ខេត្តត្បូងឃ្មុំ៖ ដើម្បីពង្រឹងគោលជំហរដល់សមាជិកសមាជិកាគណបក្ស ប្រជាជនកម្ពុជា ក្នុងឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំនិងដើម្បីស្វែងរកភាពឈ្នះ នៃការបោះឆ្នោតឃុំសង្កាត់និងឈានទៅឈ្នះក្នុងពេលបោះឆ្នោតសកលឆ្នាំ២០១៨ខាងមុខ ។
នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ លោក វ៉ា សារិទ្ធ សមាជិកអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា ខេត្តនិងជាប្រធានក្រុមការងារចុះជួយឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូងឃ្មុំបានជួបប្រជុំសំណេះសំណាលជាមួយសមាជិកសមាជិកាបក្សឃុំចំនួន១៥០នាក់។
លោកបានមានប្រសាសន៍ អំពីសភាពការណ៍នយោបាយក្រោយថ្ងៃបោះឆ្នោតដំណាង រាស្ត្រ ២០១៣ កន្លងមកគណបក្សប្រឆាំងតែងតែប្រើល្បិចកល ប៉ុនប៉ង ផ្តួលរំលំរាជរដ្ឋាភិបាល ស្របច្បាប់ដែលប្រសូត ចេញពីទឹកចិត្តប្រជាពលរដ្ឋសុទ្ធសាធ ។ មេបក្សប្រឆាំងបានប្រើប្រាស់ រូបភាព ដូចជាមិនទទួលស្គាល់លទ្ធផល នៃការបោះឆ្នោត និងប៉ុនប៉ងបង្កើតចលនាបដិវត្តន៍ ពណ៌ប្រើយុទ្ធវិធីអូសទាញកម្លាំង យោធាញុះញង់ជំរុញកម្មករ រោងចក្រឱ្យធ្វើបាតុកម្ម ជាបន្តបន្ទាប់ស្រែកក្តែង ៗ ដោយអគតិថា មិនព្រមចូលក្នុងសភា តែទីបំផុតព្រមចូល ហើយនៅតែបន្តការញុះញង់អំពីបញ្ហាផែនទី ព្រំដែននិងកោះត្រល់ ជាដើម ដែលបញ្ហាទាំងនេះត្រូវបាន រាជរដ្ឋាភិបាល ធ្វើរការបកស្រាយបំភ្លឺយ៉ាងហ្មត់ចត់ដោយភាពត្រឹមត្រូវ។
លោកក៏បានមានប្រសាសន៍បញ្ជាក់ថា កុំតែមានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ក៏មិនអាចមានអ្វីៗ សព្វបែបយ៉ាងដូចសព្វថ្ងៃនេះទេ ហើយក៏គ្មានវត្តមានបក្សប្រឆាំងមកធ្វើរនយោបាយ បែបញះុញុងនិងលាបពណ៍នៅប្រទេសកម្ពុជា ដែរ ដូច្នេះសូមបងប្អូនត្រូវមានជំហរ រឹងមាំជឿជាក់លើការដឹកនាំរបស់សម្តេច តេជោ ហ៊ុន សែន យើងទើប ធ្វើរឱ្យប្រទេសជាតិ មានសន្តិសុខនិងការអភិវឌ្ឍន៍ រីកចម្រើនឥតឈប់ឈរ។
ជាមួយគ្នានេះ លោកប្រធានក្រុមការងារក៏បានជំរុញឱ្យប្រធានក្រុមបក្សចូលមូលដ្ឋានភូមិឃុំត្រូវចុះចលនាជាប្រចាំជាមួយប្រជាពលរដ្ឋខិតខំកសាងកម្លាំងបក្សនិងមានសាមគ្គីភាពផ្ទៃក្នុងល្អប្រសើរ។ អាជ្ញាធរសមត្ថកិច្ចក្នុងមូលដ្ឋាន ត្រូវធ្វើអំពើល្អ ប្រចាំជាមួយប្រជាពលរដ្ឋកុំឱ្យប្រជាពលរដ្ឋមានការខ្នាន់ខ្នាក់មកលើសមត្ថកិច្ចព្យាយាមយកគំរូល្អតាមថ្នាក់ដឹកនាំមូលដ្ឋាន ណាដែលគណប្រជាជនឈ្នះឆ្នោតព្រោះអំពើល្អរបស់យើងគឺជាសន្លឹកឆ្នោត សម្រាប់គណបក្សយើង៕
ដោយ៖ វណ្ណះ