ភ្នំពេញ៖ ជនជាប់ចោទ២នាក់ខណៈដែលកម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យ កំពុងបញ្ជូនតាមរថយន្តទៅកាន់ពន្ធនាគារព្រៃសតាមការបង្គាប់របស់តុលាការដល់កន្លែងផ្លូវរលាក់បានឆ្លៀតលោតចុះពីលើរថយន្តរត់គេចខ្លួន ទាំងដៃជាប់ខ្នោះតែជាងពីរម៉ោងក្រោយមកទើបសមត្ថកិច្ចឡោមព័ទ្ធចាប់បានមកវិញ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅផ្លូវចូលបុរីសន្តិភាព២ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
មន្រ្តីនគរបាលដែលបញ្ជូនជនសង្ស័យទៅឃុំខ្លួននៅពន្ធនាគារព្រៃស បានឲ្យដឹងថា ក្រោយពីតុលាការចេញដីកាឃុំខ្លួនជនជាប់ចោទ២នាក់ ក្នុងចំណោម៤នាក់ ពាក់ព័ន្ធ និងបទល្មើសគ្រឿងញៀន និងលួចម៉ូតូ ដាក់ពន្ធនាគារកាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកានោះ កម្លាំងនគរបាល ខណ្ឌពោធិ៍សែនជ័យបានដឹកពួកគេតាមរថយន្តទៅកាន់ពន្ធនាគារព្រៃស ប៉ុន្តែពេលបើករថយន្ត ដល់ផ្លូវ៣០ម៉ែត្រ ដែលមានជង្ហុកជ្រៅៗផងនោះ ធ្វើអោយជនជាប់ចោទទាំង២នាក់ មានឱកាសធាក់ ទ្វាររថយន្តរត់គេចខ្លួនទាំងដៃជាប់ខ្នោះ នៅក្នុងបរិវេណបូរីសន្តិភាព២តែម្តង ។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ក្រោយមានករណីនេះកើតឡើង កម្លាំងនគរបាលជាច្រើននាក់បានសហការគ្នាទៅឡោមព័ទ្ធចាប់ជនសង្ស័យទាំងពីរ អស់រយៈពេលជាច្រើនម៉ោងទើបចាប់បានមកវិញ គឺចាប់បាននៅក្នុងសង្កាត់ចោមចៅ និងសង្កាត់កន្ទោក នារសៀលថ្ងៃទីនោះ ។
បើតាមការឲ្យដឹងពីសមត្ថកិច្ចបញ្ជាក់ថាកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥មានមនុស្សចំនួន៤នាក់ ក្នុងនោះមានស្រីម្នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យ រួមសហកាជាមួយ នគរបាលប៉ុស្តិ៍ចោមចៅ ចុះប្រតិបត្តិការបង្ក្រាប ចាប់ឃាត់ខ្លួនបាន ជនសង្ស័យ ជាប់ពាក់ព័ន្ធទៅនឹង ករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន និងជាប់ពាក់ព័ន្ធទៅនឹងករណីកាច់សោ ក ម៉ូតូទៀតផងដែរក្នុងនោះមានទាំងជនសង្ស័យ២នាក់ខាងលើផង ។
ជនសង្ស័យទាំងនោះរួមមានទី១- ឈ្មោះ សំ សក្កណា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅក្នុងបុរីសន្តិភាព២ ភូម៨ដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។ ទី២- ឈ្មោះ ឱក រ៉ូបាន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះកើតហេតុ ទី៣- ឈ្មោះ សម្បត្តិ កែវ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅក្នុងបុរីសន្តិភាព២ ។ទី៤- ឈ្មោះ សុខ ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដស្នាក់នៅផ្ទះកើតហេតុ ៕
ដោយ៖ ប្រាថ្នា