ខេត្តបាត់ដំបង៖ កុមារាម្នាក់បានស្លាប់យ៉ាងអាណោចអាធម ដោយសារលង់ទឹកស្រះក្បែរផ្ទះ ដោយសារតែភាពធ្វេសប្រហែសរបស់ឪពុកម្ដាយដែលមិនបានយកចិត្តទុកដាក់ ។
ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៤០នាទីព្រឹក ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅក្នុងភូមិអូរឃ្មុំ ឃុំរស្មីសង្ហា ស្រុករតនមណ្ឌល ខេត្តបាត់ដំបង ។ កុមារាខាងលើត្រូវបានស្គាល់ថា ឈ្មោះរ៉ា ដានី អាយុ៥ឆ្នាំ រស់នៅជាមួយឪពុកម្ដាយ ក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនពេលកើតហេតុ ខណៈដែលឪពុកម្ដាយរបស់ក្មេងនោះ កំពុងជាប់រវល់នឹងកិច្ចការមួយចំនួន ដោយភ្លេចចាប់អារម្មណ៍ទៅលើកូនប្រុសដែលកំពុងដើរលេងនៅក្នុងបរិវេណផ្ទះរបស់ខ្លួន។ លុះមួយសន្ទុះក្រោយមក អ្នកទាំង២ជាម្ដាយឪពុកក្មេង នឹងឃើញកូន ហើយរកមើលតែមិនឃើញ ក៏នាំគ្នាឆោឡោដើររកមើលស្រាប់តែប្រទះឃើញស្បែកជើង របស់កូននៅនឹងមាត់ស្រះក្បែរផ្ទះ សង្ស័យថាកូនលង់ទឹកក៏ចុះរាវ ទើបបានប្រទះឃើញកូនប្រុសខ្លួន បាត់លង់ទឹកស្លាប់បាត់ទៅហើយ ។
បច្ចុប្បន្នក្រុមគ្រួសារបានរៀបចំធ្វើបុណ្យឲ្យសពកូន ដោយទុក្ខសោកយ៉ាងក្រៀមក្រំជាទីបំផុត ៕
ដោយ៖ សហការី