ខេត្តកណ្តាល៖ ប្រជាពលរដ្ឋនៅក្នុងភូមិគោកសណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល បានផ្ទុះការតវ៉ា និងសំណូមពរឲ្យអាជ្ញាធរ ក៏ដូចជាគណៈពង្រឹងឃុំស្អាងភ្នំ មានវិធានការទប់ស្កាត់ចំពោះទីតាំងចាក់សំរាមរបស់លោកស័ក្តិ៤កន្លះ ប៉ោ សេង ដែលជះក្លិះឆ្អែះ ស្អុយ ឆ្អាប ដោយភក់ជ្រាំ និងដង្កូវពាសវាលពាសកាល ប៉ះពាល់សុខភាព របស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ ។ ករណីផ្ទុះការតវ៉ានេះ បានកើតមានឡើងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៨ ក្នុងឱកាសវេទិកាសាធារណៈ ក្នុងនោះប្រជាពលរដ្ឋបានសំណូមពរដល់គណៈពង្រឹង មេត្តាជួយអន្តរាគមន៍ពីសកម្មភាពរបស់លោកស័ក្តិ៤កន្លះ ប៉ោ សេង ចាក់សំរាមពាសវាលពាសកាលគ្មានការទទួលខុសត្រូវ និងគិតពីការរស់នៅរបស់ប្រជាពលរដ្ឋប្រចាំថ្ងៃ ជុំវិញករណីជះក្លិន ឆ្អែះ ស្អុយ ឆ្អាប ពីសំរាមភក់ជ្រាំរលួយ និងមានដង្ដូវជះក្លិនទាំងនេះមកលើប្រជាពលរដ្ឋបណ្តាលឲ្យមានជំងឺជាដើម ។
គួររំលឹកថា លោកស័ក្តិ៤កន្លះ ប៉ោ សេង មានសិទ្ធិវិនិយោគផ្សារចំនួន៣៨ឆ្នាំ ដែលគេសង្ស័យផងដែរថា ជាប់ពាក់ព័ន្ធនឹងករណីឃុបឃិតគ្នាណាមួយនឹងលោក ជា គឹមតុង អនុប្រធាននាយកដ្ឋានទ្រព្យសម្ប្តតិ្តរដ្ឋនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ការវិនិយោគនេះ លោកប៉ោ សេង បានគាបសង្កត់ទៅលើអាជីវករចំពោះការទារភាស៊ី ដោយគ្មានការយោគយល់ និងខុសពីសៀវភៅបន្ទុក ក្នុងនោះសូម្បីតែប្រជាពលរដ្ឋក្រីក្រ យកបន្លែកសិផល ត្រី ក្តាម ខ្យង បន្តិចបន្តួចដាក់កញ្ច្រែងលក់ ក៏បង្ខំឲ្យពួកគាត់បង់ប្រាក់ កើតជាការរអ៊ូរទាំរបស់ប្រជាកសិករ ខណៈពួកគាត់លក់តាមកញ្ច្រែងបន្តិចបន្តួចដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ ។ ដោយឡែកក្រុមអាជីវករ ក៏បានលើកឡើងផងដែរថា លោក ប៉ោ សេង ទោះជាមានច្បាប់វិនិយោគផ្សារចំនួន៣៨ឆ្នាំនោះក៏ពិតមែន ប៉ុន្តែគាត់គ្មានភាពទទួលខុសត្រូវទៅលើការសាងសង់ស្ថាបនាផ្សារ អភិវឌ្ឍន៍ឲ្យបានសមរម្យ ធ្វើឲ្យអាជីវករខ្លះលក់ហាលថ្ងៃ ភ្លៀង និងមានភក់ជ្រាំក្នុងផ្សារនេះជាដើម ។
ប្រជាពលរដ្ឋនៅក្នុងភូមិគោកសណ្តែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល មានជំនឿថា គណៈពង្រឹងឃុំ ក៏ដូចជាអាជ្ញាធរមូលដ្ឋាន អាចនឹងមានវិធានការទៅលើទីតាំងចាក់សំរាមរបស់លោកប៉ោ សេង ក៏ដូចជាពិនិត្យឡើងវិញ ជុំវិញការវិនិយោគផ្សាររបស់គាត់តើធ្វើឲ្យអាជីវករកើតទុក្ខក្តៅក្រហាយយ៉ាងណាខ្លះមួយរយៈកន្លងមកនេះ?
