មួយឃ្លារបស់យុវតីពិការកម្សត់នៅសៀមរាប ធ្វើឲ្យអាឡាស្កូ នៅមិនស្ងៀម

ចែករំលែក៖

ភ្នំពេញ៖ យុវតីពិការមានជំងឺប្រចាំកាយគួរឲ្យអាណិតឈ្មោះម៉ែន យេន នៅស្រុកជីក្រែងខេត្តសៀមរាប បានធ្វើឲ្យអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកអាណិតអាសូរខ្លាំង។ ពាក្យថា”មិនដើមសុំទានគេទេខ្លាចបាប” បានធ្វើឲ្យតារាសម្តែង និងពិធីករ លោក អាឡាស្កូ ក្តុកក្តួលរន្ធត់ក្នុងចិត្តរហូងសម្រេចចិត្តចេញមុខស្វែងរកជំនួយសប្បុរសធម៌ជួយដល់ក្មេងស្រីរូបនេះ។

    ក្នុងវីដេអូឃ្លីបខ្លីដែលត្រូវបានសម្ភាសន៍ដោយព្រះតេជគុណមួយព្រះអង្គបានបង្ហាញវាយុវតី ម៉ែន យេន​ មានអាយុ២៨ ឆ្នាំ រស់នៅភូមិខ្លាឃ្មុំ ឃុំគោកធ្លកលើ ស្រុកជីក្រែង ខេត្តសៀមរាប។ តាមការរៀបរាប់បានបញ្ជាក់ថា នាងរស់នៅក្នុងក្រុមគ្រួសារដែលមានជីវភាពក្រីក្រ និងមានជំងឺស្វិតដៃជើង និងក្លាយជាពិការភាពតាំងពីវ័យកុមារមកម៉្លេះ ហើយនាងក៏មានជំងឺស្កាន់ប្រចាំកាយដែលត្រូវប្រើប្រាស់ថ្នាំជារៀងរាល់ខែ។ ព្រោះតែជីវភាពខ្វះខាតនាងរៀនបានត្រឹមថ្នាក់ទី៥ ហើយសម្រេចចិត្តយករបររើសអេតចាយដើម្បីចិញ្ចឹមជីវិត។  យុវតីរូបនេះបញ្ជាក់ថា នាងត្រូវធ្វើដំណើរទៅណាមកណាដោយប្រើរទេះដែលអាចធ្វើចលនាដោយប្រើប្រាស់ដៃ ហើយនាងបានធ្វើដំណើរទៅកាន់តំបន់ឆ្ងាយៗពីភូមិជាច្រើនគីឡូម៉ែត្រស្ទើរជារៀងរាល់ថ្ងៃដើម្បីរើសអេតចាយ ។

នាងថាទោះបីក្រីក្រធ្លាក់ខ្លួនពិការប៉ុន្តែនាងមិនសម្រេចចិត្តទៅសុំទានគេនោះទេព្រោះខ្លាចបាប ហើយសុខចិត្តលំបាកដោយការធ្វើដំណើរគ្រប់ច្រកល្អទាំងភ្លៀងក្តៅរងារ ដើម្បីរើសអេតចាយចិញ្ចឹមជីវិត។

    ឃើញសមភាពដ៏គួរឲ្យអាណិតអាសូរ តារាសម្តែង ចម្រៀង និងពិធីករ លោក អាឡាស្កូ បានសម្រេចចិត្តចេញមុខស្វែងរកថវិការជួយសម្រាលការលំបាករបស់ក្មេងស្រីខាងលើ។ លោកបញ្ជាក់ថា លោកធ្លាប់ទៅដល់អង្គការជនពិកាជាច្រើន ប៉ុន្តែឃើញសមភាពយុវតីម្នាក់នេះធ្វើឲ្យលោកក្តុកក្តួលជាពន់ពេកស្ទើរទប់ទឹកភ្នែកមិនបាន។ លោកថាអ្វីដែលធ្វើឲ្យលោកកាន់តែអាសូរចំពោះក្មេងស្រីរូបនេះគឺក្រោយនាងពោលពាក្យ មិនលើកដៃសុំទានគេទេគឺសុខចិត្តដើររើសអេតចាយ បានតិចតួចដើម្បីជួយខ្លួនឯងនិងគ្រួសារ។

លោកបញ្ជាក់ដែរថាលោកកាន់តែរំភើបក្រោយពីទស្សនិកជន មិត្តភ័ក្កិជាច្រើនបានគាំទ្រ និងជួយសកម្មភាពមួយនេះដែលរហូតមកដល់ពេលនេះមានសប្បុរសជនមិត្តភ័ក្កិមួយចំនួនបានផ្តល់ថវិកាតាមរយៈលោកជួយដល់យុវតីខាងលើ។ លោកថាលោកនឹងចេញដំណើរទៅកាន់លំនៅដ្ឋានយុវតីនេះដោយផ្ទាល់នៅថ្ងៃទី១៩ខែមិថុនានេះដើម្បីសួរសុខទុក្ខ និងស្វែងយល់ពីការលំបាករបស់យុវតីខាងលើ។

លោកថាពេលនេះជំនួយក្នុងដៃមានមិនក្រោម៦០០ដុល្លារអាមេរិកទេដែលលោកទទួលបាន ហើយលោកក៏ចង់ជួយបង្កើតមុខរបរមួយសមរម្យសម្រាប់យុវតីរូបនេះ ជាជាងការឲ្យនាងដើររើសសម្រាមដោយប្រឈមនឹងគ្រោះថ្នាក់ព្រោះជំងឺប្រចាំកាយ។ លោកបញ្ជាក់ដែរថា លោករំភើបនឹងទឹកចិត្តជួយរបស់សប្បុរសជន និងការលើកទឹកចិត្តរបស់ទស្សនិជនជាច្រើន ដែលវាឆ្លុះបញ្ចាំងពីទឹកចិត្តអាណិតស្រលាញ់ជួយគ្នាប្រកបដោយភាពស្និទ្ធស្នាល ហើយលោកក៏រំពឹងដែរថាប្រជាជនខ្មែរជាច្រើនទៀតក៏អាចធ្វើសកម្មភាពមនុស្សធម៌ស្រដៀងគ្នានេះដែរដើម្បីជួយដល់ប្រជាជនខ្មែរដូចគ្នាដែលជួបការលំបាក និងត្រូវការការជួយទាំងកម្លាំងចិត្ត និងថវិកានោះ៕ ដោយ វឌ្ឍនា

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print