ខេត្តពោធិ៍សាត់៖ តាមសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថាកាណូតអូសលៀសចំនួន ៦គ្រឿង ត្រូវបានដោះលែងវិញហើយ ដោយបង់លុយក្នុង ១កាណូតចំនួន ១លាន ៥០ម៉ឺនរៀល សរុប ៩លានរៀលឲ្យទៅមន្ត្រីជលផល។
ប្រភពខាងលើបន្តថា កាណូតដែលគេដោះលែងទៅវិញនោះ ធ្វើឡើងកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ដោយប្រើរូបភាពធ្វើការផាកពិន័យជាប្រាក់ក្នុងកាណូតអូសលៀស ១គ្រឿងចំនួន ១លាន ៥០ម៉ឺនរៀលនោះហើយម្ចាស់ប្រើឧបករណ៍ល្មើសច្បាប់ស្ដីពីជលផល ថែមទាំងបានទៅនេសាទក្នុងតំបន់ហាមឃាត់ ។ ជនដែលត្រូវបានឃាត់ត្រូវគេស្គាល់ទី១-ឈ្មោះសល់ ,ទី២-ឈ្មោះ ចាន់ណា, ទី៣-ឈ្មោះ ធា, ទី៤-ឈ្មោះ វៀត, ទី៥-ឈ្មោះ ជាតិ និងទី៦-ឈ្មោះ តឹង អ្នកទាំង ៦នាក់ខាងលើនេះ មានទីលំនៅក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ហើយបានប្រើឧបករណ៍ប្រភេទនេះធ្វើឱ្យប៉ះពាល់ធន់ធានជលផលធ្ងន់ធ្ងរនាំឱ្យបំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចខាតអន្លង់ជ្រៅៗ ដែលជាជម្រក ឬកន្លែងពងកូនរបស់វារីសត្វ ត្រូវផ្ដន្ទាទោសក្រោមបទល្មើសជលផលថ្នាក់ទី ១ ដែលត្រូវដាក់ពន្ធនាគារចាប់ពីបីឆ្នាំ (៣) ទៅប្រាំឆ្នាំ (៥) និងវត្ថុតាងទាំងអស់ត្រូវរឹបអូសជាសម្បត្តិរដ្ឋ ឬបំផ្លាញចោល នេះបើយោងតាមមាត្រា ៩៨ ចំណុច ១២ នៃច្បាប់ស្ដីពីជលផល។ ដូច្នេះករណីនេះប្រជាពលរដ្ឋងឿងឆ្ងល់ហេតុអ្វីបានជាមន្ដ្រីជំនាញរដ្ឋបាលជលផលធ្វើការផាកពិន័យក្នុងកាណូត ១គ្រឿង ចំនួន ១លាន ៥០ម៉ឺនរៀល សរុប ៩លានរៀល ហើយលុយនោះយកទៅណា?
គួររំលឹកថា កាលពីព្រឹកព្រលឹមថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥មន្ត្រីរដ្ឋបាលជលផលបានចាប់រឹបអូស កាណូតអូសលៀសចំនួន ៣គ្រឿង និងកន្ត្រងចំនួន ១២គ្រឿង កំពុងធ្វើសកម្មភាពក្នុងឡូត៍អភិរក្សកំពង់ប្រាក់ លុះព្រឹកព្រលឹមថ្ងៃទី ០៣ ខែឆ្នាំដដែលកម្លាំងចាប់រឹបអូសកាណូតចំនួន ៣គ្រឿងទៀត រួមកន្ដ្រងចំនួន ៣គ្រឿងផងដែរដែលកំពុងធ្វើសកម្មភាពក្បែរជញ្ជាំងឡូត៍នេសាទអភិរក្សកំពង់ប្រាក់ ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ រីឯវត្ថុតាងត្រូវបានរឹបអូសយកទៅរក្សាទុក នៅផ្នែករដ្ឋបាលជលផលក្រគរ នេះតាមការបញ្ជាក់ពីមន្ដ្រីជំនាញរដ្ឋបាលជលផល ។
ការលើកឡើងពីប្រភពខាងលើ អ្នកកាសែតនគរវត្តមិនអាចសុំការពន្យល់ពីលោក នាយផ្នែករដ្ឋបាលជលផលក្រគរ មិនបានទេ ខណៈតេទូរស័ព្ទចូលគ្មានអ្នកទទួល ។ ដោយឡែកលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផលខេត្តពោធិ៍សាត់ បានប្រាប់តាមទូរស័ព្ទឱ្យដឹងថា បញ្ហាហ្នឹងលោកពុំទានា់បានទទួលឯកសារនៅឡើយទេ ប៉ុន្ដែបញ្ហាហ្នឹងត្រូវអនុវត្តទៅតាមច្បាប់ ៕
ដោយ៖ ប៉ឹម ពិន