សម្តេចសាយ ឈុំ និងលោកឃួង ស្រេង ៖ សម្ពោធដាក់ឲ្យប្រើប្រាស់ឧបដ្ឋានសាលា ​និងសមិទ្ធផលនានា ក្នុងវត្តចំការខ្សាច់ ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ មានតម្លៃជាង៦០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បាននឹងកំពុងអញ្ជើញជាអធិបតីភាពសម្ពោធឧបដ្ឋានសាលា ​និងសមិទ្ធផលក្នុងវត្តចំការខ្សាច់ ស្ថិតនៅក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ដែលមានតម្លៃជាង៦០ម៉ឺនដុល្លារ ដើម្បីបំរើក្នុងវិស័យព្រះពុទ្ធសាសនា។

    លោកឃួង ស្រេង ក្នុងពិធីសម្ពោធឧបដ្ឋានសាលា ​និងសមិទ្ធផលក្នុងវត្តចំការខ្សាច់ បានមានប្រសាសន៍លើក ឡើងថា៖  នៅក្នុងរាជធានីភ្នំពេញ ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសម្តេចតេជោ ប្រមុខ រាជរដ្ឋាភិបាល និងមានការចូលរួមយ៉ាងសកម្មខ្លាំងក្លារបស់ថ្នាក់ដឹកនាំព្រះពុទ្ធសាសនា ពុទ្ធបរិស័ទគ្រប់មជ្ឈដ្ឋាន បានធ្វើឲ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើនទៅមុខគួរឲ្យកត់សម្គាល់។  រាជធានីភ្នំពេញ មានវត្តអារ៉ាមសរុបចំនួន១៤៩វត្ត មានព្រះសង្ឃគង់អាស្រ័យចំនួន៨១៩៥អង្គ គណៈកម្មការវត្តចំនួន១០៤៥នាក់ សីលវន្តសីលវតីចំនួន១៥៤៣នាក់។

   លោកបន្តថា៖ វត្តចំការខ្សាច់ ជាវត្តក៏ចំណាស់មួយរបស់កម្ពុជា គឺបានកសាងឡើងតាំងពីឆ្នាំ១៥០៤ មកម្ល៉េះ គិតមកដល់បច្ចុប្បន្ន ​នេះ មានអាយុកាល៥១៤ឆ្នាំហើយ ។ សព្វថ្ងៃ វត្តចំការខ្សាច់ ស្ថិតនៅក្នុងភូមិម៉ឺន្រ្តា សង្កាត់ស្ពានថ្ម ខណ្ឌដង្ក រាជធានីភ្នំពេញ ហើយត្រូវបានព្រះសង្ឃ ពុទ្ធបរិស័ទ បានរួមគ្នាអភិវឌ្ឍន៍វត្តនេះ ឲ្យមានការរីកចម្រើន គួរឲ្យគត់សម្គាល់ គឺមានលក្ខណៈសមជាទីសក្ការៈបូជារហូតមក។ ប៉ុន្តែនៅចន្លោះឆ្នាំ១៩៧២ ដល់១៩៧៩ ទីវត្តនេះ បានក្លាយទៅជាទីតាំងសមរភូមិរវាងកងទ័ព ដែលដឹកនាំដោយសេនាប្រមុខលន់នល់ និងចលនារំដោះជាតិខ្មែរក្រហម បានបំផ្លាញសមិទ្ធផលនានា ក្នុងវត្តទាំងស្រុង។

