លោកត្រាំធ្វើឲ្យប្រទេសជាសម្ពន្ធមិត្តបាត់បង់ទំនុកចិត្ត

ចែករំលែក៖

ក្រោយពេលដែលលោកត្រាំបានដើរចេញពីសេចក្តីថ្លែងការណ៍រួម នៅក្នុង កិច្ចប្រជុំ មេដឹកនាំ ប្រទេសអភិវឌ្ឍន៍ទាំង៧ ហៅកាត់ថា G7 ដែលរៀបចំឡើងនៅក្នុងប្រទេសកាណាដានោះ ធ្វើឲ្យប្រទេសជាសមាជិកថ្កោលទោសយ៉ាងខ្លាំង ពិសេសគឺសម្ពន្ធមិត្តសំខាន់បំផុតនៅអឺរ៉ុប គឺ បារាំង និងអាល្លឺម៉ង់ ។

នៅក្នុងប្រទេសបារាំង វិមានប្រធានាធិបតីបានប្រកាសឲ្យដឹងពីជំហររបស់បារាំង និងសហភាពអឺរ៉ុបក្នុងការគាំទ្រលើសេចក្តីថ្លែងការណ៍រួមរបស់ G៧។ ការប្រកាស របស់បារាំងយ៉ាងដូចនេះបានធ្វើឡើង ប៉ុន្មានម៉ោងក្រោយពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសដកហត្ថលេខីរបស់ខ្លួនចេញពីសេចក្តីថ្លែងការណ៍ រួមនោះវិញ។ អាល្លឺម៉ង់តាមរយៈលោកស្រីនាយករដ្ឋមន្រ្តីអេនហ្គឺឡា មែរគែលបាន សម្តែងការសោកស្តាយចំពោះទង្វើរបស់លោកត្រាំ និងបញ្ជាក់ថា អឺរ៉ុបក៏នឹងចាត់ វិធានការតបនឹងលោកត្រាំដែលដំឡើង ពន្ធលើដែកថែប និងអាលុយមីញ៉ូមអឺរ៉ុបនាំចូលអាមេរិកដែរ។

ជាមួយនឹងពាក្យសម្តីធ្ងន់ៗដែលវិមានប្រធានាធិបតីបារាំងបានឆ្លើយតបនឹងការសម្រេចចិត្តបញ្រ្ចាសទិសរបស់លោក ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំគឺមាន ពាក្យយ៉ាងដូច្នេះថា « យើងបានចរចាគ្នាយ៉ាងតានតឹងអស់រយៈពេល ២ថ្ងៃទម្រាំ ទទួលបានសេចក្តីថ្លែងការណ៍រួមមួយ។ ភាគីណាក៏ដោយដែលបានដកខ្លួន រួចបែរខ្នងចេញពីសេចក្តីថ្លែងការណ៍នោះកំពុង បង្ហាញឲ្យឃើញពីភាពមិនស៊ីចង្វាក់ និង ភាពមិនខ្ជាប់ខ្ជួនរបស់ខ្លួន » នេះជាការ បញ្ជាក់របស់វិមានប្រធានាធិបតីបារាំង។

តាមវិមានអេលីហ្សេដដែលបញ្ជាក់ បារាំង និងអឺរ៉ុបបន្តប្តេជ្ញាគាំទ្រលើសេចក្តីថ្លែងការណ៍រួមរបស់ G៧ នៅកាណាដា រួចគូសបញ្ជាក់ដោយបញ្ឆិតបញ្ឆៀងថា កិច្ចសហប្រតិបត្តិការអន្តរជាតិមិនអាចធ្វើឡើងដោយផ្អែកលើកំហឹង ឬការប្រើពាក្យសម្តី វាយប្រហារនោះឡើយ។ កំហឹងប្រឆាំង នឹងលោកត្រាំក៏មានពីលោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់អេនហ្គឺឡា មែរគែលដែរ។ ក្រៅពីសម្តែងការសោកស្តាយចំពោះទង្វើត្រឡប់ក្រោយរបស់លោកត្រាំ លោកស្រី មែរគែលបានប្រកាសឲ្យដឹងថា អឺរ៉ុបក៏នឹងចាត់វិធានការតបនឹងលោកត្រាំដែលដំឡើងពន្ធលើដែកថែប និងអាលុយមីញ៉ូមអឺរ៉ុបនាំចូលអាមេរិកដែរ។

ប្រតិកម្មរបស់បារាំង និងអាល្លឺម៉ង់ពេល នេះបានធ្វើឡើង បន្ទាប់ពីលោកត្រាំបានសម្រេចចិត្តដកហត្ថលេខីរបស់លោក ចេញពីសេចក្តីថ្លែងការណ៍រួម G៧ ចុះហត្ថលេខាក្នុងប្រទេសកាណាដានាថ្ងៃសៅរ៍ ទី៩ មិថុនា។ ទន្ទឹមនិងការសម្រេចចិត្តនេះ លោកត្រាំក៏បានរិះគន់ ប្រទេសកាណា ដា និងនាយករដ្ឋមន្រ្តីលោក Justin Trudeau រួមទាំងគំរាមឈប់ផ្តល់ការធានាសន្តិសុខលើសហភាពអឺរ៉ុបទៀតផង។ តាមលោកត្រាំ អាមេរិកនឹងឈប់ជួយការពារសន្តិសុខអឺរ៉ុប បើអឺរ៉ុបមិនដំឡើងថវិកាយោធាឲ្យអង្គការអូតង់ និងបើអឺរ៉ុបមិនធ្វើ ឲ្យមានសមភាពនៃការដោះដូរពាណិជ្ជកម្មជាមួយអាមេរិកទេនោះ៕ ម៉ែវ សាធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print