ខេត្តកំពង់ឆ្នាំង ៖ យុវជន២នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្ករឡើងដោយរវាងម៉ូតូ និង ម៉ូតូ នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិត នៅក្នុងភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហេតុការណ៍បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានអោយដឹងថា ជនរងគ្រោះដែលស្លាប់ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍នេះ ម្នាក់ឈ្មោះរ៉ន សម្បត្តិ ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅក្នុងភូមិប៊ួច្រេះ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិសាត់ ជិះម៉ូតូម៉ាកហុងដា វ៉េវ ។ និងម្នាក់ទៀតឈ្មោះ ណាង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅឃុំប្រស្នឹប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា ។
តាមប្រភពពីប្រជាលរដ្ឋនៅកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុ គេឃើញយុវជនម្នាក់ជិះម៉ូតូម៉ាកហុងដាវ៉េវ អត់ស្លាកលេខ ក្នុងទិសដៅពីលិចទៅកើត តាមគន្លងផ្លូវរបស់ខ្លួន ។ នៅពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានយុវជនម្នាក់បានជិះម៉ូតម៉ាកស៊ុយហ្ស៊ុយគីវីវ៉ា អត់ស្លាកលេខ ធ្វើដំណើរច្រាស់ទិសគ្នា ក្នុងល្បឿនយ៉ាងលឿន ហើយបានបើកជែងរថយន្តមួយគ្រឿងនៅពីមុខ ហើយបានវ៉ាក់នឹងរថយន្តមួយគ្រឿងទៀតដែលមកពីខាងមុខ ហើយបានគេចរថយន្តនោះ ក៍ជ្រុលទៅបុកម៉ូតូហុងដាវ៉េវ បណ្តាលអោយបែកក្បាលទាំងពីរនាក់ឈាមហូរក្រហមច្រាលស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង ។
ក្រោយពេលកើតហេតុ ជនរងគ្រោះបានត្រូវបានក្រុមគ្រូសារដឹកយកទៅផ្ទះដើម្បីធ្វើបុណ្យរៀងខ្លួន ចំណែកឯកមធ្យោបាយបង្ករ ត្រូវបានយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករលាប្អៀរផងដែរ ៕ ចន្ថា