ខេត្តកណ្តាល៖ ក្មេងស្រីអាយុ ៥ឆ្នាំម្នាក់បានលង់ទឹកប្រឡាយស្លាប់ នៅគ្រាដែលក្មេងរង គ្រោះដើរទៅតាមជីដូនដើម្បីដោះត្រីមងយកមកលក់ចិញ្ចឹមជីវិត ។
ករណីលង់ទឹកស្លាប់នេះ បានកើតឡើងនៅវេលាម៉ោង៩,៣០នាទី ព្រឹកថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០១៥ នៅចំនុចប្រឡាយបង្ហូរទឹកមួយកន្លែង ស្ថិតនៅក្នុងភូមិ ស្ទឹង២ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ក្មេងស្រីរងគ្រោះឈ្មោះ ជាន់ សុវណ្ណារី អាយុ៥ឆ្នាំ ឪពុកឈ្មោះលាន់ ជាន់ អាយុ២៩ឆ្នាំ ជាកសិករ ម្តាយឈ្មោះសេក សាត អាយុ២៦ឆ្នាំ ជាកសិករ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។
នគរបាលប៉ុស្តិ៍សំរោងធំ បានអោយដឹងថា នៅថ្ងៃកើត ហេតុក្មេងស្រីរងគ្រោះបានទៅតាមជីដូនដើម្បីដោះត្រីមងយកទៅលក់ចិញ្ចឹមជីវិត ។ ពេលទៅដល់មាត់ប្រឡាយជីដូនក៍ចុះទៅដោះត្រីដោយទុកអោយចៅស្រីអង្គុយចាំនៅលើខ្នងប្រឡាយ ។ ពេលជីដូនកំពុងតែដោះត្រី ចៅស្រីក៍បានចុះមកលេងទឹប្រឡាយម្ខាងទៀតបណ្តាលអោយលង់ស្លាប់តែម្តង ។
បន្ទាប់ពីកើតហេតុសមត្ថ កិច្ចបានចុះទៅពិនិត្យសាកសពឃើញថាពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន ៕
ដោយ៖ សណ្តោស