ទីភ្នាក់ងារព័ត៌មាន Anadolu របស់ទួរគីបានផ្សព្វផ្សាយកាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៥ថា ប៉ូលិសទួរគីបានឃុំខ្លួនជនសង្ស័យ១១នាក់ បន្ទាប់ពីប្រតិបត្តិការឆ្មក់ ដោយមានជំនួយពីឧទ្ធម្ភាគចក្រផងដែរ ក្នុងគោលដៅទៅលើក្រុមរដ្ឋអិស្លាម IS ដែលនៅទូទាំងទីក្រុង Istanbul ខណៈដែលប្រទេសនេះ នៅតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ នឹងមានការរៀបចំកិច្ចប្រជុំកំពូលស្តីអំពី ប្រទេសមានសេដ្ឋកិច្ចរីកចម្រើនទាំង២០ក្នុងពិភពលោក ឬហៅថា G20 នោះ ។
ប្រតិបត្តិការវាយឆ្មក់នេះផងដែរ ជាផ្នែកមួយនៃយុទ្ធនាការប្រឆាំងទៅលើក្រុមសង្ស័យជាជនឧទ្ទាមស្ថិតនៅក្នុងប្រទេសទួរគី នៅអំឡុងពេលសន្តិសុខត្រូវបានរឹតបន្តឹងយ៉ាងខ្លាំងក្លា មុនពេលកិច្ចប្រជុំរបស់មេដឹកនាំជុំវិញពិភពលោក ដែលគ្រោងធ្វើឡើោងនៅចុងសប្តាហ៍នេះ ។
កាលពីសប្តាហ៍មុននេះ ប៉ូលិសទួរគីបានឃុំខ្លួនមនុស្ស២០នាក់ ដោយសង្ស័យថា មានទំនាក់ទំនងជាមួយក្រុមរដ្ឋអិស្លាម IS ស្ថិតនៅភាគខាងត្បូងតំបន់រមណីយដ្ឋានក្នុងខេត្ត Antalya ។ នៅទីនេះមានការរៀបចំកិច្ចប្រជុំកំពូលស្តីអំពី G20 ដែលចាប់ផ្តើមពីថ្ងៃទី១៥ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ ។
ប្រតិបត្តិការរបស់ក្រុមប៉ូលិសប្រាំងភេរវកម្មបានធ្វើឡើងទ្រង់ទ្រាយធំដោយវាយឆ្មាក់ និងចាប់ខ្លួនមនុស្សជាង២០នាក់ នៅទីតាំងផ្សេងៗគ្នាស្ថិតក្នុងទីក្រុង Istanbul ។ ទីភ្នាក់ងារព័ត៌មាន Anadolu បានផ្សព្វផ្សាយថា ក្នុងចំណោមអ្នកដែលត្រូវចាប់ និងឃុំខ្លួនទាំងនោះមានជនបរទេស៧នាក់ផងដែរ ។
ប្រតិបត្តិការនេះមិនទាន់បញ្ឈប់នៅឡើយទេ ហើយមនុស្សច្រើននាក់ផ្សេងទៀងទំនងប្រឈមនឹងការចាប់ខ្លួនបញ្ជូនទៅកាន់មន្ទីរឃុំឃាំង ។
រដ្ឋាភិបាលប្រទេសទួរគីបានប្តេជ្ញារួចហើយថា នឹងចាត់វិធានការប្រកបដោយប្រសិទ្ធភាពបន្ថែមទៀតនៅក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងទៅលើក្រុមរដ្ឋអិស្លាម IS ។ ការប្រកាសប្តេជ្ញានេះ ទួរគីបានធ្វើឡើងកាលពីខែកក្កដា ឆ្នាំ២០១៥មកម្ល៉េះ ។ ក្រុមឧទ្ទាមរ៉ាឌីកាលបានគ្រប់គ្រងដែនដីស៊ីរីដែលស្ថិតនៅតាមបន្ទាត់ព្រំដែនជាប់ជាមួយទួរគី ។ ក្រុមឧទ្ទាមទាំងនេះមានទំនាក់ទំនងទៅនឹងការវាយប្រហារគ្រាប់បែកកាលពីខែមុននេះទៅលើក្រុមគាំទ្រជនជាតិឃើដនៅក្នុងទីក្រុង Ankara ខណៈដែលមានការជួបជុំគ្នានោះបណ្តាលឲ្យមនុស្សជាង១០០នាក់បាត់បង់ជីវិត ៕
ប្រែសម្រួល៖ ថាច់ យ៉ាត