ខេត្តកំពង់ឆ្នាំង៖ បុរសម្នាក់បានរងរបួសផ្នែកក្បាលពីក្រោយយ៉ាងធ្ងន់ធ្ងរ ដេកសន្លប់លើថ្នល់ក្រាលកៅស៊ូតែម្នាក់ឯងនៅពេលយប់ បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយសមត្ថកិច្ចបានសង្ស័យថា ស្រវឹងធ្លាក់ពីលើម៉ូតូឌុប ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោង៧និង៥០នាទីយប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅចំណុចក្រោយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិកណ្ដាល សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។
សមត្ថកិច្ចនគរបាលក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា បុរសរងគ្រោះរូបនេះមានឈ្មោះ វ៉ាត អាង អាយុ៣៨ឆ្នាំ មានទីលំនៅភូមិកំពង់អុស សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ជាបុរសពោះម៉ាយ រស់នៅម្នាក់ឯង ដោយប្រពន្ធ និងកូន បានចាកចេញចោលទៅនៅផ្ទះឪពុកម្ដាយអស់ទៅ ។
ប្រភពដដែលបានបន្ដឲ្យដឹងថា មុនពេលកើតហេតុ នៅចំណុចនេះគេមិនបានឃើញមានការវាយប្រតប់ ឬមានការឈ្លោះប្រកែកគ្នានោះទេ ស្រាប់តែអ្នកដំណើរបានប្រទះឃើញបុរសរងគ្រោះដេកលើថ្នល់ក្រាលកៅស៊ូ មានឈាមហូរចេញពីក្បាលផ្នែកខាងក្រោយយ៉ាងច្រើន ហើយក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចចុះមកពិនិត្យ និងបានហៅរថយន្តរបស់មន្ទីរពេទ្យដឹកទៅសង្គ្រោះជាបន្ទាន់ ។
ដោយឡែក សមត្ថកិច្ចធ្វើការស្រាវជ្រាវនៅកន្លែងកើតហេតុបានឲ្យដឹងថា គ្មានអ្នកណាបានឮសំឡេងអ្វីដែលសង្ស័យថាមានគេកាប់ ឬវាយប្រហារលើជនរងគ្រោះឡើយ ទើបសមត្ថកិច្ចសង្ស័យថា ជនរងគ្រោះអាចជិះម៉ូតូឌុប ហើយបានធ្លាក់ពីលើម៉ូតូ ព្រោះតែថ្ងៃណាក៏គេឃើញបុរសរូបនោះផឹកស្រវឹងដែរ ។
រហូតមកដល់ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ សមត្ថកិច្ចនគរបាលក្រុងបានស្រាវជ្រាវ និងបានឲ្យដឹងថា នៅល្ងាចមុនពេលកើតហេតុ មានគេឃើញបុរសរងគ្រោះមានអាការស្រវឹងខ្លាំង ហើយបានជិះម៉ូតូឌុបពីម្តុំរោងចក្រ M.V ស្ថិតក្នុងភូមិត្រពាំងចឹកសារ សង្កាត់កំពង់ឆ្នាំង សំដៅមកផ្ទះ ទើបសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះពិតជាមានគ្រោះថ្នាក់ដោយសារធ្លាក់ពីលើម៉ូតូឌុបពិតមែន ដែលពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវរកម្ចាស់ម៉ូតូឌុបមកឲ្យទទួលខុសត្រូវ ៕
ដោយ៖ សហការី