ខេត្តសៀមរាប៖ ជនជាតិវៀតណាមប្រុសស្រីចំនួន៥នាក់(ក្នុងនោះ៤នាក់)លួចឆ្លងដែនចូលមកក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ២០១១ តាមច្រកក្អមសំណរ មកស្នាក់នៅខុសច្បាប់ក្នុងក្រុងសៀមរាប ត្រូវបាននគរបាលអន្តោប្រវេសន៍ខេត្តឃាត់ខ្លួនបញ្ជូនទៅប្រទេសវៀតណាម ។ រីឯម្នាក់ទៀតមានឯកសារគ្រប់គ្រាន់ ត្រូវបានដោះលែងវិញ ។
ក្នុងប្រត្តិបត្តិការឃាត់ខ្លួនជនជាតិវៀតណាមប្រុសស្រីចំនួន៥នាក់នេះ ក្រោមការ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលការងារអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបនិងដឹកនាំសម្របសម្រួលដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចុះស្រាវជ្រាវរុករកជនបរទេសលួចចូលស្នាក់នៅនិងបំរើការងារខុសច្បាប់នៅខេត្តសៀមរាប ដូចភ្លៀងរលឹម ។
ការចុះបង្ក្រាបរហូតឈានដល់ការឃាត់ខ្លួនជនជាតិវៀតណាមនេះធ្វើឡើងរយៈពេល២ថ្ងៃ គឺថ្ងៃទី១៣និងទី១៥ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្រុងសៀមរាប ខេត្តសៀមរាប ។
លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរះ បានប្រាប់ នៅរសៀលថ្ងៃទី១៥ខែវិច្ឆិការនេះថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ខ្ពស់ជាប្រចាំពីសំណាក់ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើឱ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ផងនោះ ។
លោកបន្តថា ជាក់ស្តែងកម្លាំងនគរបាលការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបតែងតែបានចុះធ្វើការត្រួតពិនិត្យការងារចំពោះជនបរទេសដែលលួចចូលមកស្នាក់នៅក្នុងខេត្តសៀមរាបខុសច្បាប់និងមកប្រកបរបរផ្សេងៗដោយគ្មានលិខិតស្នាមត្រឹមត្រូវ ទើប ឃាត់ខ្លួនបានជនជាតិវៀតណាមកាលពីថ្ងៃទី១៣ខែវិច្ឆិកា បានប្រុសស្រីចំនួន៥នាក់ រួចបញ្ជូនមកកាន់ការិយាល័យនគរបាលអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តដើម្បីសួរនាំ ។
លោកបានបញ្ជាក់ថា ជនជាតិវៀតណាមប្រុសស្រីចំនួន៥នាក់នោះមានទី១/ឈ្មោះ ហ្វាង យ៉ាំងសាង ភេទប្រុសអាយុ៣៧ឆ្នាំមុខរបរជាងសំណង់រស់នៅ ភូមិខ្នារ សង្កាត់ជ្រាវ លួចចូលមកប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០១១តាមច្រកក្អមសំណរទី២/ឈ្មោះ ង្វៀង យ៉ាំងធី ភេទប្រុសអាយុ២២ឆ្នាំមុខរបរនេសាទ ស្នាក់នៅភូមិទី៧ សង្កាត់ចុងឃ្នៀស លួចចូលមកប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០១០តាមច្រកត្រពាំងផ្លុងទី៣/ឈ្មោះ ហូរ វ៉ាំងវ៉ិត ភេទប្រុសអាយុ១៨ឆ្នាំមុខរបរនេសាទ ស្នាក់នៅភូមិទី៧ សង្កាត់ចុងឃ្នៀស លួចចូលមកប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០១៥តាមច្រកត្រពាំងផ្លុង ទី៤/ឈ្មោះ ង្វៀង ធីវៀង ភេទស្រីអាយុ១៩ឆ្នាំមុខរបរនេសាទ ស្នាក់នៅភូមិទី៧ សង្កាត់ចុងឃ្នៀស លួចចូលមកប្រទេសកម្ពុជាកាលពីអំឡុងឆ្នាំ២០០៤ តាមច្រកត្រពាំងផ្លុង ។
ចំណែកទី៥/មានឯកសារគ្រប់គ្រាន់ ត្រូវបានត្រឡប់ទៅផ្ទះវិញ ។ បច្ចុប្បន្នជនជាតិវៀតណាមប្រុសស្រីចំនួន៤នាក់ ត្រូវបានកម្លាំងជំនាញរបស់ការិយាល័យនគរបាលអន្តោប្រវេសន៍ខេត្តសៀមរាប បញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិការឆ្នាំ២០១៥ដើម្បីបញ្ជូនចេញពីប្រទេសកម្ពុជា ទៅប្រទេសវៀតណាមវិញ ៕
ដោយ៖ ឡាំ សុធា