ញាក់សាច់! បើករថយន្តទៅបុកម៉ូតូ​របួសធ្ងន់ម្នាក់មិនព្រមឈប់ ក៏បន្តទៅកិនម៉ូតូប៉ូលីសនៅក្រោមរថយន្តថែមទៀត បណ្ដាលឲ្យរងការខូចខាត

ចែករំលែក៖

 ភ្នំពេញ ៖ រថយន្តបែនដឹកខ្សាច់មួយគ្រឿង បើកលឿនជ្រុលទៅកៀរម៉ូតូសេ១២៥បើកឆ្លងផ្លូវបណ្តាលឲ្យដួលរងរបួសធ្ងន់ហើយរថយន្តមិនបានឈប់ ព្យាយាមបើករត់ បានចំងាយជិតមួយគីឡូម៉ែត្រ ប៉ូលីសដេញតាម ឃាត់ បែជាអ្នកបើកបររថយន្ត មិនបានពន្លត់ម៉ាសុីន ប្រលែងដៃចង្កូលោតហក់ចុះ ធ្វើឲ្យរថយន្តជ្រុលទៅបុកម៉ូតូប៉ូលីសមួយគ្រឿងទៀតកល់ជាប់ពីក្រោម ហើយគេចខ្លួនបាត់ ។
ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៤០នាទីយប់ ថ្ងៃសុក្រ ១១កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ទល់មុខវត្តស្លែង ភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ ។
      រថយន្តបង្កម៉ាក នីសាន់ បែនកង់៦ ដឹកខ្សាច់ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-0855 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្រោយកើតហេតុ លោតចុះរត់កាត់វាលស្រែទៅបាត់ ។ ចំណែកម៉ូតូរងគ្រោះ២គ្រឿង មួយគ្រឿង ម៉ាក ហុងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CT-1941 បើកបរដោយជនរងគ្រោះ ឈ្មោះ ហូល ទិរ៉ន់ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ កម្មកររោងចក្រ Nikko KINzoku នៅតំបន់សេដ្ឋកិច្ច ស្នាក់នៅផ្ទះជួល បុរីរុងរឿង ភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើតភូមិតាទ្រូ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ទទួលរងរបួសធ្ងន់ ។ ចំណែកម៉ូតូមួយគ្រឿងទៀត ម៉ាក FORTINER ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះដោយមន្រ្តីនគរបាលប៉ុស្តិ៍ពងទឹក គ្នា២នាក់ រងរបួសស្រាលម្នាក់ ម្នាក់ទៀតមិនមានរងរបួស ។
      តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ម៉ូតូជនរងគ្រោះសេ១២៥ ជិះម្នាក់ឯង ឆ្លងផ្លូវជាតិលេខ៣ ពីលិចទៅកើត ត្រូវបានរថយន្តបង្កបើកពីត្បូងទៅជើងតាមផ្លូវជាតិលេខ៣ ក្នុងល្បឿនលឿន ជ្រុលកៀរពីចំហៀង បណ្តាលឲ្យយុវជនម្ចាស់ម៉ូតូ ដួលរងរបួសធ្ងន់ ។ ចំណែកឯរថយន្តមិនបានឈប់ទេ បែជាបន្តបើករត់ បានចំងាយជិត១គីឡូម៉ែត្រ ត្រូវបានប៉ូលីស២នាក់ជិះម៉ូតូដេញតាមឃាត់ បោយដៃហៅឃាត់ពីមុខ តែរថយន្តគ្រាន់តែបង្អន់ល្បឿនហើយ មិនទាន់បានឈប់ស្ងៀមផង អ្នកបើកបរ ហក់លោតចុះរត់កាត់វាលស្រែទៅបាត់ ធ្វើឲ្យរថយន្តជ្រុលទៅបុកម៉ូតូប៉ូលីសកល់គៀបជាប់ពីក្រោម រងការខូចខាត  ។
      ក្រោយកើតហេតុ ជនរងគ្រោះរបួសបែកក្បាលធ្ងន់ ត្រូវបានរថយន្តសង្គ្រោះរបស់មណ្ឌលសុខភាពពងទឹក ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកឯរថយន្តបង្ក និងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌដង្កោ រងចាំដោះស្រាយគ្នាពេលក្រោយ ៕ដោយ ៖ ភារ៉ា


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print