួយ។

កាលពីថ្ងៃអង្គារ លោកប្រធានាធិបតីអាមេរិក Donald Trump បានប្រកាសលុបចោលកិច្ចព្រមព្រៀងជាអន្តរជាតិដ៏សំខាន់មួយ ដើម្បីទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ។ កិច្ចព្រមព្រៀងមួយនេះ លោក Netanyahu បានប្រឆាំងជំទាស់យ៉ាងខ្លាំងក្លា រហូតធ្វើឱ្យមានភាពតានតឹង ថ្មីៗ។

អ៊ីស្រាអែលព្រួយបារម្ភខ្លាំងណាស់ហើយយោធាអ៊ីរ៉ង់វត្តមាននៅស៊ីរី។ លោក Netanyahu ថ្លែងថាក្រុមឆ្មាំបដិវត្តន៍បានចល័តអាវុធធុនទំនើបទៅស៊ីរី រួមមានមីស៊ីលបាញ់ពីលើដី និងមីស៊ីលប្រឆាំងយន្តហោះ​ អាចគំរាមកំហែងដល់យន្តហោះចម្បាំងអ៊ីស្រាអែល ។

យោធាអ៊ីស្រាអែលបាញ់ទម្លាក់មីស៊ីលដែលវាយប្រហារពីកងកម្លាំងអ៊ីរ៉ង់ ក្រោយមានរាយការណ៍ថា អ៊ីស្រាអែលវាយប្រហារទីតាំងអ៊ីរ៉ង់មួយចំនួននៅស៊ីរីប៉ុន្មានខែថ្មីៗនេះ។

អ៊ីស្រាអែលវាយប្រហារលើមូលដ្ឋានជើងអាកាសកាលពីខែមេសា កាលណោះបានសម្លាប់ទាហានអ៊ីរ៉ង់៧នាក់ ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print