លោករដ្ឋមន្ត្រី វេង សាខុន អញ្ជើញជាអធិបតីក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ និងពិនិត្យការអនុវត្តបង្ហាញគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ដែលបានប្រារព្វធ្វើឡើងនៅឃុំស្នំក្រពើ ស្រុកគងពិសី

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នៅព្រឹកថ្ងៃពុធ ១កើត ខែស្រាពណ៏ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជាអធិបតីក្នុងពិធីអន្តរាគមន៍ភ្ជួររាស់ដីជូនកសិករក្រីក្រ និងពិនិត្យការអនុវត្តបង្ហាញគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ដែលបានប្រារព្វធ្វើឡើងនៅឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

កម្មវិធីនេះមានគោលបំណងទី១-ជំរុញនិងលើកទឹកចិត្តឲ្យវិស័យឯកជនឲ្យចូលរួមអភិវឌ្ឍវិស័យកសិកម្ម ជាពិសេសលើការជំរុញយន្តូបនីកម្មកសិកម្ម ទី២-ផ្តល់ឱកាសឲ្យវិស័យឯកជនដែលមានអាជីវកម្មលក់ចែកចាយគ្រឿងយន្តកសិកម្មនិងឧបការណ៍កសិកម្ម បានចូលរួមកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋដែលខ្វះកំលាំងពលកម្មក្នុងការរៀបចំដីសម្រាប់ធ្វើការដាំដុះ ទី៣-ដាក់តាំងបង្ហាញគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មទំនើបៗទាន់សម័យមានលក្ខណៈសមស្របសម្រាប់ប្រើប្រាស់ និងទី៤-ផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធទាំងអស់បានជួបប្រជុំ ពិភាក្សាគ្នា និងស្វែងយល់រាល់ចំណុចខ្លាំង ចំណុចខ្សោយនៃការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មទាំងអស់នេះ។

ក្នុងពីធីនេះក៏មានការអញ្ជើញចូលរួមផងដែរពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត ថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ដៃគូអភិវឌ្ឍន៍ និងក្រុមហ៊ុនឯកជនយ៉ាងច្រើនផងដែរ។

លោកឈៀង តុលាប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានមតិស្វាគមន៍ និងរាយការណ៍ជូនអង្គពិធីជ្រាបដោយសង្ខេបពីស្ថានភាពការងារបង្កបង្កើនផល ជាពិសេសគម្រោងកម្មវិធីអន្តរាគមន៍ភ្ជួររាស់ដីស្រែជូនកសិករក្រីក្រសម្រាប់ឆមាសទី១ ឆ្នាំ២០១៨ សម្រេចបានចំនួន ១៤៧គ្រួសារស្នើ ៧៥ហត ហើយសកម្មភាពនេះកំពុងតែបន្ត។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់និងកោតសរសើរចំពោះថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកសិកម្ម នាយកដ្ឋានវិស្វកម្មកសិកម្ម និងវិស័យឯកជនដែលបានខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់សហការគ្នារៀបចំឲ្យមានកម្មវិធីនេះដើម្បីអន្តរាគមន៍ភ្ជួររាស់ដីស្រែជូនកសិករក្រីក្រដែលខ្វះ មធ្យោបាយកំលាំងពលកម្ម និងដោះស្រាយបញ្ហាជូនកសិករបានទាន់ពេលវាលាទទួលបានលទ្ធផលគួរជាទីមោទនៈ។

ប្រាកដណាស់ ជារឿយៗ លោកបានផ្តល់អនុសាសន៍ដល់នាយកដ្ឋានវិស្វកម្មកសិកម្មឱ្យខិតខំស្វែងរកដៃគូជាមួយវិស័យឯកជនដើម្បីសហការ ផ្តល់ការគាំទ្រទាំងធនធាន ចំណេះដឹងនិងបទពិសោធន៍ដើម្បីជួយជំរុញវិស័យកសិកម្មឲ្យមានការរីកចម្រើនតាមរយៈការប្រើប្រាស់គ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មបានសមស្រប ហើយនេះគឺជាលទ្ធផលលើកទីមួយដែលយើងទទួលបានពីការខិតខំប្រឹងប្រែងពីគ្រប់ភាគីពាក់ព័ន្ធ ហើយលោកសង្ឃឹមនិងជឿជាក់ថាកម្មវិធីនេះនឹងរីកដុះដាលទូទាំងប្រទេស។

លោកបានបញ្ជាក់ច្បាស់ថា ការចូលរួមរបស់វិស័យឯកជនក្នុងវិស័យកសិកម្មគឺមានសារៈសំខាន់និងចាំបាច់ ជាពិសេសការផ្សព្វផ្សាយ បញ្ចូលបច្ចេកវិទ្យាថ្មីៗដូចជាការប្រើគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្ម ការផលិតពូជ ជីនិងថ្នាំកសិកម្ម។

បើគ្មានធាតុចូលកសិកម្ម ទីផ្សារកសិកម្ម ខ្សែចង្វាក់ផលិតកម្មតម្លៃ និងការធ្វើពាណិជ្ជូបនីយកម្មកសិកម្មជាពិសេសគ្មានការចូលរួមគាំទ្រនិងសហការយ៉ាងសកម្មពីវិស័យឯកជន នោះយើងមិនអាចឈានទៅសម្រេចគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានដែរ។

ហេតុនេះ យើងមិនអាចមើលរំលងនិងខ្វះវិស័យឯកជននិងដៃគូអភិវឌ្ឍន៍បានទេ ព្រោះពួកគេបានចូលរួមចំណែកយ៉ាងសកម្មក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានាដែលទាក់ទងនិងការផលិត ការកែច្នៃវិចខ្ចប់និងស្វែងរកទីផ្សារនាំចេញ។

ការអភិវឌ្ឍគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មគឺជាដំណោះស្រាយមួយដ៏សមស្របចំពោះបញ្ហាកង្វះកំលាំងពលកម្ម មួយវិញទៀតការប្រើគ្រឿងយន្តកសិកម្មនិងឧបករណ៍កសិកម្មអាចជួយពង្រឹងនិងបង្កើនផលិតភាពផលិតកម្ម ធ្វើឱ្យការដាំដុះទាន់ពេលវេលា រួមជាមួយការគ្រប់គ្រងទឹក និងប្រើប្រាស់ជី បានល្អផងនោះ ប្រាកដណាស់ថាប្រជាកសិករ និងទទួលបានចំណូលខ្ពស់ ៕

ដោយ៖ ស រស្មី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print