ជួយការសង្គមមួយធ្វើឲ្យ ប៊ុត សីហា ស្រឡះចិត្ត

ចែករំលែក៖

​ភ្នំពេញ៖ តារាចម្រៀង ប៊ុត សីហាបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយតារាចម្រៀងមួយចំនួនទៀតនៅសាលា ដាច់ស្រយាលមួយនាតំបន់ខ្នងភ្នំគិរីរម្យ។ ការងារចុះជួយសាលា និងសួរសុខទុក្ខ កុមារនៅទីនេះបានធ្វើឲ្យតារាចម្រៀងរូបនេះ សប្បាយចិត្តជាខ្លាំងនឹងអនុស្សាវរីយ៍មិនអាចបំភ្លេចបានជាច្រើន។

​ដូចតាមការគ្រោងទុកកាលពីថ្ងៃទី១៩ខែឧសភានេះម្ចាស់ពាន The Voice Cambodia លោក ប៊ុត សីហា តារាចម្រៀងប្រចាំផលិតកម្មសាន់ដេ កញ្ញា នាង គន្ធា, និងលោក នាង ប្រាក់សុគន្ធ បានជួបជុំសំណេះសំណាលសាកសួរសុខទុក្ខ និងរួមគ្នាធ្វើសកម្មភាពសង្គមមួយចំនួនទៀតជាមួយក្មេងៗនៅសាលាដូងស្ថិតនៅលើភ្នំគិរីរម្យ។ កិច្ចការសង្គមនេះត្រូវបានរៀបចំផ្តួចផ្តើមឡើងដោយអង្គការIKARE និងក្រោមការចូលរួមស្ម័គ្រចិត្ត និងបរិច្ចាកថវិការផ្ទាល់ខ្លួនពីសំណាក់សិល្បករដើម្បីសម្រួលទុកលំបាករបស់ក្មេងៗដែលរស់នៅតំបន់នោះ។

លោក ប៊ុត សីហាដែលបានធ្វើដំណើរលើកដំបូងទៅកាន់ទីនោះបានលើកឡើងពីអារម្មណ៍រំភើបចិត្តក្រោយបានចូលរួមសកម្មភាពសង្គមទាំងការរៀបចំលាបថ្នាំសាលា ការសម្អាតបរិស្ថាន ផ្តល់ជាសម្ភារៈសិក្សា អាហារ និងច្រៀងជូនដល់កុមារទាំងអស់បានស្តាប់កម្សាន្ត។ លោកថាសកម្មភាពនេះកាន់តែធ្វើឲ្យលោកស្រឡះចិត្តហើយក៏នៅតែចិញ្ចឹមចិត្តបន្តជួយដល់កិច្ចការងារសង្គមមួយនេះបន្ត។

គួរបញ្ជាក់ដែរថាសាលាដូងគឺជាសាលាដែលបង្កើតឡើងដោយការប្រមូលសម្រាមពិសេសដបទឹកដែលគេបោះចោលយកមរួមគ្នាធ្វើជាសាលាមួយឡើង ហើយសាលានេះបច្ចុប្បន្នមានសិស្សសរុប៦៨នាក់ដែលពួកគេជាក្មេងរបស់អ្នករស់នៅតំបន់នោះ ដែលទទួលបានការបណ្តុះបណ្តាលលើជំនាញកុំព្យូទ័រ ភាសាខ្មែរ គណិតវិទ្យា ភាសាអង់គ្លេសជាដើម ដែលសូម្បីតែគ្រូបង្រៀនក៏ជាគ្រូដែលស្ម័គ្រចិត្តចុះទៅបង្រៀនផងដែរ៕
ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print