ដោយឡែក មានមន្ត្រីខ្លះបានលួចធ្លោយថា លោកប៉ោ សេង ជានាយទាហានស័ក្តិ៤កន្លះ ដោយសារតែឥទ្ធិពលលុយ ពេលខ្លះ គាត់មិនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងនោះបើសម្តីវិញ គាត់មានចរិតយកមេឃទ្រាប់គូថអង្គុយ ។ ថ្មីៗនេះ គាត់ក៏បានរត់ការយកតំណែងជាទីប្រឹក្សាថ្នាក់ដឹកនាំកំពូលលើៗ ក៏បានតួនាទីជាទីប្រឹក្សា ឋានៈស្មើរដ្ឋលេខាធិការ គាត់កាន់តែបញ្ចេញនូវភាពក្រអឺតក្រទម ប៉ះពាល់ដល់អារម្មណ៍មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន ក្នុងនោះ គាត់ពុំបានគិតទាល់តែសោះទៅលើទីតាំងខ្លួនចាក់សំរាមក្នុងមុខរបររកស៊ី រកផលចំណេញ ប៉ុន្តែវាបាននិងកំពុងប៉ះពាល់ទៅលើបរិស្ថាន បញ្ហាសុខភាពប្រជាពលរដ្ឋនេះ ។ ដូច្នេះ ទង្វើដែលគាត់កំពុងប្រព្រឹត្តជាមួយនឹងការវិនិយោគផ្សាររបស់លោក ប៉ោ សេង ពិតជាធ្វើឲ្យប្រជាពលរដ្ឋមិនមានការគាំទ្រ ប៉ះពាល់សតិអារម្មណ៍យ៉ាងខ្លាំង ពិសេសបញ្ហាជះក្លិនឆ្អែះ ស្អុយ ឆ្អាបពីភក់ជ្រាំសំរាមស្អុយរលួយ និងមានដង្កូវពាសវាលពាសកាល បណ្តាលឲ្យប្រជាពលរដ្ឋខ្លះមានជំងឺយ៉ាងធ្ងន់ធ្ងរ ។ បញ្ហាទាំងអស់នេះ គួរណាស់តែអាជ្ញាធរជំនាញពាក់ព័ន្ធគិតគូរដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនផង ដែលប្រជាពលរដ្ឋលើកឡើងថា សម្រាប់បុគ្គលម្នាក់ ដែលមានសិទ្ធិវិនិយោគក្នុងមុខរបររកទទួលទានចំណេញ ហើយធ្វើឲ្យប៉ះពាល់ដល់សិទ្ធិប្រជាពលរដ្ឋ ក៏ដូចជាការរស់នៅរបស់ពួកគាត់នោះទេ ។ ពួកគាត់ក៏សំណូមពរនៅក្នុងវេទិកាសាធារណៈឲ្យគណៈពង្រឹងជួយគិតគូរទៅលើបញ្ហាទាំងអស់នេះ ។
ពាក់ព័ន្ធទៅនឹងករណីផ្ទុះការតវ៉ារបស់ប្រជាពលរដ្ឋ ទាំងទីតាំងចាក់សំរាម ក៏ដូចជាការវិនិយោគផ្សាររបស់លោកស័ក្តិ៤កន្លះ ប៉ោ សេង នៅព្រឹកថ្ងៃសុក្រ ១០រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក្តិ ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៨ អង្គភាព«នគរដ្រេហ្គន» មិនអាចទាក់ទងបានទេសុំការបំភ្លឺពីគាត់ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែអ្នកក្រុងតាខ្មៅបានបង្ហើបផងដែរថា លោកប៉ោ សេង មានមុខជំនួញច្រើន ដែលគេទទួលស្គាល់ថា ការដឹកទំនិញខ្លះ មានករណីបង់ពន្ធមិនគ្រប់ផងក៏មាន ៕ សិលា