   វត្តចំការខ្សាច់ ត្រូវបានបើកឲ្យប្រជាពលរដ្ឋចូលគោរពបូជា ឡើងវិញ នៅក្នុងឆ្នាំ១៩៨២។ ចាប់ពីឆ្នាំ១៩៨២ រហូតមក ដល់ពេលនេះ មានព្រះចៅអធិការចំនួន១០អង្គហើយ។ បច្ចុប្បន្ននេះ ព្រះតេជគុណ ឈឿន ឈូក ជាព្រះចៅអធិការ និងមានព្រះសង្ឃគង់អាស្រ័យចំនួន២០អង្គ។ ហើយសមិទ្ធផលនានាជាច្រើនត្រូវបានកសាងសង់ និងជួលជុលជាបន្តបន្ទាប់ ក្នុងនោះរួមមាន រោងភត្ត បូជណីយដ្ឋាន ព្រះពុទ្ធបដិមាស្ពាន់ ឆព្វណ្ណរង្សី រូបសំណាកព្រះបាទជយវរ្ម័នទី៧ កសាងកុដិថ្មី១ខ្នង ចាក់ដីបំពេញទីធ្លាវត្ត ចាក់សាប បន្ទប់ទឹក រៀបចំសួនច្បារ បង្គោលភ្លើង ជីកអណ្តូងទឹក៣កន្លែង ប្រព័ន្ធទឹកប្រើប្រាស់ក្នុងវត្ត និងកសាងឧបដ្ឋានសាលា សាលាពុទ្ធិកបឋមសិក្សា ដែលមានទំហំបណ្តោយ ប្រវែង៣០ម៉ែត្រ ទទឹងប្រវែង២២ម៉ែត្រ កម្ពស់២៤ម៉ែត្រ ចាប់ផ្តើមកសាងចាប់ពីថ្ងៃទី១០ ខែធ្នូឆ្នាំ២០១៤ និងបានបញ្ចប់ជាស្ថាពរនៅថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៨។ 

    សម្ដេច សាយ ឈុំ បានបញ្ជាក់ថា ៖   សមិទ្ធផល នានាទាំងអស់នេះ គឺបានកើតចេញពីមនុញ្ញផល នៃការអភិវឌ្ឍជាតិមាតុភូមិ ដើម្បីទ្រទ្រង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា និងផ្តើមចេញពីកម្លាំងមហាសាមគ្គីរ​បស់រាជរដ្ឋាភិបាល អាជ្ញាធរដែនដី ព្រះសង្ឃ លោកយាយ លោកតា ពុទ្ធបរិស័ទចំណុះជើងវត្ត បងប្អូនប្រជាពលរដ្ឋ ព្រមទាំងសប្បុរជនទាំងក្នុងនិងក្រៅប្រទេស ដែលបានចំណាយថវិកាសរុបចំនួន៦០៣.១៩០ដុល្លារ ។

 ឧបដ្ឋាន សាលានិងសមិទ្ធផលនានាជាច្រើនទៀតក្នុងទីវត្តចំការខ្សាច់ នឹងក្លាយជាប្រយោជន៍សម្រាប់ព្រះថេរនុថេត្ថេរៈគ្រប់ព្រះអង្គ បំពេញសង្ឃកម្មតាមពុទ្ធោវាទនិងជាទីសេនាសនៈដ៏គត់មត់ សម្រាប់សីលវន្ត សីលវតី និងបងប្អូនពុទ្ធបរិស័ទទាំងអស់ ប្រណិប័តន៍ព្រះធម៌ ព្រះវិន័យ ទុកជាធម្មទានដ៏ល្អក្នុងវិស័យព្រះពុទ្ធសាសនា ។

​​​     ដើម្បីប្រយោជន៍រួមសម្រាប់កសាងហេដ្ឋារចនាសមព័ន្ធសង្គមជាតិ ឆ្លៀតក្នុងឱកាសនោះឯកឧត្តមបណ្ឌិត លី ឆេង អ្នកតំណាងរាស្រ្តមណ្ឌលភ្នំពេញ អគ្គនាយកប៊ែលធីគ្រុប និង ជាប្រធានក្រុមការងារចុះជួយសង្កាត់ស្ពានថ្ម និងលោកជំទាវ ប៊ូ អ៊ា រួមជាមួយព្រះសង្ឃ គណៈកម្មការចារ្យ វត្តពុទ្ធបរិស័ទ្ធចំណុះជើងវត្ត មានសទ្ធាជ្រះថ្លារួមគ្នា កសាងសំណង់ដែលជាសមិទ្ធផលនានាដែលត្រូវបានដាក់សម្ពោធអោយប្រើប្រាស់ជាផ្លូវការនាពេលនេះ ៕ ស រស្មី

  


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print