សាលាដំបូងខេត្តកំពង់ធំ ប្រជុំពង្រឹងសមត្ថភាពមន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ

ចែករំលែក៖

ខេត្តកំពង់ធំ៖ អយ្យការអមសាលាដំបូងខេត្តកំពង់ធំ នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ បានកោះប្រជុំពង្រឹងសមត្ថភាពដល់មន្ត្រីបរិស្ថាន និងមន្ត្រីរដ្ឋបាលព្រៃឈើ ក្រោមប្រធានបទស្វែងរកដំណោះស្រាយរាល់បញ្ហាប្រឈមមួយចំនួន នៅធ្វើប្រតិបត្តិការបង្ក្រាបបទព្រៃឈើ នៅក្នុងខេត្តកំពង់ធំ។

កិច្ចប្រជុំនេះ ធ្វើឡើងក្រោមអធិបតីលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងមានការចូលរួមពីស្ថាប័នអយ្យការ និងចៅក្រមនៃសាលាដំបូងខេត្តកំពង់ធំ រួមនឹងមន្ត្រីមន្ទីរបរិស្ថានខេត្ត និងមន្ត្រីរដ្ឋបាលព្រៃឈើទូទាំងខេត្តកំពង់ធំ ប្រមាណជិត១០០នាក់ ដោយផ្តោតសំខាន់ទៅលើការពង្រឹងសមត្ថភាពដល់មន្ត្រីនគរបាលយុត្តិធម៌ ជាពិសេសមន្ត្រីមន្ទីរ បរិស្ថានខេត្ត និងមន្ត្រីរដ្ឋលព្រៃឈើខេត្ត ដើម្បីដំណោះស្រាយរាល់បញ្ហាប្រឈមក្នុងពេលធ្វើប្រតិបត្តិការបង្ក្រាបបទព្រៃឈើ ។

គួរបញ្ជាក់ថា កន្លងមក ថ្នាក់ដឹកនាំខេត្តកំពង់ធំ​ក៏ធ្លាប់បានកោះប្រជុំណែនាំ​ស្ថាប័នបរិស្ថាន និងរដ្ឋបាលព្រៃឈើ​ឲ្យ​ធ្វើសកម្មភាពខ្លាំងក្លា​ក្នុងការបង្ក្រាបបទល្មើសនោះផង ។ ជាមួយនោះ អាជ្ញាធរខេត្តក៏បានស្នើឲ្យស្ថាប័នជំនាញទាំងពីរ​ផ្សព្វផ្សាយពីលទ្ធផលដែលខ្លួនធ្វើបាន ។ ប៉ុន្តែយ៉ាងណាក៏ដោយ​ប្រជាពលរដ្ឋនៅខេត្តកំពង់ធំនៅតែរាយការណ៍ថា បទល្មើសព្រៃឈើ​ក្រោមអំណាចរបស់រដ្ឋបាលព្រៃឈើ និងមន្ទីរបរិស្ថានខេត្តនៅតែកើតមាន ។ អាជ្ញាធរខេត្តកំពង់ធំ ចាត់ទុកព័ត៌មានដែលផ្សព្វផ្សាយអំពីបទល្មើស​តាមបណ្តាញផ្សព្វផ្សាយនានាថា ធ្វើឲ្យខូចមុខមាត់ខេត្ត និងជាព័ត៌មាន​មិនពិត ។

ថ្នាក់ដឹកនាំខេត្តកំពង់ធំ​មិនព្រមទទួលស្គាល់ការពិតថា មានបទល្មើសនោះទេ ទាំងបទល្មើសនេសាទ និងបទល្មើសព្រៃឈើ ប៉ុន្តែ​បែរជាទទួលស្គាល់របាយការណ៍នៅលើក្រដាស និងសេចក្តីរាយការណ៍ផ្ទាល់មាត់ពីមន្ត្រីជំនាញ​ទាំងនេះទៅវិញ ។ ឥឡូវនេះដល់វេនស្ថាប័នតុលាការ​ដាស់តឿនមន្ត្រីរដ្ឋបាលព្រៃឈើ និងបរិស្ថានឲ្យ​បញ្ចេញថ្វីដៃបង្ក្រាបបទល្មើស ក្រោមដែនសមត្ថកិច្ចរបស់ខ្លួននោះផង ។ គេរង់ចាំមើលថា បើមន្ត្រីជំនាញមិនបង្ក្រាបបទល្មើស ហើយ​ថែមទាំង​បង្កើតបទល្មើសទៅវិញនោះ តើស្ថាប័នសាលាដំបូង ខេត្តកំពង់ធំចាត់វិធានការមន្ត្រី​ពុករលួយទាំងនោះយ៉ាងដូចម្តេច ៕ ហេង សូរិយា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print