ភ្នំពេញ៖ អាជ្ញាធរខណ្ឌពោធិសែនជ័យកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥បានចុះបិទហាងខារ៉ាអូខេ ២កន្លែងស្ថិតនៅផ្លូវ២០០៤ សង្កាត់កាកាប ពោធិ៍សែនជ័យ បន្ទាប់ពីម្ចាស់ហាងទាំង២ បានបង្កជម្លោះប្រើអំពើហិង្សាដាក់គ្នាទៅវិញទៅមក ។
មន្រី្តនគរបាលប៉ុស្តកាកាបបានឲ្យដឹងថា ការចុះបិទទីតាំងខារ៉ាអូខេ ខាងលើនេះដឹកនាំដោយ លោក សេង គុណ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ ព្រមទាំង មានការចូលរួម ពីមន្រ្តីពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធហត្ថ នគរបាល ជាច្រើននាក់ ហើយ ហាងខារ៉ាអូខេដែលបិទនេះរួមមានទី១ មានយីហោហាន់នី KTV និងទី២យីហោ រតនៈ សោភ័ណ្ឌKTV ។
អភិបាលរងខណ្ឌ លោក សេង គុណ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណី កើតមានជម្លោះមួយនៅហាងខារ៉ាអូខេទាំងពីររហូត ប្រើអំពើហិង្សាដេញវាយកាប់គ្នា ទៅវិញ ទៅមក យ៉ាងអាណាធិបតេយ្យ បង្កភាពភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋ និងធ្វើឲ្យប៉ះពាល់ដល់ សណ្តាប់ធ្នប់សារធារណៈ។ដូច្នេះហើយទើបលោកអភិបាលខណ្ឌបានសម្រេចឲ្យលោកចុះមកផ្អាកការធ្វើអាជីវកម្មទាំង២នេះជាបន្ទាន់ ។
លោកអភិបាលបានបញ្ជាក់ឲ្យដឹងទៀតថា ការវាយតប់គ្នា និងប្រើអំពើហិង្សា ពីសំណាក់ម្ចាស់ហាងខារ៉ាអូខេ ស្ថិតនៅតាមផ្លូវលេខ២០០៤ តែងតែកើត មានឡើងជាបន្តបន្ទាប់ ដោយសារការដណ្តើមម៉ូយគ្នា ហើយជារឿយៗ អាជ្ញាធរខណ្ឌឲ្យតែដឹងថា មានភាពអនាធិបតេយ្យបែបនេះ ត្រូវតែចុះទៅបិទភ្លាមៗ ៕
ដោយ៖ ប្រាថ្នា