ភ្នំពេញ ៖ ប្រសាសន៍សំខាន់ៗ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៦ ប្រវែង ២៦៤.៥៣ គ.ម ចាប់ពីថ្នល់កែង ខេត្តកំពង់ចាម ដល់ អង្គ្រង ខេត្តសៀមរាប ដោយចំណាយថវិកាសរុប ២៥៥.០២លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទានរបស់រដ្ឋាភិបាលចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៨នេះ
ខេត្តកំពង់ធំ៖ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ផ្លូវជាតិលេខ៦នេះ មានអតីតកាលឈឺចាប់ច្រើន ដែលត្រូវបានកាត់ផ្តាច់ដោយសារតែភ្លើងសង្គ្រាម ប៉ុន្តែបានប្រែក្លាយជាមោទនភាពនាពេលបច្ចុប្បន្ន ដែលកម្ពុជាអាចបញ្ចប់បាននូវភ្លើងសង្គ្រាម និងសម្រេចបានសមិទ្ធផលដ៏ល្អ។
-សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សម្តេចនៅតែចងចាំមិនអាចបំភ្លេចបាននូវស្លាកស្នាមពីអតីតកាល ដែលស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកជីក្រែង ខេត្តសៀមរាប គឺជាទីលានសមរភូមិសង្គ្រាមមិនអាចឆ្លងកាត់រកគ្នាបាននោះឡើយ។
-សម្តេចតេជោ ហ៊ុន សែន ក៏បានរំលឹកពីការសាងសង់សាលាកាលពីឆ្នាំ២០១៦ នៅក្នុងខេត្តកំពង់ធំពេលសម្តេចធ្វើដំណើរឆ្លងកាត់ទីនេះ។ សម្តេចថ្លែងថា តាមរយៈសមិទ្ធផលអគារសិក្សា ផ្លូវថ្នល់ បានបញ្ជាក់ច្បាស់ថា កម្ពុជាបានប្រែក្លាយតំបន់សមរភូមិទៅជាតំបន់ទីផ្សារ និងការអភិវឌ្ឍ។
-សម្តេចតេជោ ហ៊ុន សែន បានរំលឹកជាថ្មីថា ប្រជាអាជីវករលក់ដូរនៅតាមផ្សាររដ្ឋនានា គឺអាចលក់ដូរ និងគ្រប់គ្រងពេញមួយជីវិត, ។
-សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យគ្រប់ភាគីពាក់ព័ន្ធមេត្តាបិទបញ្ចប់រឿង«លោកឆាន់ពោតស្ងោរ»នៅវត្តបាក់លើ ខេត្តបន្ទាយមានជ័យ នៅថ្ងៃនេះតែម្តង…តែបើចង់តតាំងគ្នាតាមផ្លូវតុលាការ ត្រូវរកមេធាវីដើម្បីតទល់គ្នា….!!!
-សម្តេចតេជោ ហ៊ុន សែន បានព្រមានដេញលោក ផែង វណ្ណៈ និងលោក ខាន់ ចាន់សុផល ចេញពីជួរកងកម្លាំងប្រសិនបើបន្តលើរឿងព្រះសង្ឃនេះ។
-សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រឿងនេះបង្កឡើងដោយ ផែង វណ្ណៈ និង ខាន់ ចាន់សុផល៕