ប្រជាពលរដ្ឋរិះគន់រដ្ឋបាលស្រុកកណ្តាលស្ទឹងឃុបឃិតគ្នា ជាមួយឈ្មួញរកស៊ីរណ្តៅដីធ្វើឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ

ចែករំលែក៖

ខេត្តកណ្តាល ៖ ប្រជាពលរដ្ឋដែលមានលំនៅឋានក្នុងឃុំចំនួន៣រួមមាន ឃុំទ្រា, ឃុំគោកក្រាប់ និងឃុំព្រែករកា បាន រិះគន់ រដ្ឋបាលស្រុកកណ្តាលស្ទឹង សង្ស័យឃុប ឃិតគ្នាជាមួយឈ្មួញរកស៊ីដឹកដីខ្សាច់លក់ជាប្រព័ន្ធដើម្បីកិបកេងស៊ីដាច់លុយគម្រោងអន្តរឃុំធ្វើខ្នងប្រឡាយ។

ប្រជាពលរដ្ឋបានប្រមូលផ្តុំគ្នាជាច្រើនគ្រួសារនិងបានហាមឃាត់មិនឲ្យគ្រឿង ចក្រចាក់ដីនិងឈូសឆាយលើខ្នងប្រឡាយឡើយ។ ប្រជាពលរដ្ឋដែលបានប្រមូលផ្តុំគ្នាបានឲ្យដឹងថារដ្ឋបាលស្រុកកណ្តាល ស្ទឹងមិនបានផ្តល់ដំណឹងឬព័ត៌មានអ្វីដល់ ភូមិ-ឃុំនិងប្រជាពលរដ្ឋអំពីការធ្វើផ្លូវលើ ខ្នងប្រឡាយនេះទេ។

ប្រភពដដែលបន្តថាស្រាប់តែដល់ថ្ងៃធ្វើមានគ្រឿងចក្រជាច្រើនគ្រឿងមកឈូសឆាយលើខ្នងប្រឡាយនិងផលដំណាំរបស់ប្រជាពលរដ្ឋ ជាពិសេសនោះគឺបានចាក់ដីចូលស្រែប្រជាពលរដ្ឋដែលកំពុងលូតលាស់ល្អ ធ្វើឲ្យខូចខាតជាច្រើន ជាពិសេសនោះ ក្រុមធ្វើផ្លូវបានចាក់ដីចូលប្រឡាយនិងបិទលូ ដែលធ្វើឲ្យទឹកលិចស្រែរបស់ពួកគាត់ធ្វើស្រែមិនកើតទៀតផង។

ប្រជាពលរដ្ឋដែលរស់នៅក្នុងឃុំចំនួន៣បានប្រាប់ឲ្យដឹងថាក្រុមឈ្មួញជាច្រើននាក់ដែលរកស៊ីដឹកខ្សាច់និងដឹកដីលក់កំពុងចាក់ដីលុបប្រឡាយលេខ៧០និង៨០និងចាក់ដីរំលោភចូលស្រែប្រជាពលរដ្ឋយ៉ាងអនាធិបតេយ្យ ដោយគ្មានរំខានដល់អាជ្ញាធរពាក់ព័ន្ធឡើយ។

ប្រជាពលរដ្ឋបានបញ្ជាក់ថាតាមការ ពិនិត្យរបស់ពួកគាត់យល់ឃើញថារដ្ឋបាលខេត្តកណ្តាលមិនបានយកចិត្តទុក ដាក់ធ្វើផ្លូវដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយ ស្រួលក្នុងការធ្វើដំណើរនោះទេ ការធ្វើផ្លូវខ្នងប្រឡាយនេះទេគឺដើម្បីងាយស្រួលឲ្យក្រុមឈ្មួញដែលរកស៊ីជីកដីដឹកដីលក់ងាយស្រួលរកស៊ីប៉ុណ្ណោះ។

ប្រជាពលរដ្ឋជាច្រើននាក់បានបន្ថែមថាការចាក់ដីធ្វើខ្នងប្រឡាយខាងលើគឺមើលតាមជាក់ស្តែងគឺធ្វើឲ្យរួចតែពីដៃ ហើយធ្វើឲ្យប៉ះពាល់ផលដំណាំរបស់ពួកគាត់ជាច្រើន រួមទាំងស្រូវខ្លះជិតដល់ថ្ងៃប្រមូលផល ខ្លះ កំពុងលូតលាស់ល្អផងនោះ ត្រូវបានចាក់ដី​លុប អស់ជាច្រើនម៉ែត្រ។

ប្រភពពីប្រជាពលរដ្ឋម្នាក់ដែលមិនហ៊ានបញ្ចេញឈ្មោះបានឲ្យសារព័ត៌មានយើង ដឹងថាឃុំដែលរងផលប៉ះពាល់ដោយសារឈ្មួញរកស៊ីខ្សាច់និងដីខាងលើមានឃុំទ្រា, ឃុំគោកត្រាប់ និងឃុំព្រែករកា។

លោក បូរ ណារ៉េត អភិបាលស្រុក កណ្តាលស្ទឹងបានឲ្យដឹងថាផ្លូវក្នុងឃុំគោកត្រាប់និងឃុំទ្រា មានអាជីវកម្មមួយកំពុង ជួសជុល ប៉ុន្តែក្នុងគម្រោងមូលនិធិរបស់ឃុំ គឺអន្តរឃុំដែលមាន៣ឃុំរួមមានទី១.ឃុំ គោកត្រាប់ ទី២.ឃុំទ្រា និងទី៣. ឃុំព្រែក រកាបានធ្វើសំណើឲ្យក្រុមអាជីវកម្មខាងលើជួសជុលប្រឡាយ និងចាក់ក្រួសក្រហម ក្នុងគម្រោងដេញថ្លៃរបស់ឃុំ៣ឆ្នាំរំកិល។ ផែនការមួយឆ្នាំបានដេញថ្លៃរួចហើយ ត្រូវបានថ្នាក់ខេត្ត ប្រគល់ឲ្យក្រុមហ៊ុន​ជួសជុល គេរកស៊ីមែនតែគេជួសជុលផ្លូវឲ្យ ដើម្បីសម្រួលចរាចរណ៍ប្រជាពលរដ្ឋ ទូទៅ។

