ភ្នំពេញ ៖ រថយន្តសាំយ៉ុងមួយគ្រឿងដឹកបន្លែគ្រប់មុខពេញបើកយ៉ាងលឿន ជ្រុលចង្កូតទៅបុកបង្គោលថ្មចរាចរចំនួន២ដើមនៅចញ្ចើមផ្លូវ រួចបុកបុរសម្នាក់ជាសន្តិសុខយាមរោងចក្រ អូសតាមរថយន្ត ទៅបុកចូលផ្ទះលក់ចាបហ៊ូជាប់ផ្លូវ បណ្តាលបុរសម្នាក់ស្លាប់ និងអ្នកបើករថយន្តរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីម៉ោងជិត១០យប់ ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៨នេះ នៅតាមបណ្តោយផ្លូវជាតិ៦ ខាងមុខរោងចក្រ U.D.S ស្ថិតក្នុងភូមិបាក់ខែងក្រោម សង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ហួន ហែល អាយុ៤៥ឆ្នាំ មុខរបរសន្តិសុខរោងចក្រកាត់ដែរសំលៀកបំពាក់ U.D.S ជាប់កន្លែងកើតហេតុ មានប្រពន្ធនិងកូនស្រី៣នាក់ ស្នាក់នៅផ្ទះជួលទល់មុខកន្លែងកើតហេតុ។
ចំណែកអ្នកបើកបររថយន្ត នៅមិនទាន់មិនស្គាល់អត្តសញ្ញាណទេ រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមទាំងព្រូរម្នាក់បើករថយន្តសាំយ៉ុងមួយគ្រឿងដឹកបន្លែពេញតាមផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង ខណ:មកដល់ចំណុចកើតហេតុ រថយន្តបានរ៉េចង្កូតធ្លាក់ចេញពីផ្លូវទៅបុកបុរសម្នាក់ជាសន្តិសុខកំពុងដើរមុខរោងចក្របណ្ដាលឲ្យប៉ើង៣០ម៉ែត្រ ហើយរថយន្តជ្រុលទៅទៅបុកទម្លុះចូលផ្ទះលក់ដូរមួយល្វែងបណ្តាលឲ្យបុរសជាសន្តិសុខស្លាប់នៅកន្លែងកើតហេតុនិងខូចខាតរបស់របរក្នុងផ្ទះទាំងស្រុង ព្រមទាំងម៉ូតូម៉ាក Honda Scoopy មួយគ្រឿង ចំណែកអ្នកបើកបររថយន្ត បានរងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យនិងព្រូម្នាក់ទៀតរកមិនទាន់ឃើញ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ ទាក់ទងសមត្ថកិច្ចជំនាញផ្នែកចរាចរចុះមកវាស់វែងយករថយន្តបង្កហេតុទៅរក្សាទុកនៅការិយាល័យចរាចផ្លូវគោក ចំណែកសពត្រូវបានសមត្ថកិច្ចធ្វើរបាយការណ៍ប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត នៅឯភូមិអង្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល៕
ដោយ៖ ជ្រោយពេជ្រ