បែកធ្លាយ​កាស៊ីណូ​ព្រែក​ចាក​ ខេត្ត​កំពត​ អនុញ្ញាត​ឱ្យ​ខ្មែរ​ចូល​លេង​ ! ចាញ់​ល្បែង​ បែកគំនិត​កិបកេង​ប្រាក់​ក្រុម​ហ៊ុន​លក់​ទូរស័ព្ទ​ជិត​មួយ​ម៉ឺន​ដុល្លារ​

ចែករំលែក៖

ភ្នំពេញ​៖​ នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​រាជធានី​ភ្នំពេញ​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ បញ្ជូន​បុគ្គលិក​ក្រុម​ហ៊ុន​ទូរស័ព្ទ​ ICall and Vfone ដោយសារ​ចាញ់​ល្បែង​នៅ​កាស៊ីណូ​ព្រែក​ចាក​ ខេត្ត​កំពត​ បែក​គំនិត​កិបកេង​ប្រាក់​ក្រុមហ៊ុន​ជិត​មួយ​ម៉ឺន​ដុល្លារ​ មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ចាត់​ការ​តាម​ច្បាប់​ ក្រោម​ការ​សន្និដ្ឋាន​ចោទប្រកាន់​ពី​បទ​រំលោភ​លើ​ទំនុក​ចិត្ត​។

ជនសង្ស័យ​ឈ្មោះ​ ពេជ្រ​ ដារ៉ា​ ភេទប្រុស​ អាយុ​២២ឆ្នាំ​ មាន​ទីលំនៅ​ផ្ទះ​ជួល​ ម្តុំ​ផ្សារ​កណ្ដាល​ សង្កាត់​ផ្សារ​កណ្ដាល​ទី​១​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​ ត្រូវ​បាន​លោក​ ប៉េង​ សាម៉ារ៉ា​ ភេទប្រុស​ អាយុ​២៧ឆ្នាំ​ ជា​អ្នក​គ្រប់គ្រង​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​ ICall and Vfone នៅ​ថ្ងៃទី​១០​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​ ។

នគរបាល​ និយាយ​​ថា​ ឈ្មោះ​ ពេជ្រ​ ដារ៉ា​ បាន​ចូល​បម្រើការ​ងារ​នៅ​ក្រុមហ៊ុន​លក់​ទូរស័ព្ទ​នេះ​ ក្នុង​ឆ្នាំ​២០១៦​ មាន​ដំណែង​ជា​អ្នក​តំណាង​ការ​លក់​តាម​បណ្ដា​ខេត្ត​ ។ ក្នុង​ខែ​មករា​ ឆ្នាំ​២០១៨​ ដល់​ខែ​មេសា​ ឆ្នាំ​២០១៨​ ឈ្មោះ​ ពេជ្រ​ ដារ៉ា​ បាន​យក​ទូរស័ព្ទ​របស់​ក្រុម​ហ៊ុន​ចំនួន​១៩លើក​ ទៅ​លក់​ឱ្យ​អតិថិជន​តាម​បណ្ដា​ខេត្ត​ គិត​ជា​ទឹកប្រាក់​ចំនួន​៨,៤៤៤ដុល្លារ​អាមេរិក​ ។ ប៉ុន្តែ​ប្រាក់​នេះ​ ឈ្មោះ​ ពេជ្រ​ ដារ៉ា​ មិន​បាន​ប្រគល់​ជូន​ក្រុម​ហ៊ុន​ទេ​ ដោយ​អះអាង​ថា​ អតិថិជន​ជំពាក់​ប្រាក់​ ។ ក្រោយ​ការ​ស្រាវជ្រាវ​ទើប​ដឹង​ថា​ ឈ្មោះ​នេះ​ បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន​ ទើប​ឃាត់ខ្លួន​ប្រគល់​ជូន​សមត្ថកិច្ច​តែម្ដង​ ។

ជនសង្ស័យ​ ពេជ្រ​ ដារ៉ា​ សារភាព​ចំពោះ​មុខ​សមត្ថកិច្ច​ថា​ ខ្លួន​ពិត​ជា​បាន​កិបកេង​ប្រាក់​ក្រុមហ៊ុន​មែន​ ដោយ​បាន​ចាញ់​ល្បែង​នៅ​កាស៊ីណូ​ព្រែក​ចាក​ ខេត្ត​កំពត​ ៕

...

ដោយ៖ ចេស្តា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print