លោកបន្តថាប៉ុន្តែមានប្រជាពលរដ្ឋចំនួន២គ្រួសារ មួយគ្រួសារគាត់ពុះដីឡូត៍លក់ ហើយគាត់ចាក់ដីនៅលើខ្នងប្រឡាយដោយ មិនបានសុំច្បាប់អាជ្ញាធរភូមិ-ឃុំទេ។

ប្រសិនបើជាផ្លូវគេធ្វើឲ្យល្អ ក៏ចំណេញទៅដល់ក្រុមហ៊ុនពុះដីឡូត៍លក់ដែរ ព្រោះក្រុមហ៊ុនខាងលើមិនបានសុំច្បាប់ពីភូមិ- ឃុំទេ។ គោលបំណងរបស់ក្រុមហ៊ុនពុះដីឡូត៍លក់សុំឲ្យជួយចេញថ្លៃ ព្រោះគេបាន ចាក់ដីចំនួន៥០០ឡានដើម្បីជួសជុលប្រឡាយ។ ចំណែកមួយគ្រួសារទៀតគាត់ថាក្រុមហ៊ុនដឹកដីបានកៀរដីចូលស្រែរបស់ គាត់ លោកអភិបាលស្រុកគាំទ្រ ព្រោះ លោកការពារផលប្រយោជន៍ប្រជាពលរដ្ឋ ប៉ុន្តែបើសិនជាបញ្ហានៅលើដីប្រជាពលរដ្ឋ ចាក់ជើងម៉ែត្រទៅក្នុងអ័ក្ស១៦ម៉ត្រ លោកនឹងឲ្យម្ចាស់ការដ្ឋានដែលជាក្រុមហ៊ុនដេញថ្លៃ កាយដីហ្នឹងចេញវិញ ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ផលប្រយោជន៍ប្រជាពលរដ្ឋ។ ស្រុកនឹងអញ្ជើញស្កាត់មកជួបគ្នាដើម្បីដោះស្រាយជួបពិភាក្សាគ្នា ពាក់ព័ន្ធគម្រោង ខាងលើ ព្រោះជាគម្រោងអន្តរឃុំ មិនមែនឃុំលក់ឬជួលឲ្យក្រុមហ៊ុនណាទេ គេបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ៣ឃុំ។

ចំពោះម្ចាស់អាជីវកម្មមួយចំនួនបានចាក់ដីចូលក្នុងប្រឡាយលេខ៧៩និង៨០ លោកអភិបាលស្រុកមិនឯកភាព ហើយ ដីដែលចាក់ចូលប្រឡាយ លោកអភិបាលស្រុកនឹងឲ្យម្ចាស់អាជីវកម្មទាំងនោះកាយចេញវិញ ដើម្បីឲ្យទំហំប្រឡាយនៅដដែល។ ជាមួយគ្នានោះដែរប្រជាពលរដ្ឋបានរាយការណ៍ថាក្រុមការដ្ឋានដឹកដីខាងលើបានដាក់លូមានទំហំតូចដែលជាបញ្ហាពេលរដូវ វស្សាទឹកហូរមិនទាន់រឿងហ្នឹងលោកក៏បានចាត់កម្លាំងឲ្យចុះទៅមើលដែរ។

លោកអភិបាលស្រុកបានសង្កត់​ធ្ងន់ ថា បើប្រជាពលរដ្ឋជួបបញ្ហាណាមួយហើយរាយការណ៍ទៅមូលដ្ឋានហើយគ្មានអ្នក ណាអើពើ ប្រជាពលរដ្ឋអាចរាយការណ៍ មកលោកផ្ទាល់ លោកនឹងចាត់លោកអភិបាលរងស្រុកឬមន្ត្រីជំនាញចុះទៅដោះស្រាយ ជូនភ្លាម។

លោកបានបន្ថែមថានៅក្នុងច្បាប់អាជីវកម្មជីកដីយកខ្សាច់ឬយក អាចម៍ដីលក់ត្រូវទុកព្រំដីឲ្យប្រជាពលរដ្ឋ៥ម៉ែត្រទៅ៨ម៉ែត្រ ប៉ុន្តែលោកចង់ឲ្យទុក១០ ម៉ែត្រ ប៉ុន្តែយ៉ាងតិច៥ម៉ែត្រហើយបើអាជីវកម្មហ៊ានរំលោភក្នុងគម្រោងធ្វើឲ្យប៉ះពាល់ស្រែភ្លឺរបស់ប្រជាពលរដ្ឋលោកនឹងឲ្យសងសំណងទៅប្រជាពលរដ្ឋពេញថ្លៃ គឺ១ គុណនឹង៣។
លោក ម៉ៅ ភិរុណ អភិបាលនៃគណៈ​អភិបាលខេត្តកណ្តាលភ្នាក់ងារយកព័ត៌​មាន​នគរវត្ត មិនអាចសុំការបកស្រាយពាក់ព័ន្ធករណីខាងលើនេះបានឡើយដោយសារ លោកជាប់ប្រជុំគណៈបញ្ជាការខេត្ត ៕ ហេង នរិន្ទ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print